ក្រុងប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចូល និងនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកាលពីខែកញ្ញា ដោយសារតែពន្ធនាំចូលអាមេរិក និងការធ្លាក់ចុះតម្រូវការក្នុងស្រុក និងក្រៅប្រទេសបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មក្នុងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទី ២ របស់ពិភពលោកមួយនេះ។
សម្រាប់ទូទាំងពិភពលោក ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះ ៣,២ ភាគរយ កាលពីខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានធ្លាក់ចុះ ៨,៥ ភាគរយ។ នេះបើយោងតាមទិន្នន័យបានពីរដ្ឋបាលគយ។
តួលេខទាំងនេះមានស្ថានភាពអាក្រក់ជាងការព្យាកររបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលប៉ាន់ប្រមាណថា ការនាំចេញនឹងធ្លាក់ចុះ ២,៨ ភាគរយ ហើយការនាំចូលធ្លាក់ចុះ ៦ ភាគរយ។
នៅពេលនេះអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់ប្រទេស ចិន បន្ទាប់ពីសហភាពអឺរ៉ុប និងប្លុកពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយការនាំចូលពីអាមេរិកនៅខែកញ្ញាធ្លាក់ចុះ ២៦,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសចិនបានសន្យាថានឹងបង្កើនការទិញផលិតផលកសិកម្មអាមេរិកក្នុងកិច្ចព្រមព្រៀងរវាងអាមេរិក និងចិនដែលសម្រេចបានដោយផ្នែកដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន។ កិច្ចព្រមព្រៀងនេះរួមមានទាំងការការពារសម្រាប់កម្មសិទ្ធិបញ្ញា និងការបើកចំហទីផ្សារហិរញ្ញវត្ថុផងដែរ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាការបំបែកភាពទាល់ច្រកដ៏សំខាន់មួយ។
ប៉ុន្តែក្រុមអ្នកវិភាគបានប្រាប់ AFP ថា កិច្ចព្រមព្រៀងនេះអាចត្រឹមតែផ្ដល់ការពន្យារពេលដល់ការដកហូតពន្ធនាំចូលជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយសារវាកង្វះភាពជាក់លាក់ និងទុកបញ្ហាដ៏ស្មុគស្មាញជាច្រើនឲ្យនៅសេសសល់ ដូចជាការឧបត្ថម្ភធនរដ្ឋមិនស្មើភាពដល់ក្រុមហ៊ុនចិនជាដើម។
រហូតមកដល់ពេលនេះភាគីទាំង ២ បានហូតពន្ធនាំចូលពិន័យលើទំនិញនៃពាណិជ្ជកម្មទ្វេភាគីតម្លៃជាង ៣៦០ ពាន់លានដុល្លារ៕ LA