ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Ba-nk) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋបានបញ្ចេញឥណទានសរុបចំនួន ៦៣,៤៤ លានដុល្លារសម្រាប់ផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យមគិតត្រឹមចុងខែកក្កដានេះ។
លោក តាន់ បេងគង់ អគ្គនាយកធនាគារ SME Bank បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា គិតត្រឹមថ្ងៃទី ២៨ ខែកក្កដាគម្រោងសហហិរញ្ញប្បទាននេះទទួលបានពាក្យស្នើសុំឥណទានសរុប ១៧៥ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាដែលមានទឹកប្រាក់សរុប ២១,៤៤ លានដុល្លារ។ ក្នុងនោះធនាគារ SME Bank បានសម្រេចអនុម័តប្រាក់កម្ចីចំនួន ១៩,៧៥ លានដុល្លារ (១៦៨ ពាក្យស្នើសុំ)។
លោកបានបន្តថា សំណើកម្ចីដែលបានអនុម័តទាំងនេះបានមកពីប្រភេទអាជីវកម្មដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ ព្រមទាំងកម្មន្តសាលដែលផលិតនូវគ្រឿងផ្គុំសម្រាប់ផ្គត់ផ្គង់កម្មន្តសាលផ្សេងទៀត ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
លោកថ្លែងថា៖ «យើងជឿថាទឹកប្រាក់ ១០០ លានដុល្លារក្នុងគម្រោងនេះនឹងត្រូវប្រើអស់នៅត្រឹមចុងឆ្នាំនេះ»។
មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់ ១០០ លានដុល្លារដែលជាសហហិរញ្ញប្បទានបដិភាគស្មើគ្នារវាង SME bank ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៣៣ រួមមាន ធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេស ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២។
សហគ្រាសធុនតូច និងមធ្យមអាចខ្ចីប្រាក់ចំនួន ២០ ម៉ឺនដុល្លារសម្រាប់ទុនបង្វិល និង ៣០ ម៉ឺនដុល្លារ សម្រាប់ទុនវិនិយោគដែលមានអត្រាការប្រាក់អតិបរមា ៧ ភាគរយក្នុង ១ ឆ្នាំ និងមានរយៈពេលសងត្រឡប់ក្នុងរយៈពេល ៧ ឆ្នាំ។
ចំណែកលោក កៅ ថាច អគ្គនាយកធនាគារ ARDB បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ARDB ទទួលបានពាក្យស្នើសុំឥណទានបន្តកើនឡើងរហូតដល់ ៤៣០ មានទឹកប្រាក់សរុបចំនួន ៤២ លានដុល្លារក្នុងនោះ ឥណទានដែលបានអនុម័តចំនួនជាង ១១,៣៧ លានដុល្លារ។
លោកបន្ថែមថា៖ «សំណើសុំឥណទានភាគច្រើនពីអ្នកប្រកបរបរចិញ្ចឹមជ្រូក ត្រី មាន់ ទា គោ រួមទាំងអ្នកដាំបន្លែផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម។ យើងសង្ឃឹមថាឥណទាននឹងត្រូវបញ្ចេញអស់នៅចុងឆ្នាំនេះ»។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីខែមុនបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចធ្វើការបញ្ចុះអត្រាការប្រាក់ពី ៦ ភាគរយមកនៅ ៥ ភាគរយក្នុង ១ ឆ្នាំសម្រាប់ទុនបង្វិល និងពី ៦,៥ មក ៥,៥ ភាគរយសម្រាប់ទុនវិនិយោគដោយមិនគិតកម្រៃសេវាផ្សេងៗ។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋាភិបាលក៏បានសម្រេចកែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ ទៅ ៧ ឆ្នាំសម្រាប់ទុនវិនិយោគ ខណៈរក្សាទុករយៈពេលខ្លីអតិបរមា ២ ឆ្នាំសម្រាប់ទុនបង្វិល។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា ការផ្តល់កម្ចីឲ្យសហគ្រាសធុនតូច និងមធ្យម គឺជាវិធានការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលក៏បានត្រៀមថវិកា ៥០០ លានដុល្លារទៀតសម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមក្នុងដំណាក់កាលទី ២ ដោយប្រាក់ ៣០០ លានដុល្លារសម្រាប់ផ្តល់ហិរញ្ញប្បទាន និង ២០០ លានដុល្លារសម្រាប់គម្រោងធានាឥណទាន។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាទំហំហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសយើងឲ្យមានចីរភាពក្នុងអំឡុងពេលមានវិបត្តិសុខភាពនេះ ហើយត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ស្ទុះងើបឡើងវិញនៅពេលវិបត្តិនេះចប់»៕ LA