ភ្នំពេញ: កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សរុប ១ ៧៣០ ​តោន​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ជាង ៨៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មាន​ចំនួន ១០ ៩៨០ តោន ដោយសារ​តែ​ការកើនឡើង​នៃ​តម្រូវការ​ក្នុងស្រុក​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់​បាន​ចំនួន ១ ៤៩៨ តោន ធ្លាក់ចុះ​ជាង ៧៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន ៧០០០ ​តោន ខណៈ​ការនាំចេញ​ផល​នេសាទ​កែច្នៃ​មាន​បរិមាណ ២៣២ ​តោន ធ្លាក់​ចុះ​ជាង ៩៤ ​ភាគរយ​។

ទិន្នន័យ​នេះ​បានឱ្យ​ដឹងថា ការប្រមូលផល​នេសាទ​ទឹកសាប​សរុប​ក្នុង​រយៈពេល ៩ ខែ​នេះ​មាន​ចំនួន ២៥២ ៦៤៦ ​តោន ធ្លាក់ចុះ ៩៦៥ ​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ផលនេសាទ​សមុទ្រ​ប្រមូលបាន ៨៨ ៣៣០ តោន ធ្លាក់ចុះ ៣ ៦៨៤ ​តោន​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ចន្ទ​ថា ការនាំចេញ​ផល​នេសាទ​ក្នុង​អំឡុង​ពេលនេះ​ដោយសារ​តម្រូវការ​ក្នុង​ស្រុក​កើនឡើង​ស្របពេល​ទិន្នផល​នេសាទ​ថយចុះ​។ ផល​នេសាទ​កម្ពុជា​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ​។

លោក សាខុន បន្ថែមថា ក្រសួង​កំពុង​ជំរុញ​ការចិញ្ចឹម​ត្រី​តាមបែប​វារីវប្បកម្ម​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សន្តិសុខ​ស្បៀង​តាម​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន​សរុប ១១២ ​លាន​អឺរ៉ូ​សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​នៃ​កម្មវិធី​គម្រោង CaPFish-Capture និង CaPFish Aquaculture​។

លោក សំណាង សុធា ម្ចាស់​សិប្បកម្ម​កែច្នៃ​ផលិតផល​ជលផល​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​បានឱ្យ​ដឹងថា សិប្បកម្ម​របស់​លោក​ផលិត​ត្រីងៀត ផ្អក​ត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និង​ត្រីផាត់ សរុប​ជា​មធ្យម ១០០ ​តោន​ក្នុង ១ ឆ្នាំ បាន​ទិញ​ពី​កសិករ​ចិញ្ចឹម​ត្រី និង​ប្រជា​នេសាទ​មូលដ្ឋាន​។

លោក​និយាយថា​៖ «​សព្វថ្ងៃ សិប្បកម្ម​លោក​បាន​ផ្គត់ផ្គង់​ផលិតផល​ជលផល​ទាំងនេះ​ចំនួន ៥០ ​ភាគរយ​ក្នុង​ផ្សារ​ខេត្តសៀមរាប និង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ឧត្តរមានជ័យ​ចំនួន ៥០ ភាគរយ​ទៀត​ដែល​អាច​រក​ចំណូល​បានជា​មធ្យម ៥០ ០០០ ដុល្លារ​ក្នុង ១ ​ឆ្នាំ​»​។

របាយការណ៍​ក្រសួងកសិកម្ម​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២០ ការចិញ្ចឹម​ត្រី និង​បង្គា​អនុវត្ត​បាន​ជាង ២៩,៦៥ ម៉ឺន​តោន កើនឡើង ៥១ ០០០ តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