ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​កើន​ឡើង​ជាង ១៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ធៀប​នឹង​ឆ្នាំ​ ២០១៦ ដោយ​សារ​ក្រុមហ៊ុន​នាំ​ចេញ​ព្យាយាម​បំពេញ​តាម​ការ​បញ្ជា​ទិញ​ស្ថិត​ក្រោម​កូតា​នាំ​ចូល​អង្ករ​របស់​ប្រទេស​ចិន ខណៈ​ទីផ្សារ​អឺរ៉ុប​នៅ​តែ​មាន​ស្ថិរភាព​។

លោក ច្រាយ សុន នាយករង​ក្រុមហ៊ុន Capital Food Cambodia ថ្លែងថា កំណើន​នេះ​ត្រូវ​បាន​នាំ​មុខ​ដោយ​ប្រទេស​ចិន ដោយ​សារ​តែ​ការ​ទទួល​បាន​កូតា​នាំចេញ​អង្ករ​កាន់តែ​ខ្ពស់ ប៉ុន្តែ​ទីផ្សារ​អឺរ៉ុប​នៅ​តែ​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​អង្ករ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អង្ករ​កម្ពុជា​ កាន់​តែ​ទទួល​បាន​ភាព​ពេញ​និយម ហើយ​គុណភាព​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ កំណើន​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ​គឺជា​សញ្ញា​ដ៏​ល្អ​ដែល​នាំ​ពួក​យើង​ទៅរក​ទីផ្សារ​សំខាន់ៗ ​ដូចជា ប្រទេស​ចិន និង​អឺរ៉ុប​»​។

ប្រទេស​ចិន​ដែល​បាន​យល់​ព្រម​ទិញ​អង្ករ ២០០ ០០០​ តោន​កាលពី​ឆ្នាំ​ ២០១៧ និង​កើន​ឡើងដល់ ៣០០ ០០០ ​តោន​នៅ​ឆ្នាំនេះ​បាន​ក្លាយ​ជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​អង្ករ​។

យោង​តាម​ហ្វេស​ប៊ុក​របស់​លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម កាលពី​ឆ្នាំ​មុន អង្ករ​សរុប​៦៣៥ ៦០០​តោន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​កើន​ឡើង ១៧,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦ ជា​ពេល​ដែល​អង្ករ ៥៤២ ១៤៤​តោន​ត្រូវ​បាន​នាំ​ចេញ​។

តួ​លេខ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​គម្លាត​ខុស​គ្នា​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ ដែល​បាន​មើល​ឃើញ​កំណើន ៦៧,៧៨​ភាគរយ​ធៀប​នឹង​ការ​នាំ​ចេញ​សរុប ៣៧៨ ៨០០ ​តោន​ពី​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៣​។

លោក សុន បាន​ថ្លែងថា​៖ «​ទោះបី​ជា​មាន​កំណើន​តួលេខ​នាំ​ចេញ​ក៏​ដោយ ក៏​វា​ជា​ផ្នែក​តូច​មួយ​ធៀប​នឹង​ប្រទេស​ជិត​ខាង​»​។ លោក​បាន​បន្ថែម​ថា ឧស្សាហកម្ម​អង្ករ​ត្រូវ​តែ​ផ្ដោត​បន្ថែម​ទៀត​លើ​គ្រាប់​ពូជ​មាន​គុណ​ភាព ការ​បង្កើន​ស្ដុក​អង្ករ ម៉ាស៊ីន​សម្ងួត និង​ប្រព័ន្ធ​ធារា​សាស្ដ្រ ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​នៃ​ការ​នាំ​ចេញ​អង្ករ ១​លាន​តោន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​បញ្ចេញ​កម្ចី​កាន់​តែ​ច្រើន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​សម្រាប់​ការ​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ សមត្ថភាព​នៃ​ការ​ប្រមូល​ស្រូវ​នឹង​កើន​ឡើង ហើយ​បង្កើន​ការ​នាំ​ចេញ​ផង​ដែរ​»​។

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ ( RDB) បាន​ផ្ដល់​កម្ចី​អត្រា​ការ​ប្រាក់​ទាប​រហូត​ដល់ ៣០​លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ ៣ ដើម្បី​សាងសង់ និង​ប្រតិបត្តិការ​ឃ្លាំង​ស្ដុក​ស្រូវ និង​ឡ​សម្ងួត​ស្រូវ​នៅ​ក្នុង​ខេត្ត​ចំនួន​៤ ក្នុង​គោល​បំណង​បង្កើន​ការ​ស្ដុក​ស្រូវ និង​សមត្ថភាព​សម្ងួត​។

បើ​ទោះ​បី​ជា​ការ​នាំ​ចេញ​អង្ករ​បាន​កើន​ឡើង​ក៏​ដោយ ក៏​បរិមាណ​ផល និង​តម្លៃ​ស្រូវ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​មិន​ល្អ​ឡើយ​។

លោក ស៊ុម សង ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចំរើន​ផល​រាំង​កេសី ដែល​ជា​សហករណ៍​កសិកម្ម​មួយ​ស្ថិត​ក្នុង​ឃុំ​រាំង​កេសី ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា ពេញ​មួយ​រដូវ​ដាំ​ដុះ បរិមាណ​ផល និង​តម្លៃ​ស្រូវ​មិន​ល្អ​នោះ​ទេ​ក្នុង​តំបន់​របស់​លោក ដោយ​សារ​តែ​កង្វះ​ឃ្លាំង​ស្ដុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ​។

លោក​ថ្លែង​ថា សហករណ៍​របស់​លោក​អាច​លក់​បាន​តែ​ប្រហែល ៩០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​៕ LA