
រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែង ស្ថិតក្នុងខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកបានកើនលើស ១ ពាន់លានដុល្លារលើកដំបូងសម្រាប់រយៈពេលត្រឹម ៣ ខែ ដោយសារកំណើនខ្លាំងនៃការនាំចេញផលិតផលទាក់ទងនឹងការធ្វើដំណើរ ដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក។ នេះបើតាមទិន្នន័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក។
ផលិតផលទាក់ទងនឹងការធ្វើដំណើរពីកម្ពុជាដូចជា កាបូបដៃ កាបូបយួរ ឬ វ៉ាលិសជាដើម ត្រូវបានរាប់បញ្ចូលជាផលិតផលទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក (GSP) តាំងពីខែកក្កដា ឆ្នាំ ២០១៦ ដែលចាប់ពីពេលនោះមកការនាំចេញរបស់កម្ពុជាទៅអាមេរិកមានការកើនឡើងយ៉ាងខ្លាំងជាប្រចាំឆ្នាំ។ ផលិតផលសម្លៀកបំពាក់ និងស្បែកជើងផលិតពីកម្ពុជា មិនទាន់រាប់បញ្ចូលក្នុងប្រព័ន្ធ GSP របស់អាមេរិកទេ។
តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ប្រទេស កម្ពុជា នាំចេញទំនិញទៅអាមេរិកក្នុងរយៈពេលពីខែមករា ដល់ខែមីនាឆ្នាំនេះ មានតម្លៃជាទឹកប្រាក់ ១,១២ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ ពី ៩០៣ លានដុល្លារកាលពីរយៈពេលដូចគ្នាឆ្នាំ ២០១៨។ លោក Arend C. Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលកាលពីម្សិលមិញថា អាមេរិកនៅតែជាទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជាហើយកំណើនការនាំចេញរបស់កម្ពុជា គឺដោយសារការទទួលបានអត្ថប្រយោជន៍នៃការចូលទីផ្សារដោយរួចពន្ធស្ថិតក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់អាមេរិក។
លោកបន្ថែមថា ការនាំចេញស្ថិតក្រោម GSP ដែលបាននាំមុខដោយទំនិញទាក់ទងនឹងការធ្វើដំណើរ បានកើនជាង ២ ដង ដល់ជាង ៧២០ លានដុល្លារកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ស្ថានទូតរបស់យើងបានខិតខំយ៉ាងខ្លាំង ក្នុងការធ្វើឲ្យមានទំនិញទាក់ទងនឹងការធ្វើដំណើរដាក់បញ្ចូលក្នុងបញ្ជីប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក GSP ហើយបានសម្រេចកាលពីឆ្នាំ ២០១៦។ កិច្ចការនេះបានជួយដល់ការនាំចេញរបស់កម្ពុជាគ្រាន់តែទំនិញទាក់ទងនឹងការធ្វើដំណើរតែ ១ មុខ បានកើនឡើងពីប្រហែល ៥០ លានដុល្លារ កាលពីឆ្នាំ ២០១៦ ដល់ជិត ៤០០ លានដុល្លារ កាលពីឆ្នាំមុន ព្រមទាំងទទួលបានទុនវិនិយោគរាប់លានដុល្លារ»។
លោក Arend បានបញ្ជាក់ថា មុខទំនិញនាំចេញពីកម្ពុជាទៅអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ និងស្បែកជើង ខណៈអាមេរិកនាំចេញមកកម្ពុជាភាគច្រើន រថយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។
រយៈពេល ៣ ខែដំបូងឆ្នាំ ២០១៩ នេះ ទិន្នន័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក បានកើនដល់ ១,២៤ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់អាមេរិកមកកម្ពុជាមានចំនួន ១២២ លានដុល្លារ។ ទិន្នន័យនេះបង្ហាញថា អាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយកម្ពុជាមានចំនួន ៩៩៨ លានដុល្លារ។
កាលពីឆ្នាំ ២០១៨ កម្ពុជាជាប្រទេសដែលបាននាំចេញទំនិញទៅអាមេរិកច្រើនលំដាប់ទី៥៧ ខណៈកម្ពុជាជាទីផ្សារទី១០៤ របស់អាមេរិក។ ការនាំចេញរបស់កម្ពុជាទៅអាមេរិកកាលពីឆ្នាំ ២០១៨ មានតម្លៃជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីអាមេរិកមានតម្លៃ ៤៤៧ លានដុល្លារ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា កំណើនដ៏ធំនៃការនាំចេញទំនិញទាក់ទងនឹងការធ្វើដំណើរដែលផលិតនៅកម្ពុជាទៅអាមេរិក គឺជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានកំណើនខ្លាំងនៃការនាំចេញរបស់កម្ពុជាទៅអាមេរិក។
លោក ស៊ូអៀង បញ្ជាក់ថា ទឹកប្រាក់នៃការនាំចេញផលិតផលទាក់ទងនឹងការធ្វើដំណើរបានកើនឡើងជាង ១០ ដង ពីជាង ៥០ លានដុល្លារក្នុង ១ ឆ្នាំ ដល់ជាង ៥៥០ លានដុល្លារនៅឆ្នាំ ២០១៨។ ចំនួនរោងចក្រសម្រាប់ផលិតផលិតផលនេះក៏បានកើនឡើងយ៉ាងខ្លាំង ដែលគិតមកទល់ពេលនេះមានប្រហែល ៨០ រោងចក្រ។
លោកថ្លែងថា៖ «ការនាំចេញទំនិញទាក់ទងនឹងការធ្វើដំណើរពីប្រទេស កម្ពុជា ទៅអាមេរិក នឹងបន្តកើនឡើងនៅឆ្នាំនេះ ហើយខ្ញុំគិតថា អត្រាកំណើននឹងមានយ៉ាងហោចណាស់ ៣០ ទៅ ៤០ ភាគរយ»។ លោកបន្តថា៖ «តាមរយៈលទ្ធផលនាដើមឆ្នាំនេះ ខ្ញុំគិតថា ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកនឹងបន្តកើនខ្លាំងសម្រាប់រយៈពេល ១ ឆ្នាំ ពេញ ឆ្នាំនេះ»។
ប៉ុន្តែមានប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដោយសារការបារម្ភថា អាមេរិកអាចពិនិត្យឡើងវិញកិច្ចព្រមព្រៀងប្រព័ន្ធអនុគ្រោះរបស់ខ្លួនជាមួយប្រទេស កម្ពុជា។ លោក Arend មកពីស្ថានទូតអាមេរិកបានឲ្យដឹងថា អាមេរិកនៅតែបារម្ភអំពីសិទ្ធិមនុស្សនៅកម្ពុជា និងការចុះខ្សោយស្ថាប័នប្រជាធិបតេយ្យ។ លោកបន្ថែមថា សមាជិកសភាអាមេរិក បានលើកឡើងពីការបារម្ភទាំងនេះ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ច្បាប់ដែលស្នើឡើងនេះ កំពុងត្រូវបានពិចារណាដោយសភា ដែលរួមមានបញ្ញត្តិដែលនឹងទាមទារឲ្យរដ្ឋបាលរបស់លោក ត្រាំ ត្រូវពិនិត្យឡើងវិញពីប្រព័ន្ធ GSP។ ប៉ុន្តែរដ្ឋបាលនេះមិនទាន់បញ្ជាក់ពីសំណើច្បាប់ទាំងនេះនៅឡើយទេ ហើយយើងមិនទាន់ដឹងថា តើពួកគេនឹងចាត់ចែងដូចម្ដេចទេ?»៕ LA