ភ្នំពេញៈ ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២០ នេះ​សម្រេចបាន​ប្រមាណ​ជិត ៤៥ ​ម៉ឺន​តោន កើនឡើង​ជាង ៣១ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ក្នុងនោះ​ប្រភេទ​អង្ករ​ក្រអូប​មាន​ជិត ៨០ ​ភាគរយ និង​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ ៣០០ ​លាន​ដុល្លារ​។

របាយការណ៍​ផ្លូវការ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ថ្ងៃទី​ ៣១ ខែសីហា​បង្ហាញថា ក្នុង​រយៈពេល ៨ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៤៤៨ ២០៣ ​តោន កើនឡើង ៣១,០៤ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៣៤២ ០៤៥ ​តោន​។

ក្នុងនោះ​ការនាំចេញ​អង្ករ​ក្រអូប​មាន​ចំនួន ៣៥២ ៨០២ ​តោន ស្មើនឹង ៧៨,៧១ ​ភាគរយ​នៃ​ការនាំចេញ​សរុប អង្ករស​ចំនួន ៨៩ ៦៩៩ ​តោន​ស្មើ ២០,០១ ​ភាគរយ អង្ករ​ចំហុយ ៥ ៦៧៩ ​តោន​ស្មើ ១,២៧ ​ភាគរយ និង​អង្ករ​ក្រហម​មាន ២៣ ​តោន ស្មើនឹង ០,០១ ​ភាគរយ​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា មាន​ប្រទេស​ចំនួន ៥៩ បាន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ដែល​នាំមុខ​ដោយ​ប្រទេស​ចិន​មាន​ចំនួន ១៥៩ ២៥៣ ​តោន ស្មើនឹង​ចំណែក​ទីផ្សារ ៣៥,៥៣ ​ភាគរយ កើន ១៩,៧៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ សហភាព​អឺរ៉ុប មាន ១៤៩ ៨៤៨ ​តោន​ស្មើ ៣៣,៤៣ ​ភាគរយ កើន ២៤,៨១ ​ភាគរយ ប្រទេស​ជា​សមាជិក​អាស៊ាន ៦០ ៩៣៣ ​តោន ស្មើ ១៣,៥៩ ​ភាគរយ កើន ៤២,៤៩ ​ភាគរយ និង​ទិសដៅ​ផ្សេងទៀត​មាន​ចំនួន​សរុប ៧៨ ១៦៩ ​តោន ស្មើ ១៧,៤៤ ​ភាគរយ កើនឡើង ៦៨,៩២ ​ភាគរយ​។

ទោះ​យ៉ាងណា​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា សម្រាប់​ក្នុង​ខែសីហា ការនាំចេញ​អង្ករ​បាន​ធ្លាក់ចុះ ៣៤,៩៧ ​ភាគរយ​ពី​ចំនួន ៣៤ ០៣២ ​តោន​កាលពី​ខែសីហា ឆ្នាំ​ ២០១៩ មក​នៅត្រឹម ២២ ១៣០ ​តោន​ក្នុង​ខែសីហា ឆ្នាំ​ ២០២០​។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​លោក លន់ យ៉េង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បើទោះបី​ជា​បរិមាណ​សរុប​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​បាន​កើនឡើង​រហូត​ដល់​ជាង ៣០ ​ភាគរយ​ក្នុង​រយៈពេល ៨ ​ខែ​នេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ក្នុង​ខែសីហា ការនាំចេញ​បែរ​ជា​ធ្លាក់ចុះ​ច្រើន គឺ​ប្រមាណ ៣០ ០០០ ​តោន​​ បើ​ធៀប​នឹង​ការរំពឹងទុក​ពីមុន​។ លោក​បាន​បន្តថា ការធ្លាក់ចុះ​នេះ​គឺ​បណ្តាល​មកពី​កត្តា​អាកាសធាតុ​ជា​ចម្បង​។

លោក​ថ្លែងថា​៖ «​ការរាំងស្ងួត​រយៈពេល​យូរ​កាលពី​អំឡុង​ខែកក្កដា​បាន​ធ្វើឲ្យ​ស្រូវ​មួយ​ចំនួន​ត្រូវ​ខូចខាត ដែល​តម្រូវ​ឲ្យ​បាន​ការដាំដុះ​សាជាថ្មី​នៅ​កន្លែង​មួយចំនួន​»​។

កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា​ កន្លង​ទៅ ​ប្រធាន CRF លោក សុង សារ៉ន បាន​ជួប​ជាមួយ​នឹង​ប្រធាន​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ (ARDB) ​ដើម្បី​លើកសំណើ​ដល់​រដ្ឋាភិបាល​ក្នុង​ការបន្ថែម​ទំហំ​នៃ​កម្ចី​ពិសេស​មាន​ប្រាក់​ចន្លោះ​ពី​ ៨០ ​ទៅ​ ១០០ ​លាន​ដុល្លារ តាមរយៈ ARDB ដើម្បី​សម្រេច​បាន​ផែនការ​នៃ​ការនាំចេញ​ប្រហែល​ ៨០ ​ម៉ឺន​តោន​ ក្នុង​ឆ្នាំ​នេះ​។

យោង​តាម​លោក យ៉េង ក្នុង​បរិមាណ​នាំចេញ​ខាងលើ​កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ​ពី ២៩៨ ទៅ ៣០០ ​លាន​ដុល្លារ​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០១៩ ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៦២០ ១០៦ តោន​ ធ្លាក់ចុះ​ ០,៩៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៦២៦ ២២៥ តោន​។ ក្នុង​នោះ​ប្រាក់​ទទួល​បាន​ពី​ការនាំចេញ​អង្ករ​មាន​ចំនួន ៥០១ ​លាន​ដុល្លារ ​ធ្លាក់ចុះ​ ៤,៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ៥២៤ លាន​ដុល្លារ​៕ LA