ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ ៧ ២១៨២ ​តោន​ ទៅ​ទីផ្សារ​អន្តរជាតិ​ (​តំបន់​អាស៊ី​ខាងកើត​) ​នា​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​បង្ហាញថា ភាគច្រើន​នៃ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស ​ចិន និង​មួយចំនួនទៀត​ទៅ​ប្រទេស​ វៀតណាម និង​ជប៉ុន​ ដោយ​ជា​មធ្យម​ការនាំចេញ​ចេកអំបូង​លឿង​ពី​ប្រទេស​កម្ពុជា​មាន​បរិមាណ​ជាង​ ៧៩៥ តោន ​ក្នុង​ ១ ​ថ្ងៃ​។

ផ្លែ​ចេកអំបូង​លឿង​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ចិន​បាន​បង្ហាញ​នូវ​កំណើន​យ៉ាង​រហ័ស​ចាប់តាំងពី​ប្រទេស​យក្ស​ក្នុង​តំបន់​អាស៊ី​ខាងកើត​ ១ ​នេះ​យល់ព្រម​ឲ្យ​មានការ​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​ខ្លួន​កាលពី​ឆ្នាំ​ ២០១៩ ក្រោយពី​ការចរចា​អស់​រយៈពេល​យ៉ាងយូរ និង​ក្រុមហ៊ុន​របស់​ចិន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​វិនិយោគ​លើ​ការដាំដុះ​ចេកអំបូង​លឿង​លើ​ទឹកដី​កម្ពុជា​។

ក្នុង​ឆ្នាំ​កន្លងទៅ​ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​ចិន​មាន​ចំនួន ១៥៧ ៨១២ តោន​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co., Ltd ដែល​វិនិយោគ​លើ​ចម្ការចេក​ទំហំ​ ១ ០០០ ​ហិកតា​ នៅ​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ ចិន ​គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ក្រុមហ៊ុន​របស់លោក​។

លោក​បន្តថា​៖ «​បើទោះបី​ជា​ការនាំចេញ​មាន​បរិមាណ​កើនឡើង ប៉ុន្តែ​ការផ្គត់ផ្គត់​របស់​យើង​មិនទាន់​បំពេញតម្រូវការ​ទីផ្សារ​គ្រប់គ្រាន់​ទេ​។ ដូចនេះ យើង​មិន​គិត​អំពី​ការពង្រីក​ទីផ្សារ​ថ្មី​ទៅ​បណ្ដា​ប្រទេស​ផ្សេងទៀត​ទេ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​រំពឹងថា ក្រុមហ៊ុន​របស់​យើង​នឹង​មាន​ទិន្នផល​ស្រដៀង​គ្នា​កាលពី​ឆ្នាំមុន ដោយសារ​តែ​អាកាសធាតុ​ក្ដៅ និង​កង្វះ​ទឹក​»​។

ជាមួយ​ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​ដែល​រំខាន​ដល់​ការនាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅក្នុង​ពិភពលោក​ក៏ដូចជា​ប្រទេស​កម្ពុជា លោក ហ៊ុន ឡាក់ បាន​អះអាងថា ការនាំចេញ​ចេកអំបូង​លឿង​របស់លោក​នឹង​មិន​រង​ផលប៉ះពាល់​នោះទេ​។

លោក​និយាយថា​៖ «​ខ្ញុំ​យល់ថា ការផ្ទុះឡើង​និង​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​មិន​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម រួមទាំង​ផ្លែ​ចេកអំបូង​លឿង​នោះទេ​»​។

លោក ហ៊ុន ឡាក់ បាន​ឲ្យ​ដឹងថា​ផ្ទៃដី​ជាង ៤០០ ​ហិកតា​ បាន​ប្រមូលផល​កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែចេក​របស់​ក្រុមហ៊ុន​ទៅ​ប្រទេស​ ចិន សម្រេច​បាន​ជាង ១០ ០០០ ​តោន​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការដាំដុះ និង​វេចខ្ចប់​ចំនួន​ ៩ រួមមាន​ក្រុមហ៊ុន Longmate ក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co Ltd ក្រុមហ៊ុន Reen Island Agricultural Development (Cambodia) Limited ក្រុមហ៊ុន Sovann Reachsey Co Ltd និង​ក្រុមហ៊ុន Agricultural Development (Cambodia) Co Ltd​។

លោក​បន្តថា ក្រុមហ៊ុននាំចេញ​ថ្មី​ចំនួន​ ៤ ដែល​ទើបនឹង​ទទួល​បាន​សិទ្ធិ​នាំចេញ​ ៤ ​ចុងក្រោយ​ដែល​រួមមាន​ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat ក្រុមហ៊ុន Daun Penh Agrico និង​ក្រុមហ៊ុន Binhphuoc Kratie Rubber 2 ក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់នេះ​គឺ​ក្រុមហ៊ុន HAGL Agrico​។

លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​វេចខ្ចប់​ផ្លែ​ចេក​នៅ​ខេត្តរតនគិរី​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ថា ក្រសួង​កំពុង​ខិតខំ​ក្នុង​ការបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ធ្វើឲ្យ​ក្រុមហ៊ុន​កម្ពុជា​កាន់តែ​ច្រើន​អាច​ទទួលបាន​សិទ្ធិ​សម្រាប់​ការនាំចេញ​ផ្លែ​ចេក​ទៅ​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ការទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ចិន​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​កាន់តែ​ច្រើន​នាំចេញ​ផ្លែ​ចេក​នឹង​ជួយ​បង្កើន​ការនាំចេញ​ទៅ​ទីផ្សារ​ចិន​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»៕ LA