ភ្នំពេញៈ ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​បាន​​បន្ត​ធ្លាក់​ចុះ​ ១,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​ដោយ​សារ​​​វិស័យ​នេះ​​នៅ​តែ​ប្រឈម​បញ្ហា​ជា​ច្រើន ​ដូច​ជា​តម្លៃ​ផលិត​ និង​ក្តី​បារម្ភ​ពី​វិធានការ​ពន្ធ​នាំចូល​របស់​សហភាព​អឺរ៉ុប​​។ ​នេះ​​បើ​តាម​អ្នក​​​នៅ​ក្នុង​វិស័យ​នេះ​។​​​

តួលេខ​បាន​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ ​៦២៦ ​២២៥ ​តោន​​កាល​ពី​ឆ្នាំ ​២០១៨ ​ធ្លាក់​ចុះ​​ ១,៥ ​ភាគរយ​ពី ​៦៣៥ ​៦៧៩ ​តោន​ធៀប​នឹង​ឆ្នាំ​ ២០១​៧​​។​

តួលេខ​នេះ​បង្ហាញ​ថា ​ទិសដៅ​សំខាន់​ៗ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​គឺ​អឺរ៉ុប ​មាន​ចំនួន​​សរុប​ ២៦៩ ​១២៧​ តោន ​និង​ចិន​មាន​ចំនួន​ ១៧០ ​១៥៤ ​តោន​។​

លោក​ ស្រី​ វុឌ្ឍី ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា ​បញ្ហា​ប្រឈម​នៅ​តែ​មាន​នៅ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ ដូច​ជា​តម្លៃ​ការ​ផលិត​ខ្ពស់ ដែល​រារាំង​​ការ​ប្រកួត​ប្រជែង​​នៅ​​លើ​ទីផ្សារ​អន្តរជាតិ​។​ ​

លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​ឃ្លាំង​ស្ដុក​​ស្រូវ​​ត្រូវ​បាន​អភិវឌ្ឍ​រួច​ហើយ​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​ក៏​ដោយ ក៏​ការ​នាំ​ចេញ​​អង្ករ​របស់​​យើង​នៅ​តែ​ធ្លាក់​ចុះ វា​មាន​​ន័យ​ថា​ បញ្ហា​ប្រឈម​នៅ​តែ​​មាន​ដែល​ធ្វើ​ឲ្យ​ការ​នាំចេញ​នៅ​តែ​​មិន​កើន​ឡើង​»​។

លោក​ ភូ ​ពុយ ​អគ្គ​នាយក​ធនាគារ​ស្រូវ ​នៅ​ខេត្ត​បាត់​ដំបង ​បាន​កត់​សម្គាល់​ថា​ ខណៈ​ក្រុមហ៊ុន​​របស់​លោក ​រក្សា​បាន​កំណើន​នាំ​ចេញ​អង្ករ ​ការ​នាំចេញ​ជា​រួម​​របស់​ប្រទេស​នេះ​នៅ​តែ​បន្ត​ធា្លក់​ចុះ​​។​​

លោក​ឲ្យ​ដឹង​ថា ​ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយ​សារ​តែ​សមត្ថភាព​នៃ​ការ​ទិញ​ស្រូវ​នៅ​តែ​មាន​កម្រិត​ ដែល​ម្ចាស់​​រោង​ម៉ាស៊ីន​​កិន​ស្រូវ​ ឬ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ​ត្រូវ​ការ​ប្រកួត​ប្រជែង​តម្លៃ​ស្រូវ​ជា​មួយ​ឈ្មួញ ​មក​ពី​ប្រទេស​​ជិត​ខាង​។

លោក​ថ្លែង​បន្ត​ថា​៖ «​បញ្ហា​ប្រឈម​សំខាន់​ៗ​សម្រាប់​​ឧស្សាហកម្ម​នេះ​ គឺ​កង្វះ​ដើមទុន​ ដែល​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​​មិន​អាច​ទិញ​ស្រូវ​ក្នុង​តម្លៃ​ខ្ពស់​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​នោះ​ទេ​»។

