ភ្នំពេញ: ប្រទេសកម្ពុជា បាននាំចេញផលិតផលកសិកម្មសរុបជាង ២,៦៨ លានតោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ ដែលឆ្លុះបញ្ចាំងអំពីសញ្ញាវិជ្ជមាននៃវិស័យនេះ ទោះបីវិស័យផ្សេងៗទៀតដូចជាទេសចរណ៍ ឧស្សាហកម្ម កាត់ដេរ និងអាកាសចរណ៍ដែលទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០។
ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានបង្ហាញថា ការនាំចេញផលិតផលកសិកម្មរយៈពេល ៧ ខែ ឆ្នាំនេះកើនខ្ពស់ជាងរយៈពេល ៧ ខែ ១៩ ថ្ងៃនៃឆ្នាំ ២០១៩ ដែលមានត្រឹមតែជាង ២,៥៨ លានតោនប៉ុណ្ណោះ។
ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ការនាំចេញផ្លែស្វាយ និងដំណាប់ស្វាយមានចំនួន ៤៩ ៩៣៧ តោន គ្រាប់ស្វាយចន្ទីចំនួន ១៩៤ ៥២៥ តោន ចេកអំបូងលឿងស្រស់ចំនួន ១៦៧ ៧៥៤ តោន និងម្រេចចំនួន ៣ ៤៣០ តោន។
ការនាំចេញអង្ករមានចំនួនជាង ៤២ ម៉ឺនតោន ផលិតផលផ្សេងៗពីដំឡូងមីជាង ១,៥៥ លានតោន គ្រាប់ពោត ១៤៤ ៧២១ តោន ដូងប្រេង ៣២ ៨១០ តោន និងថ្នាំជក់ ៤ ២៨៣ តោនជាដើម។
អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន Kirirom Food Product Co., Ltd ដែលជារោងចក្រកែច្នៃផលិតផលពីផ្លែស្វាយបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ផលិតផលកសិកម្មនៅតែមានតម្រូវការទីផ្សារល្អក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រីបន្តថា ការនាំចេញដំណាប់ស្វាយរបស់ក្រុមហ៊ុនអ្នកស្រីសម្រេចបានចំនួន ១ ៤០០ តោនក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើងប្រហែល ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកស្រីនិយាយថា៖ «យើងរំពឹងថាការនាំចេញផលិតផលកែច្នៃពីផ្លែស្វាយនឹងទទួលបាន ៣ ០០០ តោនឆ្នាំនេះ»។
លោក Sebastien Lesieur អគ្គនាយកក្រុមហ៊ុន Farm Link Ltd ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗបាននិយាយថា ក្រុមហ៊ុនរបស់លោកបាននាំចេញម្រេចកំពតប្រមាណ ១០ តោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ហើយរំពឹងថាការនាំចេញម្រេចនឹងសម្រេចបានចន្លោះពី ១៧ ទៅ ២០ តោននៅឆ្នាំនេះ។
លោកអះអាងថា ប្រទេសអេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ជាទីផ្សារសំខាន់ៗរបស់ផលិតផលម្រេចកំពតនៅសហគមន៍អឺរ៉ុបនាពេលបច្ចុប្បន្ននេះ។
លោកជឿថា ផលិតផលម្រេចកំពតអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោយពីប្រទេសទាំង ២ សម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
លោកថ្លែងថា៖ «វាត្រូវការពេលវេលាដូចនៅទីផ្សារអឺរ៉ុបដែរ ដើម្បីធ្វើឲ្យផលិតផលនេះល្បីល្បាញនៅក្នុងប្រទេសចិន ប៉ុន្តែយើងជឿជាក់ថា ម្រេចកំពតនឹងមានលក់យ៉ាងទូលំទូលាយនៅតាមភោជនីយដ្ឋានល្អបំផុតនៅទីក្រុងស៊ាងហៃ និងហុងកុងនៅប៉ុន្មានឆ្នាំខាងមុខនេះ»។
កម្ពុជានាំចេញផលិតផលកសិកម្មមានតម្លៃទឹកប្រាក់ ១ ៥០០ លានដុល្លារ នៅឆ្នាំ ២០១៩ ពីជិត ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៣៕ LA