ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ត្បូងថ្ម និង​គ្រឿងអលង្ការ​មាន​តម្លៃ​សរុប​ជាង ៤១៨ ​លាន​ដុល្លារ​​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​បាន​បង្ហាញថា ប្រទេស​ សិង្ហបុរី​ គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ ២២៦ ​លាន​ដុល្លារ ប្រទេស​ថៃ​ឈរ​នៅ​លេខ ​២ មាន​ប្រមាណ ១៦៥ ​លាន​ដុល្លារ និង​អាមេរិក​មាន​ជាង ២៣ ​លាន​ដុល្លារ​។

ចំណែក​ទិសដៅ​ផ្សេងទៀត​រួមមាន​ប្រទេស​វៀតណាម​មាន​ទឹកប្រាក់​ជាង ៣ ​លាន​ដុល្លារ បែលហ្ស៊ិក ជាង ១ ​លាន​ដុល្លារ ជប៉ុន មាន​ជាង ១១ ​ម៉ឺន​ដុល្លារ អ៊ីតាលី​ជិត​ ២ ​ម៉ឺន​ដុល្លារ និង នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជាង ១ ​ម៉ឺន​ដុល្លារ​។

របាយការណ៍​បង្ហាញ​ទៀតថា កម្ពុជា​បាន​នាំចេញ​គជ់​ធម្មជាតិ ឬ​គជ់​ចិញ្ចឹម ត្បូងថ្ម​មាន​តម្លៃ ត្បូងថ្ម​មាន​តម្លៃ​ប្រហាក់ប្រហែល​លោហធាតុ​មាន​តម្លៃ លោហធាតុ​ស្រោប​ដោយ​លោហៈ​មាន​តម្លៃ និង​គ្រឿងអលង្ការ​កាឡៃ និង​កាក់​។

ដោយឡែក​កម្ពុជា​ក៏បាន​នាំចូល​ត្បូងថ្ម និង​គ្រឿងអលង្ការ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​វិញ​ជាង ១៩៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ប្រទេស​​ ថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និង​ហុងកុង គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​របស់​កម្ពុជា ក្នុង​ចំណោម​ទិសដៅ​ ១៦ ​ប្រទេស​ផ្សេងទៀត​រួមមាន អាមេរិក ឥណ្ឌា ចិន វៀតណាម ជប៉ុន ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង និង​អ៊ីតាលី ជាដើម​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​។

អ្នកស្រី យ៉េក ហ៊ន់ ម្ចាស់ហាង ចាន់ណី​គ្រឿងអលង្ការ​នៅ​ផ្សារកណ្តាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកស្រី​បាន​នាំចូល​ប្លាទីន និង​ពេជ្រ​ពី​ទីក្រុង​ហុងកុង​ដើម្បី​កែច្នៃ​ជា​គ្រឿងអលង្ការ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​នាំចូល​គ្រឿងអលង្ការ​ពី​ទីក្រុង​ហុងកុង ហើយ​ប្លាទីន ទិញ​ក្នុង​ស្រុក​សម្រាប់​កែច្នៃ​ជា​គ្រឿងអលង្ការ ហាង​ខ្ញុំ​ផ្តោត​លើ​ការកែច្នៃ​ប្លាទីន និង​ពេជ្រ​»​។

អ្នកស្រី​បន្តថា​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ជា​សកល​បាននិង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​គ្រឿងអលង្ការ​ក្នុង​ស្រុក​យ៉ាងខ្លាំង​។

អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ទីផ្សារ​គ្រឿងអលង្ការ​ក្នុង​ស្រុក​កំពុង​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​សម្រេច​បិទ​ហាង​ជា​បណ្តោះអាសន្ន​មួយរយៈ​មកហើយ ដោយសារ​ជំងឺ​កូវីដ​១៩»​។

ទោះបី​យ៉ាងណា​តំណាង​ក្រុមហ៊ុន PAILIN JEWELRY សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ទីផ្សារ​ត្បូង និង​គ្រឿងអលង្ការ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ស្ថានភាព​ល្អប្រសើរ​ជាធម្មតា បើទោះបី​ជា​មានការរីករាលដាល​ជំងឺ​កូវីដ​១៩ ក៏ដោយ​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​ថា ទីផ្សារ​គ្រឿង​អលង្ការ​មិនមាន​អ្វី​ប៉ះពាល់​នោះទេ តម្លៃ​គ្រឿងអលង្ការ​ក៏ដូចជា​នៅ​ថេរ​ដែរ​»​។

បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំៗ​ចំនួន​ ២ ដែល​កំពុង​ដំណើរការ​រុករក​រ៉ែ​នៅ​ភាគ​ឦសាន​ប្រទេស ​កម្ពុជា​។

ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ឥណ្ឌា Mesco Gold ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​រំពឹងថា អាច​នឹង​ធ្វើការ​ចម្រាញ់​រ៉ែ​មាស​ជា​លើកដំបូង​នៅ​ឆ្នាំនេះ​។ ក្រុមហ៊ុន​បាន​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​គម្រោង​រ៉ែ​មាស​ភូមិ​ស៊ីយ៉ារុង​ក្នុង​ខេត្តរតនគិរី ប៉ុន្តែ​ការដំឡើង​ត្រូវបាន​ផ្អាក​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

Emerald Resources ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី​កំពុង​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​របស់​កម្ពុជា​នៅ​ខេត្តមណ្ឌលគិរី​ដែល​នឹង​ទាញយក​រ៉ែ​មាស​លើក​ដំបូង​នៅ​ត្រីមាស​ទី ​២ ឆ្នាំ​ ២០២១៕

វីដេអូ៖