ភ្នំពេញៈ ការនាំចេញដំឡូងមីពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកើនឡើងតិចតួចក្នុងរយៈពេល ៣ ខែ ដំបូងឆ្នាំ ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែ ដំបូងឆ្នាំ ២០២០ ការនាំចេញដំឡូងមីពីកម្ពុជាសម្រេចបាន ១ ១១៥ ៣៦៥ តោន កើនឡើងជិត ២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ១ ០៩៧ ៨០៣ តោន។
របាយការណ៍បន្តថា ផលដំឡូងមីដែលនាំចេញរួមមាន ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី ហើយត្រូវបាននាំទៅទីផ្សារប្រទេស ថៃ វៀតណាម ឥណ្ឌា ចិន និងបែលហ្ស៊ិក។
ដំឡូងមី គេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិការហូតដល់ខែកុម្ភៈក្នុងឆ្នាំនីមួយៗ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងលោក គឹម ហួត កាលពីថ្ងៃពុធបានប្រាប់ថា ការនាំចេញដំឡូងមីពីខេត្តបាត់ដំបងទៅកាន់ទីផ្សារប្រទេសថៃមិនទទួលបានលទ្ធផលល្អទេក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះ ដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ១៩។
លោកថ្លែងថា៖ «តម្លៃដំឡូងមីទាបមែនទែននៅក្នុងឆ្នាំនេះ ព្រោះមិនមានការបញ្ជាទិញពីឈ្មួញថៃដែលបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩»។
បើយោងតាមលោក ហួត ដំឡូងមីស្រស់មានតម្លៃចន្លោះពី ២៥០-២៦០ រៀលក្នុង ១ គីឡូក្រាម និងដំឡូងមីស្ងួតមានតម្លៃ ៧០០-៧២០ រៀល។
លោកបន្តថា ដំឡូងមីនៅក្នុងខេត្តបាត់ដំបងប្រហែល ៨០ ភាគរយ ត្រូវបានឈ្មួញប្រមូលទិញយកទៅប្រទេស ថៃ។
របាយការណ៍ពីមន្ទីរកសិកម្ម ខេត្តបាត់ដំបងបានឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីក្នុងខេត្តនារដូវកាលប្រមូលផលឆ្នាំ ២០១៩-២០២០ មានទំហំ ១១២ ៥៤៣ ហិកតា ដោយផ្តល់ទិន្នផលជាមធ្យម ២៦,៤៣ តោន ក្នុង ១ ហិកតា។
ការនាំចេញដំឡូងមីកម្ពុជាក្នុងឆ្នាំ ២០១៩ មានចំនួនជាង ៣,២៩ លានតោន កើន ២៧ ភាគរយ បើធៀបឆ្នាំ ២០១៨ ដែលមានចំនួន ២,៥៩ លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងកាលពីខែមករាថា កម្ពុជាបាននាំចេញផលិតផលកសិកម្មគ្រប់មុខសរុប ៦,៩ លានតោនកាលពីឆ្នាំ ២០១៩ ដោយតាមការប៉ាន់ប្រមាណមានតម្លៃប្រហែល ១,៩ ពាន់លានដុល្លារ។
យោងតាមការសិក្សារបស់អង្គការ UNDP ស្តីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមីដែលចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ការអភិវឌ្ឍក្នុងវិស័យដំឡូងមីនៅកម្ពុជាចាំបាច់ត្រូវការកញ្ចប់ថវិកាវិនិយោគសាធារណៈចំនួន ២៩៦ លានដុល្លារ ខណៈរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយជាតិសម្រាប់វិស័យដំឡូងមីក្នុងគោលបំណងជំរុញការនាំចេញទៅបរទេស៕ LA