ភ្នំពេញៈ កម្ពុជាបាននាំចេញផលនេសាទសរុប ១ ៣៧២ តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណ ៨០ ភាគរយ បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៩ ដែលមានចំនួន ៨ ៧១០ តោន។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ចំពោះការនាំចេញផលនេសាទសរុប ១ ៣៧២ តោននេះ គឺការនាំចេញផលនេសាទស្រស់មានចំនួន ១ ១៤០ តោន ធ្លាក់ចុះ ៧៩,១២ ភាគរយ ធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០១៩ ដែលមានចំនួន ៥ ៤៦០ តោន។ ចំណែកការនាំចេញផលនេសាទកែច្នៃមានចំនួន ២៣២ តោន ធ្លាក់ចុះ ៩៣ ភាគរយ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជំរុញវារីវប្បកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅដល់ការនាំចេញផលនេសាទពីកម្ពុជាទៅទីផ្សារអន្តរជាតិនៅពេលអនាគត។ លោកបន្តថា រដ្ឋាភិបាលមានផែនការជំរុញឲ្យប្រជាពលរដ្ឋចំនួនពី ៥ ទៅ ១០ ម៉ឺនគ្រួសារ ចិញ្ចឹមត្រី និងកង្កែបនៅក្នុងតង់ប្លាស្ទិកដែលរយៈពេលត្រឹម ៣ ខែអាចនឹងប្រមូលផលបាន។
លោកថ្លែងថា៖ «ខ្ញុំជឿថា តាមរយៈការខិតខំប្រឹងប្រែងនាពេលនេះ វិស័យឯកជននឹងមើលឃើញថា កម្ពុជាអាចឈានដល់ការនាំចេញផលនេសាទទៅទីផ្សារអន្តរជាតិដោយការចិញ្ចឹមសម្រាប់នាំចេញតាមបែបផែនផលិតកម្ម ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារ។ យើងត្រូវមានការកែលម្អការចិញ្ចឹម ដើម្បីឆ្លើយនឹងស្តង់ដារបស់គេស្របពេលប្រមុខរដ្ឋាភិបាលកំពុងធ្វើការកែលម្អការដឹកជញ្ជូនទំនិញ»។
ទិន្នន័យឲ្យដឹងទៀតថា សម្រាប់ផលនេសាទទឹកសាបក្នុងឆមាសទី ១ ឆ្នាំនេះ សម្រេចបាន (ដាយត្រីលក្ខណៈគ្រួសារ និងតាមវាលស្រែ) សរុបបាន ១៦៥ ២៣០ តោនកើនឡើង ១,៦២ ភាគរយធៀបនឹងឆមាសទី ១ ឆ្នាំមុន។ ចំណែកផលនេសាទសមុទ្រអនុវត្តបានចំនួន ៥៧ ១៦០ តោនកើនឡើង ១,១០ ភាគរយ។
រីឯទិន្នន័យផ្នែកវារីវប្បកម្ម (ការចិញ្ចឹមត្រី និងបង្គា) មានចំនួន ១៣៥ ៤១៥ តោន កើនឡើង ២០ ភាគរយ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផលនេសាទកម្ពុជាភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ ហើយផលនេសាទនៅកម្ពុជានឹងមានកំណើនខ្ពស់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ខណៈការធ្វើវារីវប្បកម្មកំពុងកើនឡើងនៅស្ទើរគ្រប់តំបន់ ពិសេសមាត់សមុទ្រ និងទន្លេសាប។
ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៌លោក ហេង ម៉ាទីណេ ដែលស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមានចិញ្ចឹមកន្ធាយជាង ៥០ ០០០ ក្បាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីជាទីផ្សារសត្វកន្ធាយកំពុងមានតម្រូវការទីផ្សារខ្ពស់ ប៉ុន្តែការចិញ្ចឹមនាពេលនេះបែរជាធ្លាក់ចុះទៅវិញ មូលហេតុគឺដោយសារតែមានការនាំចូលយ៉ាងច្រើនពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។
លោកបន្ត៖ «តម្លៃកន្ធាយនាំចូលទាបជាងកន្ធាយក្នុងស្រុកបានធ្វើឲ្យបរិមាណនៃការចិញ្ចឹមក្នុងស្រុកធ្លាក់ចុះជាង ៥០ ភាគរយនៅក្នុងរយៈពេលប្រហែល ២ ឆ្នាំចុងក្រោយនេះ»។
លោកអំពាវនាវឲ្យរដ្ឋាភិបាលជួយជំរុញការផលិតក្នុងស្រុក ដើម្បីបង្កើតឱកាសការងារថ្មីៗ សម្រាប់ប្រជាកសិករបង្កើនប្រាក់ចំណូល។ លោកបានប៉ាន់ប្រមាណនៅកម្ពុជាមានតម្រូវការកន្ធាយប្រមាណ ៤ តោនក្នុង ១ ថ្ងៃក្នុងនោះប្រហែល ៦០ ភាគរយត្រូវបាននាំចូលមកពីប្រទេសវៀតណាម។
លោកថា៖ «ខ្ញុំសូមសំណូមពរឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយកំពុងពេញនិយម ជាពិសេសអតិថិជនជនជាតិចិន»។
កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញផលនេសាទទៅកាន់ទីផ្សារអន្តរជាតិសរុប ១៤ ១០០ តោន ធ្លាក់ចុះ ២,២៥ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ មានចំនួន ១៤ ៥០០ តោន។
របាយការណ៍ពីរដ្ឋបាលជលផលឲ្យដឹងថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ ២០១៥-២០២៤ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្ម ២០១៦-២០៣០ កន្លងមករដ្ឋបាលជលផល សង្ឃឹមថា នៅឆ្នាំ ២០២៤ កម្ពុជាអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្មបាន ៧៤០ ០០០ តោន៕