ក្រុងប៉ារីសៈ ការនាំចេញសព្វាវុធទូទៅរបស់ប្រទេសបារាំងបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារមិនមានកិច្ចព្រមព្រៀងសំខាន់ៗ ដើម្បីលក់យន្តហោះចម្បាំង Rafale ថ្មី ខណៈអតិថិជនមជ្ឈិមបូព៌ាជាថ្មីម្ដងទៀតបានធ្វើការបញ្ជាទិញភាគច្រើន។ នេះបើយោងតាមក្រសួងការពារជាតិបារាំងកាលពីថ្ងៃចន្ទ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំផ្ញើទៅសភាក្រសួងការពារជាតិបានឲ្យដឹងថា តម្លៃការនាំចេញបានធ្លាក់ចុះមកនៅត្រឹម ៦,៩ ពាន់លានអឺរ៉ូ (៨ ពាន់លានដុល្លារ) ធៀបនឹង ១៤ ពាន់លានអឺរ៉ូកាលពីឆ្នាំ ២០១៦។ កាលពីឆ្នាំ ២០១៥ ទឹកប្រាក់នាំចេញមានចំនួន ១៧ ពាន់លានអឺរ៉ូ។
ទាំង ២ ឆ្នាំនេះត្រូវបានមើលឃើញពីការបញ្ជាទិញនាំចេញដ៏ធំជាលើកដំបូងសម្រាប់យន្តហោះចម្បាំង Rafale ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ទៅប្រទេសអេហ្ស៊ីប កាតា និងឥណ្ឌា បន្ទាប់ពីរងបរាជ័យចំពោះកិច្ចខិតខំប្រឹងប្រែងមួយចំនួនក្នុងការលក់យន្តហោះនេះនៅក្រៅប្រទេសបារាំង។
ប៉ុន្តែបារាំងដែលជាប្រទេសនាំចេញអាវុធធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីអាមេរិក និងរុស្ស៊ី នឹងត្រៀមយន្តហោះចម្បាំង Rafale ១២ គ្រឿងបន្ថែមទៀត ដើម្បីលក់ឲ្យប្រទេសកាតានៅឆ្នាំនេះ។
របាយការណ៍បានឲ្យដឹងថា៖ «លទ្ធផលពីឆ្នាំ ២០១៧ ដែលមានតម្លៃ ៦,៩ ពាន់លានអឺរ៉ូគឺស្របនឹងចំនួនមធ្យមក្នុងរយៈពេលជាច្រើនឆ្នាំមុនពេលមានកិច្ចព្រមព្រៀងយន្តហោះចម្បាំង Rafale»។
ប្រភពបន្ថែមថាឧទ្ធម្ភាគចក្រ និងមីស៊ីលមានជិតពាក់កណ្ដាលនៃការបញ្ជាទិញរបស់បរទេសកាលពីឆ្នាំមុន។
ក្នុងរបាយការណ៍បានបន្តថាការបញ្ជាទិញពីអតិថិជនមជ្ឈិមបូព៌ាបានកើនឡើងដល់ ៣,៩ ពាន់លានអឺរ៉ូ ពី ១,៩ ពាន់លានអឺរ៉ូកាលពីឆ្នាំ ២០១៦ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីតម្លៃប្រេងកាន់តែទាប «ដែលបានពន្យារពេលគម្រោងទិញមួយចំនួន» ក៏ដោយ។
អង្គការមិនមែនរដ្ឋាភិបាល (NGO) និងអ្នករិះគន់ផ្សេងទៀតបានវាយប្រហារប្រទេសបារាំងពីបទផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលមជ្ឈិមបូព៌ា ជាពិសេសប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជុំវិញការគាំទ្ររបស់ពួកគេដល់កងកម្លាំងគាំទ្ររដ្ឋាភិបាលនៅប្រទេសយេម៉ែនដែលប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមហូធី។
ពលរដ្ឋយេម៉ែនប្រហែល ១០ ០០០ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ហើយក្រុមមួយចំនួនចោទប្រកាន់ក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអ៊ូឌីតចំពោះការទម្លាក់គ្រាប់បែកលើសាលារៀន មន្ទីរពេទ្យ និងការកំណត់ទិសដៅលើជនស៊ីវិលផ្សេងទៀត៕ LA