ភ្នំពេញ: ការនាំចេញ​ផលិតផល​នំ​ស្រួយ លីលី ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ខណៈ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ឧស្សាហកម្ម​នេះ​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry Co., LTD បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការបញ្ជាទិញ​នំ​ស្រួយ លីលី ពី​អតិថិជន​នៅក្រៅ​ប្រទេស​ចាប់ផ្តើម​មាន​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​តាំងពី​ចុងខែ​ឧសភា​។ លោកស្រី​លើកឡើង​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​បាន​នាំចេញ​ចំនួន ១ ​កុងតឺន័រ​ទៅកាន់​ទីផ្សារ​អាមេរិក ហើយ​កាលពី​សប្តាហ៍​មុន​ក៏មាន​ការនាំចេញ ១ ​កុងតឺន័រ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​កាលពី​អំឡុង​ជំងឺ​កូវីដ​​ ១៩ ​ផ្ទុះឡើង​ខ្លាំង ការនាំចេញ​បាន​ធ្លាក់​ប្រហែល ៥០ ​ភាគរយ ប៉ុន្តែ​ពេលនេះ​ការនាំចេញ​បាន​ដំណើរការ​ជាធម្មតា​វិញ​ហើយ ដោយ​ភាគច្រើន​គេ​ទិញ​ស្តុក​ទុក​នៅផ្ទះ​សម្រាប់​ជា​អាហារ​ទទួលទាន​»​។

លោកស្រី​ឲ្យ​ដឹង​ទៀតថា រោងចក្រ​ផលិត​នំ​ស្រួយ លីលី​ទាំង ២ នេះ​មាន​សមត្ថភាព​ផលិត​នំ​សរុប ៦ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។ ផលិតផល​ប្រហែល ៦៥ ​ភាគរយ​ សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងស្រុក និង ៣៥ ​ភាគរយ​ សម្រាប់​នាំចេញ​។ លោកស្រី​និយាយថា​៖ «​យើង​សង្ឃឹមថា ក្រោយ​ចប់​ជំងឺ​កូវីដ​១៩ នឹង​អាចមាន​ទីផ្សារ​ថ្មីៗ​ទៀត​»​។

បើតាម​លោកស្រី កែវ មុំ ជា​មធ្យម​ក្នុង​ ១ ​ខែ ក្រុមហ៊ុន​នាំ​ចេញ​នំ​ប្រមាណ ៣០ ​កុងតឺន័រ​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែល​រួមមាន​ប្រទេស​អូស្ត្រាលី អាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​នូវែលសេឡង់ ជាដើម​។

លោកស្រី​បញ្ជាក់ថា​៖ «​ទីផ្សារ​បរទេស​មាន​ការគាំ​ទ្រនំ​ស្រួយ​លីលី​ច្រើន ព្រោះ​ផលិតផល​យើង​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ ហើយ​វា​ត្រូវបាន​ផលិត​ចេញពី​អង្ករ​ផ្ការំដួល​។ គុណភាព​ផលិតផល​របស់​យើង​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​និយាយថា ការនាំចេញ​ពាក់ព័ន្ធ​នឹង​ផលិតផល​ចំណីអាហារ​របស់​កម្ពុជា​បាន​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​បណ្តើរៗ​ហើយ​។ លោក​ថ្លែងថា​៖ «​អ្វី​ជា​ការមើលឃើញ​របស់ខ្ញុំ គឺ​ពិតជា​មាន​សកម្មភាព​នាំចេញ​រើប​ឡើង​មែន​»៕LA