ភ្នំពេញ៖ ការ​នាំចេញ​អង្ករ​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២០​ សម្រេច​បាន​ជាង ​​៣៩ ​​ម៉ឺន​តោន​ កើន​​ជាង​ ៤១ ​​ភាគរយ​ បើ​ធៀប​នឹង​ឆមាស​ទី១ ​ឆ្នាំ​មុន​ ដោយ​​​ការ​នាំចេញ​នា​​ពេល​នេះ​ គឺ​​មាន​កំណើន​គ្រប់​ទីផ្សារ​គោលដៅ​​ទាំង​អស់​។​

របាយការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​​​ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ភូត​គាម​អនាម័យ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ ​​២០២០​ មាន​ចំនួន​សរុប​ ៣៩៧ ៦៦០ ​តោន កើន​​ឡើង ៤១ ​ភាគរយ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​មុន​ ដែល​មាន​ ​២៨១ ៥៣៨ ​តោន​។​

ក្នុង​នោះ​ការ​​​នាំ​ទៅ​​ទីផ្សារ​សហភាព​អឺរ៉ុប​​បាន​កើន​ឡើង​​ ៤៥,១៩ ​​ភាគរយ​ ប្រទេស​ចិន កើន​​ ២៥,២០ ​ភាគរយ​ តំបន់​អាស៊ាន ៤៧,៦៩ ​ភាគរយ និង​ទិសដៅ​​ផ្សេងៗ​ទៀត កើន​ ៧៩,២៦​ ភាគរយ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផលិត​ពូជ​ស្រូវ​​​សុទ្ធ​ល្អ​បាន​រួម​ចំណែក​ជំរុញ​ឲ្យ​ការ​នាំចេញ​អង្ករ​កើន​ឡើង ខណៈ​តម្រូវ​ការ​​​អង្ករ​របស់​កម្ពុជា​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​អំឡុង​​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩​​​។​ ទន្ទឹម​នឹង​នេះ ការ​ពង្រីក​ការ​នាំចេញ​ទៅ​កាន់​​ទីផ្សារ​​​ថ្មីៗ​​​ដូចជា ទីក្រុង​ហុងកុង​ និង​ប្រទេស​អូស្ត្រាលី​ ក៏​​​មាន​បរិមាណ​ច្រើន​​ផង​ដែរ​​។​

លោក​ថ្លែង​ថា៖ ​«ការ​នាំ​​​អង្ករ​កម្ពុជា​​​កើន​ឡើង​ដោយសារ​ពូជ​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា​​សុទ្ធ​ល្អ​សម​ស្រប​ទៅ​នឹង​តម្រូវ​​ការ​ទីផ្សារ​ ជា​ពិសេស​ប្រភេទ​ពូជ​ស្រូវ​ ​០១​​ ដែល​ជា​ពូជ​ថ្មី​​ក្រសួង​ទើប​នឹង​បញ្ចេញ​ទៅ​ឲ្យ​កសិករ​ ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​គុណភាព​ល្អ​នៅ​ទីផ្សារ​សហភាព​​អឺរុប ​ប្រទេស​ចិន ដូច្នេះ​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំង​នោះ​កើន​ឡើង​»។​

លោក​បន្ត​ថា៖ «​យើង​ឃើញ​ថា ​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប​មាន​ការ​បញ្ជា​ទិញ​ច្រើន​ជាង​រាល់​ឆ្នាំ ដែល​ភាគ​ច្រើន​​គេ​ទិញ​ស្តុក​​ទុក​ជា​ស្បៀង​អាហារ​នៅ​ក្នុង​អំឡុង​ពេល​មាន​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​​។ ចំណែក​ឯ​ទីផ្សារ​អង្ករ​​របស់​កម្ពុជា​នៅ​ក្នុង​​តំបន់​អាស៊ាន​ក៏​កំពុង​តែ​បន្ត​កើន​ឡើង​ផង​​ដែរ»​។​​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​​ថា បច្ចុប្បន្ន​អង្ករ​កម្ពុជា​ត្រូវ​​បាន​​នាំចេញ​​ទៅ​ប្រទេស​​​ចំនួន ៥៦ ក្នុង​ពិភព​លោក ក្នុង​នោះ​ប្រទេស​ចិន ​​និង​​សហភាព​អឺរ៉ុប​​ គឺ​​​ជា​ទីផ្សារ​ធំ​ជាង​គេ​​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) បាន​និយាយ​​​ថា ការ​នាំចេញ​អង្ករ​ក្នុង​ឆមាស​ទី​១ នេះ​មាន​​​តម្លៃ​សរុប​ប្រមាណ ​២៦៤,៥ ​​លាន​ដុល្លារ​។​​

