ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ព្យាករ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០ នេះ​អាច​នឹង​កើន​ដល់​ជិត​ ១ ​លាន​តោន ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ ព្រោះតែ​ក្តីបារម្ភ​អំពី​ការអូសបន្លាយ​ពេល​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​ទូទាំង​ពិភពលោក​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយថា ក្នុង​ឆ្នាំ​ ២០២០ នេះ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ អាច​នឹង​កើន​ដល់​ចន្លោះ​ពី​ជាង​ ៨០ ​ម៉ឺន​ទៅជិត​ ១ ​លាន​តោន ខណ:​ត្រឹម​រយ:ពេល ៥ ​ខែ​ដំបូង​កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​ ៣៥ ​ម៉ឺន​តោន​រួចមក​ហើយ​នៅក្នុង​ចំណោម​ប្រទេស​ចំនួន​ជាង​ ៦០ ​ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា នៅ​ឆ្នាំនេះ​តាម​ការប៉ាន់ស្មាន ការនាំចេញ​អង្ករ អាច​បាន​ជិត ១ ​លាន​តោន ប្រសិន​បើតាម​សម្ទុះ​នៃ​ការកុម្ម៉ង់​ទិញ ឬ​យ៉ាងហោចណាស់​ក៏​យើង​បាន​ជាង ៨០ ​ម៉ឺន​តោន​ដែរ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ក្រុមហ៊ុន​វិនិយោគ និង​ក្រុមហ៊ុននាំចេញ​ទាំងអស់​ត្រូវខិតខំ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​រក្សា​គុណភាព និង​ស្តង់ដា​ដែល​បាន​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ទីផ្សារ​ដែលមាន​ស្រាប់ និង​ទីផ្សារ​ថ្មីៗ​។

យោងតាម​លោក ងិន ឆាយ កំណើន​នៃ​ការនាំចេញ​នេះ​ក៏មាន​ជាប់ទាក់ទង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឲ្យ​មាន​ប្រទេស​នីមួយៗ​មាន​តម្រូវការ​ស្តុកទុក​ស្បៀង​កើនឡើង​ជាង​ពេលមុន​ផងដែរ​។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​សម្រេច​បាន ៣៥៦ ០៩៧ ​តោន កើន ៤២,៣៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ក្នុង​នោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ​មាន​ចំនួន ១៣៦ ៨២៥ ​តោន ​កើនឡើង ២៥,២៦ ​ភាគរយ ​សហភាព​អឺរ៉ុប​មាន ១២២ ០១០ ​តោន​ កើនឡើង​ ៥១,១០ ​ភាគរយ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន ៤៥ ៨២៥ ​តោន​ កើន ៤៥,៣៩ ​ភាគរយ និង​គោលដៅ​ដទៃទៀត​មាន ៥១ ៤៣៧ ​តោន​ កើន ៧៩,៤០ ​ភាគរយ​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយថា ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ៥ ​ខែ​ឆ្នាំ​ ២០២០ នេះ​ពិតជា​មាន​ភាពល្អប្រសើរ​ច្រើន បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​កំណើន​នេះ​អាច​បណ្តាល​មកពី​កត្តា​ចម្បង​ចំនួន ២ ​គឺ​ការផលិត​កើន​ច្រើន​ជាង​មុន និង​ការបង្កើន​ស្តុក​ស្បៀង​បម្រុង​របស់​ប្រទេស​នីមួយៗ ដោយសារ​ក្តីបារម្ភ​ពី​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា សម្រាប់​ស្ថានភាព​តម្លៃ​ក្នុង​ឆ្នាំ​នេះ​គឺ​ល្អប្រសើរ​ជាង​ឆ្នាំមុន​។

លោក ហ៊ុន ឡាក់ បញ្ជាក់​ថា​៖ «​តាមរយៈ​ទិន្នន័យ​នាំចេញ​ក្នុង​រយៈពេល ៥​ ខែ​កន្លងមក ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹង​ស្ថិតក្នុង​ចន្លោះ​មិន​ក្រោម​ពី ៨០ ​ម៉ឺន​តោន​នោះទេ ប៉ុន្តែ​អ្វីៗ​ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ការដេញថ្លៃ​ (​ការដាក់​ថ្លៃ​) ​ផងដែរ​»​។ លោក​បន្តថា​៖ «​បើ​វា​នៅតែ​មាន​ភាពល្អប្រសើរ​ដូច​ពេលនេះ ការនាំចេញ​នឹង​សម្រេច​បាន​តាម​ការព្យាករ​»​។

យោងតាម​លោក ហ៊ុន ឡាក់ តម្លៃ​អង្ករ​នាំចេញ​របស់​កម្ពុជា​គឺ​ខ្ពស់​ជាង​អង្ករ​វៀតណាម តែ​ទាប​ជាង​តម្លៃ​អង្ករ​របស់​ប្រទេស​ថៃ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការនាំចេញ​អង្ករ​ក្នុង​រង្វង់​លើសពី ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ ខណៈ​ការផលិត​ស្រូវ​បាន​កើន​ជា​បន្តបន្ទាប់​។ លោក​បន្ថែមថា ជាមួយ​កំណើន​ការនាំចេញ​ពិសេស​អង្ករ​ក្រអូប​ប្រណីត កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ច្រើន​ពី​ការនាំចេញ​អង្ករ​ក្នុងឆ្នាំនេះ​។

លោក​បន្តថា​៖ «​ទោះយ៉ាងណា ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ទឹកប្រាក់​ដែល​ទទួល​បាន​នឹង​ប្រែប្រួល​បែបណា​នោះទេ តែ​ខ្ញុំ​រំពឹងថា នឹង​កើនលើស​ឆ្នាំមុន​»​។

តាម​លោក យ៉េង បច្ចុប្បន្ន​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ ៩២០ ​ដុល្លារ​ក្នុង​ ១ ​តោន ចំណែក​អង្ករ​ក្រអូប​ធម្មតា មានតម្លៃ ៨៣០ ​ដុល្លារ និង​អង្ករស​តម្លៃ ៥៥០ ​ដុល្លារ​។ ការនាំចេញ​អង្ករ​ប្រណីត​មាន​ប្រមាណ​ជាង​ ៨០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ពី​កម្ពុជា​។

យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រមាណ ៥០១ ​លាន​ដុល្លារ​ធ្លាក់​ចុះ ៤,៣ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨ ដែលមាន​តម្លៃ ៥២៤ លាន​ដុល្លារ​។ ចំណែក​បរិមាណ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​ ២០១៩ សម្រេចបាន ៦២០ ១០៦ ​តោន ធ្លាក់ចុះ ០,៩៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨ ដែលមាន​ចំនួន ៦២៦ ២២៥ ​តោន​៕LA