ភ្នំពេញៈ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​វៀតណាម​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​កាលពី​ឆ្នាំ ២០២០ ទោះបីជា​មាន​ការរឹតបន្តឹង​តាម​ព្រំដែន​ដោយសារ​ក្តីបារម្ភ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

យោងតាម​ទិន្នន័យ​ថ្មី​បំផុត​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​វៀតណាម ​ក្នុង​ទឹកប្រាក់​ប្រមាណ​ ៣៨៥,៧៩ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ កើនឡើង ១៤,៨៨ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ៣៣៥,៨២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩​។ ទោះជា​យ៉ាងណា​ការនាំ​ចូល​របស់​កម្ពុជា​ពី​ប្រទេស​វៀតណាម​ បាន​ធ្លាក់ចុះ ៣,១០ ​ភាគរយ​ពី​តម្លៃ​ ២,៦៣៤ ​ពាន់​លាន​ដុល្លារ​ ធៀប​នឹង ២,៧១៨ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០១៩​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ៨ ខែមីនា​ថា​ ប្រទេស​ជិតខាង​គឺជា​ទីផ្សារ​ដ៏ល្អ​បំផុត​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​។

លោក​បន្តថា បើទោះបី​ជា​មាន​ការរឹតបន្តឹង​មួយចំនួន​តាម​ព្រំដែន​កាលពី​ឆ្នាំមុន​ក៏​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ ២ ​នៅតែ​រក្សាបាន​ការបង្កើន​ការផ្លាស់ប្តូរ​ទំនិញ​ដោយបាន​ជួយ​សម្រួល​ដល់​ការដោះដូរ​ទំនិញ​ជាច្រើន​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ការនាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម​បាន​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​ការលើក​កម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ជាពិសេស​ការអភិវឌ្ឍ​ដើម្បី​ប្រជាជន​នៅតាម​ព្រំដែន​»​។

លោក​បាន​បន្ថែមទៀត​ថា​៖ «​ខ្ញុំ​ហ៊ាន​និយាយថា បណ្ដា​ប្រទេស​ជិតខាង​គឺជា​ទិសដៅ​នាំចេញ​ល្អ​បំផុត​របស់​ប្រទេស​យើង ដោយសារ​តែ​ការនាំចេញ​មាន​ភាពងាយស្រួល ពិសេស​សម្រាប់​ផលិតផល​កសិកម្ម​របស់​យើង ដូចជា ស្រូវ ពោត កៅស៊ូ សណ្ដែក​។​ល​។ ទោះបី​យើង​នាំចេញ​វត្ថុធាតុដើម​ភាគច្រើន​ទៅ​បណ្ដា​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​ល្អ​សម្រាប់​កសិករ​របស់​យើង​។ ប្រសិនបើ​យើង​មិនមាន​ប្រទេស​ថៃ និង​វៀតណាម ទិញ​ផលិតផល​កសិកម្ម​នោះ​យើង​នឹង​មាន​បញ្ហា​ជាមិនខាន ព្រោះ​យើង​នៅមាន​ការខ្វះខាត​លើ​ឃ្លាំង​ស្តុក​»​។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មាន​ការកសាង​ផ្សារ​គំរូ​ចំនួន​ ២ ​បន្ថែម​ទៀត​នៅ​ខេត្តកំពត និង​ខេត្តស្វាយរៀង​ជា​កន្លែង​ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​។ កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ «​ដា​» ​នៅ​ខេត្ត​ត្បូងឃ្មុំ រួចមកហើយ​។

លោក លឹម ហេង បាន​បញ្ជាក់ថា ផ្សារ​ជាប់​ព្រំដែន​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​។ លោក​បន្តថា​៖ «​នៅពេលនេះ​យើង​បាន​បង្កើត​ផ្សារ​គំរូ​នៅតាម​ព្រំដែន​ដូចជា នៅ​ដា ខេត្ត​ត្បូងឃ្មុំ និង​នៅ​ព្រែកចាក ខេត្តកំពត​។ ផ្សារគំរូ​ទាំងនេះ​នឹង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​យើង​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ពិត​ហើយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​គឺ​យើង​មិន​ចង់​នាំចេញ​វត្ថុធាតុដើម​ទេ ព្រោះ​យើង​ខាតបង់​តម្លៃបន្ថែម ប៉ុន្តែ​យើង​មិនអាច​រក្សា​ផលិតផល​កសិកម្ម​បាន​យូរ​ទេ ដោយសារ​យើង​មិនមាន​ឃ្លាំង​ស្ដុក​គ្រប់គ្រាន់​»​។ លោក​បន្ថែមថា​៖ «​នៅពេល​យើង​អាច​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ចូលមកក្នុង​វិស័យ​កែច្នៃ វា​នឹង​ជួយ​រួមចំណែក​កាត់បន្ថយ​ការនាំចេញ​នូវ​វត្ថុធាតុដើម​ទាំងនោះ​ជាមិនខាន​»៕ LA