ភ្នំពេញៈ ការនាំចេញពោតក្រហមសរុបក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះប្រមាណជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣ តោនធ្លាក់ចុះ ៤១,២៣ ភាគរយពីចំនួនជាង ២០៤ ១៨៤ តោនកាលពីឆ្នាំ ២០១៨។ ពោតក្រហមត្រូវបាននាំចេញទៅកាន់ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់។
អ្នកស្រី សុខ ឡេង កសិករដាំពោតក្រហមនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បាននិយាយថា អាកាសធាតុរាំងស្ងួតបានធ្វើឲ្យទិន្នផលពោតកាលពីឆ្នាំ ២០១៩ ធ្លាក់ចុះយ៉ាងច្រើន ហើយតម្លៃក៏មិនកើនឡើងនោះទេ។ អ្នកស្រីបនុ្តថា លើផ្ទៃដីទំហំ ៧ ហិកតាការប្រមូលផលឆ្នាំ ២០១៩ សម្រេចបានទាំង ២ លើកសរុបប្រហែលជាង ១០ តោនប៉ុណ្ណោះ ខណៈរយៈពេលមុនៗមានជាង ២០ តោន។ អ្នកស្រីថ្លែងថា៖ «អ្នកដាំពោតមួយចំនួនកាលពីឆ្នាំមុនបានខាតបង់ ដោយសារតែទិន្នផលធ្លាក់ចុះច្រើន ហើយតម្លៃក៏មិនកើនឡើងដែរ»។
អ្នកស្រីបានបន្តថា បើទោះបីទិន្នផលប្រមូលបានកាលពីឆ្នាំមុនធ្លាក់ចុះក៏ដោយ ក៏អ្នកស្រីនៅតែបន្តដាំពោតជាបន្តទៀត ដោយសង្ឃឹមថានឹងទទួលបានផលល្អឡើងវិញ និងទទួលបានតម្លៃខ្ពស់ជាងមុននៅឆ្នាំនេះ។
ពោតក្រហមភាគច្រើនត្រូវបានដាំដុះតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង ប៉ៃលិន កំពង់ចាម និងត្បូងឃ្មុំជាដើម។ ពោតក្រហមភាគច្រើនត្រូវបានគេយកទៅកិនធ្វើជាចំណីសត្វ។
ម្ចាស់ឡសម្ងួតគ្រាប់ពោតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បានឲ្យដឹងថា ទិន្នផលពោតក្នុងខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៩ បានធ្លាក់ប្រមាណ ៣០ ភាគរយ ដោយសារមិនមានភ្លៀងគ្រប់គ្រាន់ និងមានដង្កូវបំផ្លាញ។ អ្នកស្រីថ្លែងថា៖ «កាលពីឆ្នាំមុនការប្រមូលទិញរបស់ខ្ញុំបានធ្លាក់ចុះប្រហែល ៣០ ភាគរយដោយមិនសូវមានអ្នកយកមកលក់ ហើយគុណភាពក៏ធ្លាក់ចុះផងដែរ»។
បើតាមអ្នកស្រី ចាន់ មួយ កាលពីឆ្នាំ ២០១៩ តម្លៃពោតក្រហមមានការប្រែប្រួលតិចតួចបើធៀបនឹងឆ្នាំ ២០១៨ ដោយពោតជាប់ស្នូលមានតម្លៃចន្លោះពី ៥៤០ ទៅ ៦៦០ រៀលក្នុង ១ គីឡូក្រាម ខណៈពោតគ្រាប់មានតម្លៃចន្លោះពី ៩៤០ រៀលទៅ ១ ០៨០ រៀល។
ទោះបីថៃអនុញ្ញាតឲ្យកម្ពុជានាំចូលតែពោតគ្រាប់ (ពន្លះរួច) ក៏ដោយ ប៉ុន្តែជាក់ស្តែងការនាំចេញពោតក្រហមពីកម្ពុជាទៅថៃភាគច្រើនជាពោតជាប់ស្នូល ដែលធ្វើឡើងតាមច្រករបៀង។ នេះបើតាមអ្នកស្រី ចាន់ មួយ។
តាមទិន្នន័យពីក្រសួងកសិកម្ម ការនាំចេញពោតក្រហមចាប់ពីឆ្នាំ ២០១៤ សម្រេចបាន ១០៦ ៦៨២ តោន ឆ្នាំ ២០១៥ បាន ៥៦ ៤២២ តោន ឆ្នាំ ២០១៦ បាន ៧០ ៤៨៧ តោន និងឆ្នាំ ២០១៧ បាន ១៦៨ ៦៨៥ តោន៕LA