លោក​បន្ត​ថា​៖ «​ទោះ​​បី​ជា​យើង ​មាន​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ឃ្លាំង​ស្ដុក​ស្រូវ​ និង​ឡ​សម្ងួត​មួយ​ចំនួន​ក៏​ដោយ ​ប៉ុន្តែ​​មិន​មាន​ស្រូវ​នៅ​ក្នុង​ស្ដុក​ច្រើន​នោះ​ទេ ​វា​នឹង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​»​។​

តម្លៃ​ស្រូវ​សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ ​២០១៨-​២០១៩ ​មាន​​ចំនួន​ចន្លោះ​ពី ៩០០​ រៀល ​ទៅ ​​១​ ៣០០ ​រៀល​ ក្នុង​ ១ ​​គីឡូ​​ក្រាម ​ជា​តម្លៃ​កាន់​តែ​ប្រសើរ​សម្រាប់​កសិករ​ ធៀប​នឹង​រដូវ​ប្រមូល​ផល​​មុន​ៗ។

លោក ​ស្រី ​វុឌ្ឍី ​បាន​ឲ្យ​ដឹង​ថា ​វា​ពិបាក​ក្នុង​ការ​និយាយ​​សម្រាប់​ការ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ​ ២០​១​៩​ នេះ​​ណាស់។​ លោក​ថ្លែង​ថា​៖ «​មាន​​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​​ចាំ​បាច់​ត្រូវ​ពិភាក្សា ​និង​ត្រូវ​​ការ​ពេល​វេលា ដើម្បី​ដោះ​ស្រាយ​ ដូច​ជា​តម្លៃ​ឡូ​ជីស្ទីក ​និ​ង​​អគ្គិសនី ​ដែល​បន្ថែម​តម្លៃ​ផលិត​ និង​ពិបាក​​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ទីផ្សារ​អន្តរ​ជាតិ​»​​។​​

លោក ​វង្ស​ ប៊ុន​ហេង ​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ការ​បារម្ភ​ពី​វិធាន​ការ​ការពារ​របស់​ EU លើ​ការ​យក​ពន្ធ​​អង្ករ​ពី​កម្ពុជា ​គឺ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​​ការ​នាំ​ចេញ​អង្ករ​នៅ​ចុង​ឆ្នាំ​​។​

លោក​ថ្លែង​ថា​​៖ «​ជា​ទូទៅ​ការ​បញ្ជា​ទិញ​តែង​កើន​ឡើង​នៅ​ចុង​ឆ្នាំ ​ប៉ុន្តែ​អ្នក​ទិញ​អន្តរជាតិ​មួយ​ចំនួន ​មាន​ភាព​ស្ទាក់​ស្ទើរ​​ក្នុង​ការ​បញ្ជា​ទិញ ​នៅ​ពេល​ពួក​គេ​បាន​ឮ​អំពី​ការ​អនុវត្ត​ការ​ការពារ​របស់ EU »។​

លោក​បន្តថា​៖ «​តម្រូវ​ការ​អង្ករ​របស់​យើង​គឺ​នៅ​មាន​ ប៉ុន្តែ​ជម្រើស​របស់​អ្នក​ទិញ​​ត្រូវ​បាន​កម្រិត​​ដើម្បី​ស្វែង​រក​​​ប្រាក់​ចំណេញ​»។​

លោក ​ច័ន្ទ​ សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​បាន​ឲ្យ​ដឹង​ថា ​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា​អាច​នឹង​ងាក​ទៅ​លក្ខខណ្ឌ​មិន​ល្អ​។​ ​

លោក​បញ្ជាក់​ថា​៖ «​​ខ្ញុំ​គិត​ថា ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ​នឹង​​មាន​ការ​ពិបាក ​ដោយ​សារ​កង្វះ​​សមត្ថភាព​​ប្រកួត​​ប្រជែង​​ក្នុង​វិស័យ​នេះ​មុន​ពេល​ប្រមូល​ផល​​ ជា​ពិសេស​​បើ​វា​ស្ថិត​ក្នុង​ប្រធាន​បទ​ពន្ធ​នាំចូល​របស់​​ EU។​ លោក​បន្ត​ថា​៖«​កសិករ​នឹ​ង​​ត្រូវ​តែ​ពឹង​ផ្អែក​លើ​អ្នក​ទិញ​ស្រូវ​ពី​ប្រទេស​ជិត​ខាង​»៕​LA