ក្រុងប៉ារីសៈ ក្រុមមន្ដ្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ការនាំចូល​ស្រា​បារាំង​ដោយ​អាមេរិក​បាន​ធ្លាក់ចុះ​ចាប់តាំងពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ហូតពន្ធ ២៥ ភាគរយ​​ លើ​អាហារ​អឺរ៉ុប​មួយចំនួន​ជា​ការប្រឆាំង​នឹង​ការឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន Airbus ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អឺរ៉ុប​។

លោក Jean-Baptiste Lemoyne អនុរដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​បារាំង​បាន​ឲ្យ​ដឹងថា ការនាំចេញ​បាន​ធ្លាក់ចុះ​តម្លៃ ៤៤ ​ភាគរយ កាលពី​ខែ​វិច្ឆិកា​ធៀប​នឹង​ខែកញ្ញា បន្ទាប់ពី​ការពិន័យ​ការនាំចូល​បាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១៨ ខែ តុលា ឆ្នាំ​មុន​។

លោក​ថ្លែងថា «​ជា​ការភ្ញាក់ផ្អើល​មួយ​» ​សម្រាប់​អ្នក​ដាំដុះ​។ លោក​បន្ថែមថា ប្រទេស​ បារាំង ​បាន​ស្នើឲ្យ​សហភាព​អឺរ៉ុប​ត្រូវ​ផ្ដល់​ការ​សងជំងឺចិត្ត​សម្រាប់​ការខាតបង់​នេះ​។ លោក​បន្ត​​ថា​៖ «​យើង​សង្ឃឹមថា នឹង​មាន​ការឆ្លើយបត​របស់​ពួកគេ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ឬ​ខែ​ខាង​មុខ​នេះ​»​។

លោក Lemoyne ដែល​កំពុង​បង្ហាញ​តួលេខ​ពាណិជ្ជកម្ម​របស់​ប្រទេស​ បារាំង​ សម្រាប់​ឆ្នាំ​ ២០១៩ មិនបាន​ផ្ដល់​តួលេខ​ជារួម​សម្រាប់​ការនាំចេញ​ស្រា​នោះទេ​។

ប៉ុន្តែ​ទិន្នន័យ​ការិយាល័យ​ស្ថិតិ​អាមេរិក (USCB) កាលពី​ខែ​មុន​បង្ហាញថា ការនាំ​ចូល​ស្រា​បារាំង​ដោយ​អាមេរិក​បាន​ធ្លាក់​ចុះមក​នៅ​តែ​ត្រឹម ៥៧,១ លាន​ដុល្លារ (៥១,៨ ​លាន​អឺរ៉ូ​) កាលពី​ខែ​វិច្ឆិកា​ធៀប​នឹង​ចំនួន ១៣០ លាន​ដុល្លារ​កាលពី​ខែ​តុលា​ជា​ពេល​ដែល​ពន្ធ​នាំចូល​បានចាប់ផ្ដើម​អនុវត្ត​។

ការនាំ​ចូល​បាន​ធ្លាក់ចុះ​ជាថ្មី​កាលពី​ខែ​ធ្នូ​មក​នៅត្រឹម ៥៥, ៧ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បាន​ចងក្រង​ដោយ​សមាគម​សេដ្ឋវិទូ​សហរដ្ឋអាមេរិក​។

សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ជា​អាទិភាព​ខ្ពស់​នៃ​របៀបវារៈ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​ស្រា និង​អ្នកធ្វើ​ទីផ្សារ​ប្រមូល​ផ្ដុំគ្នា​សម្រាប់​ពិព័រណ៍​ពាណិជ្ជកម្ម​ស្រា Vinexpo ដែល​ចាប់ផ្ដើម​ដំណើរការ​នៅ​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​ចន្ទ​នេះ​។

អាមេរិក​គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​ទី​ ២ សម្រាប់​ស្រា​បារាំង បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ និង​នាំមុខ​ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន​។

លោក Gilles Fevre អ្នកផលិត​ស្រា Chablis នៅ​តំបន់ Burgundy បាន​និយាយថា​៖ «​គ្រប់គ្នា​កំពុង​ធ្វើ​កិច្ចការ​របស់​ពួកគេ ដើម្បី​ប៉ះប៉ូវ​ដល់​ការពិន័យ​លើ​ការនាំ​ចូល​។ ក្រុមហ៊ុន​ផលិត ពាណិជ្ជករ និង​ក្រុមហ៊ុន​នាំចូល​ទាំងអស់​គ្នា​កំពុង​កាត់បន្ថយ​ប្រាក់ចំណេញ​របស់​ពួកគេ ដូច្នេះ​អតិថិជន​អាមេរិក​មិន​បាន​មើលឃើញ​ពី​ការកើនឡើង​ថ្លៃ​លើសពី ៥ ភាគរយ​នោះទេ​»៕ LA