ភ្នំពេញៈ របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។

លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ​ក្រសួង​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​នៃ​បែបបទ​នាំចេញ ហើយ​គ្រាប់ស្វាយចន្ទី​បាន​កែលម្អ​ស្ដង់ដា​។ លោក​បាន​បន្តថា​៖ «​យើង​មើលឃើញថា គ្រាប់ស្វាយចន្ទី​របស់​យើង​មាន​រសជាតិ និង​គុណភាព​ល្អ ដូច្នេះ​យើង​មាន​តម្រូវការ​កាន់តែ​ច្រើន​ពី​ប្រទេសក្រៅ​»​។

លោក​រំពឹងថា តម្លៃ​គ្រាប់ស្វាយចន្ទី​ត្រូវ​បាន​លក់​ប្រហែល ៥ ០០០ ឬ ៦ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ នៅ​ដើមរដូវ​ប្រមូលផល​នៅ​ឆ្នាំនេះ​។ លោក​បន្តថា​៖ «​យើង​បាន​មើលឃើញ​ទិន្នផល​គ្រាប់ស្វាយចន្ទី​កើនឡើង​ដោយសារ​តែ​ការដាំដុះ​កើនឡើង​»​។ របាយការណ៍​បាន​ពី​ក្រសួង​បង្ហាញថា ទិសដៅ​នាំចេញ​គ្រាប់ស្វាយចន្ទី​សំខាន់ៗ​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ដ្រាលី កោះ​តៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី​។

កសិករ​ក្នុង​សហគមន៍​ស្វាយចន្ទី​នៅ​ខេត្តកំពង់ធំ​បង្ហាញ​គ្រាប់​ចន្ទី​នៅ​សិប្បកម្ម​កែច្នៃ​កន្លងមក ។ ហុង មិនា

ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី គឺ ១៤៩ ៦៦០ ​ហិកតា ទូទាំងប្រទេស​។ ជិត​ ៦០ ​ភាគរយ ​ត្រូវ​បាន​ប្រមូលផល​ដែល​អាច​ផ្ដល់​ទិន្នផល​ ១១៦ ៣៤៣ ​តោន កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​តួលេខ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ក្រសួងកសិកម្ម​កម្ពុជា និង​សមាគម​ស្វាយចន្ទី​វៀតណាម (Vinacas) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) កាលពី​ឆ្នាំ​ ២០១៨ ដើម្បី​បង្កើន​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​ដល់​ ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០២៨​។ Vinacas ក៏បានផ្ដល់​ដល់​ក្រសួង​នូវ​ជំនួយ​ឥតសំណង ៦៦ ០០០ ​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​គម្រោង​ដូចគ្នានេះ​។

ប្រទេស​កម្ពុជា​អាច​ផលិត​គ្រាប់ស្វាយចន្ទី​បាន​ប្រមាណ​ ១ ​តោន ​ក្នុង​ផ្ទៃដី​ដាំដុះ​ ១ ​ហិកតា ខណៈ​វៀតណាម​អាច​ផលិត​បាន​ជាង​ ២ ​តោន​។

HEKS/EPER ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​ ស្វ៊ីស​ បាន​ប្រកាស​កាលពី​ឆ្នាំ​ ២០១៨ ​ថា ខ្លួន​បាន​ដំណើរការ​គម្រោង​រយៈពេល​ ៥ ​ឆ្នាំ ជាមួយ​នឹង​មូលនិធិ​ ៧,៨ ​លាន​ដុល្លារ សម្រាប់​គ្រាប់ស្វាយ​ចន្ទី​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​គោលដៅ​កែលម្អ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ជនបទ​។

គម្រោង​ដែល​នឹងត្រូវ​បាន​អនុវត្ត​នៅ​ចន្លោះ​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២២ ត្រូវបាន​រំពឹងថា​នឹង​បង្កើន​សន្ដិសុខ​ស្បៀងអាហារ ប្រាក់ចំណូល និង​ការគ្រប់គ្រង​ដី​សម្រាប់​សហគមន៍​ក្រីក្រ​។ គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​ ៧ គឺ​ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​ស្ទឹងត្រែង​៕ LA