ភ្នំពេញៈ កម្ពុជារំពឹងថានឹងអាចធ្វើការនាំចេញផ្លែមៀនប៉ៃលិនទៅទីផ្សារប្រទេសចិន នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខពោលគឺបន្ទាប់ពីការនាំចេញផ្លែស្វាយផ្លូវការទៅប្រទេសចិនលេចចេញជារូបរាងពិត។ នេះបើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កាលពីដើមខែមិថុនា កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីបើកផ្លូវឲ្យមានការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ចំនួន ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំ ប៉ុន្តែមកដល់ពេលនេះការនាំចេញនោះមិនទាន់កើតឡើងទេ ព្រោះសមត្ថភាព (បរិមាណផលិតក្នុង ១ ថ្ងៃ) របស់រោងចក្រសម្លាប់មេរោគលើផ្លែស្វាយនៅប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា លោក ងិន ឆាយ បាននិយាយថា ជាមួយនឹងការខិតខំ និងកិច្ចសហការល្អរវាងកម្ពុជា និងប្រទេសចិន លោកសង្ឃឹមថា ការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិននឹងអាចចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។
លោកបន្តថា ការអូសបន្លាយពេលនេះគឺដោយសារតែអាជ្ញាធរគយប្រទេសចិន តែងធ្វើការពិនិត្យលើការស្នើសុំនាំចូលផលិតផលកសិកម្មម្តង ១ មុខៗគឺទាល់តែចប់ ១ ទើបគេចាប់ផ្តើម ១ ទៀត ខណៈបច្ចុប្បន្នការនាំចេញផ្លែស្វាយពីកម្ពុជាទៅចិនមិនទាន់កើតឡើងនៅឡើយទេ ទោះបីជាមានកិច្ចព្រមព្រៀងជាមួយគ្នាហើយក៏ដោយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ក្រោយនាំចេញផ្លែស្វាយបានភ្លាម ភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹងនេះជាការប៉ាន់ស្មាន និងព្យាកររបស់យើងក្នុងដើមឆ្នាំ ២០២១ ខាងមុខដោយយើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនបាន»។
លោកបានបន្ថែមថា កម្ពុជាបានផ្ញើរបាយការណ៍វាយតម្លៃពីហានិភ័យ និងសមាសភាពចង្រៃនៅលើផ្លែមៀនប៉ៃលិន ទៅប្រទេសចិន រួចរាល់អស់ហើយ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនឯកជនមួយបានកំពុងធ្វើការវិនិយោគលើរោងចក្រសម្លាប់មេរោគ និងវេចខ្ចប់ក្នុងខេត្តប៉ៃលិនផងដែរ។
ខណៈបច្ចុប្បន្នគ្រប់ការចុះមកពិនិត្យមើលភូតគាមអនាម័យរបស់អាជ្ញាធរចិន តែធ្វើឡើងម្តង ១ ៗនោះលោក ងិន ឆាយ និយាយថា៖ «ខ្ញុំនៅមិនទាន់ហ៊ានធ្វើការវាយតម្លៃថា នៅក្រោយពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនចូលជាធរមាន តើយើងអាចស្នើសុំឲ្យគេមកពិនិត្យជាកញ្ចប់បានដែរ ឬយ៉ាងណានោះទេ»។
ក្រៅពីផ្លែមៀនប៉ៃលិន ដំណាំដែលមានសក្តានុពលសម្រាប់នាំចេញទៅកាន់ប្រទេសចិនមួយចំនួនទៀតក៏ត្រូវបានក្រសួងកសិកម្មត្រៀមបញ្ជូនទៅឲ្យភាគីចិនមកពិនិត្យដែរ ដែលមានដូចជា ម្រេច ទឹកមាត់ត្រចៀកកាំ ទុរេន ដូងក្រអូប ស្រកានាគ ខ្នុរ និងពោតក្រហម ជាដើម។
លោក ងិន ឆាយ បានបញ្ជាក់ថា៖ «បន្ទាប់ពីមៀនប៉ៃលិន យើងអាចដាក់ម្រេច និងទឹកមាត់ត្រចៀកកាំ»។
របាយការណ៍ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលដំណាំកសិកម្មជាផ្លូវការទៅក្រៅប្រទេសបានចំនួន ២,៦៨ លានតោនកើនឡើង ៩,០៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ដោយឡែកការនាំចេញទៅប្រទេសចិន មានចំនួន ២៨៦ ៧៩០ តោន។
កម្ពុជាគ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនក្នុងខែសីហានេះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីធ្វើជាសាក្សីក្នុងការចុះហត្ថលេខានេះ៕ LA