លោក​ក៏​បាន​​ប៉ាន់​ប្រមាណ​ដែរ​ថា ការ​នាំចេញ​អង្ករ​នៅ​ក្នុង​​​ឆ្នាំ ​២០២០​ នេះ​នឹង​​អាច​ស្ថិត​ក្នុង​រង្វង់ ​៨០ ​ម៉ឺន​តោន​ ព្រោះ​តម្រូវ​ការ​ទីផ្សារ​នៅ​តែ​​​ខ្ពស់​។​​

លោក​ថ្លែងថា៖ «កត្តា​សត្យានុម័ត​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ គឺ​នៅ​តែ​មាន​កំណើន​ខ្ពស់​ដដែល​ ដោយ​ពុំ​បាន​​​ថម​ថយ​​​ទេ​ ហើយ​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា ដែល​មាន​​ដូចជា ម៉ាឡេស៊ី គឺ​នៅ​មាន​សម្ទុះ​​ដដែល​។ យើង​អាច​វាយ​តម្លៃ​​​ថា​ រហូត​ដល់​ចុង​ឆ្នាំ​នេះ ការ​នាំចេញ​ប្រហែល​ ៨០ ​ម៉ឺនតោន»។​

របាយការណ៍​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​​ថា កាល​ពី​ឆ្នាំ ​២០១៩ ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៦២០ ១០៦ តោន​ធ្លាក់​ចុះ​ ០,៩៧ ​ភាគរយ​​បើ​ធៀប​នឹង​ឆ្នាំ ​២០១៨​ ដែល​មាន​ចំនួន ៦២៦ ២២៥ តោន​។​ ក្នុង​នោះ​ប្រាក់​ទទួល​បាន​​ពី​ការ​នាំចេញ​អង្ករ​មាន​ចំនួន​ ៥០១​ លាន​ដុល្លារ​ ធ្លាក់​ចុះ​ ៤,៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន​ ៥២៤ ​លាន​ដុល្លារ​។​

លោក សុខ សុភ័ក្រ​ រដ្ឋលេខាធិការ​​នៃ​ក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​ក្រុម​ចរចា​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​(FTA) រវាង​​កម្ពុជា​ និង​ប្រទេស​​ចិន ​បាន​ថ្លែង​ថា​ នៅ​ពេល​ FTA នេះ​ចូល​ជា​ធរមាន​​វា​នឹង​រួម​ចំណែក​យ៉ាង​​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​ និង​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ និង​កសិ-ឧស្សាហកម្ម​របស់​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​ជាង​គេ​​លើ​ពិភព​លោក​ តាមរយៈ​ការ​ឯកភាព​គ្នា​លើ​ការ​បើក​ទីផ្សារ​ទំនិញ​បន្ថែម​ទៀត។​​ នេះ​បើ​យោង​តាម​លទ្ធផល​កិច្ច​ប្រជុំ​គណៈកម្មធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ស្តីពី​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ កាល​ពី​ថ្ងៃ​អង្គារ​។​

លោក​បាន​អះអាង​ថា៖​ «​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន ​នឹង​ជួយ​ពន្លឿន​ដំណើរការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំប​ន់​​ និង​សកល​លោក​ តាម​រយៈ​ការ​ពង្រីក​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​​ក្នុង​ខ្សែ​ចង្វាក់​ផលិត​កម្ម​ ក៏​ដូច​ជា​​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​​មាន​សក្តានុពល​ក្នុង​ការ​​ទាក់ទាញ​វិនិយោគិន​ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​នាំចេញ​ទំនិញ​ទៅ​កាន់​ទៅ​ទីផ្សារ​ប្រទេស​ចិន​»៕​ LA