ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១០ ៩៨០ តោន​ នៅក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រយៈពេល​ ៩ ​ខែ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់​បាន ៧ ០០០ ​តោន​ធ្លាក់ចុះ ៦០ ​តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​ការនាំចេញ​ផលនេសាទ​កែច្នៃ មាន​បរិមាណ ៣ ៩៨០ ​តោន កើនឡើង​ ១០ ​តោន​។

របាយការណ៍​បង្ហាញថា ការប្រមូល​ផលនេសាទ​ទឹកសាប​សរុប​ក្នុង​រយៈពេល​ ៩ ​ខែ​នេះ​ មាន​ចំនួន ២៦២ ៣០០ ​តោន ធ្លាក់ចុះ ១៤ ០៧០ ​តោន​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ខណៈ​ផលនេសាទ​សមុទ្រ​ប្រមូល​បាន ៨៨ ១០០ ​តោន កើនឡើង ២៥០ ​តោន​។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការនាំចេញ​ផលនេសាទ​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ក្នុង​រយៈពេល​ ៩ ​ខែ​កន្លង​មក​ គឺ​ដោយសារ​តម្រូវ​ការបរិភោគ​ក្នុងស្រុក​កើនឡើង​ស្រប​ពេល​ទិន្នផល​នេសាទ​ថយចុះ​។ លោក​ថ្លែងថា​៖ «​កំណើន​នៃ​តម្រូវការ​ក្នុងស្រុក​បាន​ធ្វើឲ្យ​ការនាំចេញ​ធ្លាក់ចុះ​តិចតួច​»​។

បើតាម​លោក ជាសាន ផលនេសាទ​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ​។

លោក​បាន​ប្រាប់ទៀត​ថា​បច្ចុប្បន្ន​ក្រសួងកសិកម្ម កំពុង​ខិតខំ​ជំរុញ និង​ទាក់ទាញ​ឲ្យ​មាន​ការវិនិយោគ​លើ​វារីវប្បកម្ម ដើម្បី​អាច​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ​។ លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​មិនទាន់​មាន​ការវិនិយោគ​លើ​វារីវប្បកម្ម​ខ្នាត​ធំៗ​ច្រើន​ទេ​»​។

កាលពី​ពេល​ថ្មីៗ​នេះ​កម្ពុជា​ទើបតែ​ទទួល​បាន​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​ក្នុង​ទឹកប្រាក់​ប្រមាណ ២៥ ​លាន​ដុល្លារ និង​ក្រសួង​កសិកម្ម​អាមេរិក ១៧ ​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​វារីវប្បកម្ម​។ នេះ​បើតាម​លោក ជាសាន​។

លោក​បន្តថា​កម្ពុជា​រំពឹងថា ផលនេសាទ​នឹង​មាន​កំណើន​ច្រើន​នៅ​ពេល​ខាងមុខ​។ ការធ្វើ​វារីវប្បកម្ម​កំពុង​កើនឡើង​នៅ​ស្ទើរ​គ្រប់​តំបន់ ពិសេស​តំបន់​មាត់សមុទ្រ និង​ទន្លេសាប​។ លោក​បញ្ជាក់​ថា​៖ «​ពេលនេះ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ទិន្នផល​នឹង​បាន​នៅ​ ២-៣ ​ឆ្នាំ​ទៀត​»​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ការចិញ្ចឹម​ត្រី និង​បង្គា​អនុវត្តបាន​ជាង ២៤,៥ ​ម៉ឺន​តោន កើន​ជាង ៤,២ ​ម៉ឺន​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ ចំណែក​ការភ្ញាស់​កូន​ត្រី​ពូជ​អនុវត្ត​បាន​ជាង ១៥៨ ​លាន​កូន​កើនឡើង​ប្រហែល ១ ​លាន​កូន​៕ LA