ក្រុងវ៉ាស៊ីនតោនៈ មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​កាត់បន្ថយ​ពន្ធ​នាពេល​ថ្មីៗ​នេះ​អាច​ជះឥទ្ធិពល​ល្អ​ដល់​សេដ្ឋកិច្ច​ខ្លាំង​ជាង​ការ​រំពឹងទុក​ក្នុង​រយៈពេល​ខ្លី​មាន​ន័យ​ថា ការ​ដំឡើង​អត្រា​ការប្រាក់​ជា​បន្ត​ទំនង​ជា​ត្រូវ​ធ្វើ​ឡើង​។ នេះ​បើ​យោង​តាម​កំណត់ហេតុ​ប្រជុំ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

តែ​កំណត់​ហេតុ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ការ​ខ្វែង​គំនិត​គ្នា​របស់​គណៈកម្មាធិការ​បង្កើត​គោលនយោបាយ​របស់​ធនាគារ​កណ្តាល​នេះ ដោយ​មន្ត្រី​មួយ​ចំនួន​លើក​ឡើង​ថា​ធនាគារ​កណ្តាល​អាច​អត់ធ្មត់​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់​កម្ចី​។ នេះ​បើ​យោង​តាម​កំណត់ហេតុ​ប្រជុំ​កាលពី​ថ្ងៃ​ទី ៣០ និង ៣១ ខែ​មករា​។

ធនាគារ​កណ្តាល​អាមេរិក​ពុំ​បាន​ដំឡើង​អត្រា​ការប្រាក់​នោះ​ទេ​ក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មុន និង​បាន​បង្ហាញ​ថា​ការ​ដំឡើង​អត្រា​ការប្រាក់​ ៣ ​លើក​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី នោះ​គឺជា​ការ​លើកឡើង​មុន​ពេល​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការងារ​កាលពី​ខែ​មករា​ដែល​មាន​ភាព​ល្អប្រសើរ ដែល​បាន​ជំរុញ​ទីផ្សារ​ឲ្យ​មាន​ក្តីបារម្ភ​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ត្រូវ​ដំឡើង​អត្រា​ការប្រាក់​កាន់តែ​ឆាប់​រហ័ស​ដើម្បី​ទប់ស្កាត់​អតិផរណា​។

សេដ្ឋវិទូ​ជាច្រើន​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​អត្រា​ការប្រាក់​ ៤ ​ដង​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​។

ភាសា​ក្នុង​កំណត់ហេតុ​ប្រជុំ​នេះ​បាន​ជំរុញ​ទីផ្សារ​ជាថ្មី​ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street បាន​ធ្លាក់​ថ្លៃ បន្ទាប់ពី​របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​។

អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ទីផ្សារ​បើក​ចំហ​របស់​រដ្ឋាភិបាល​សហព័ន្ធ (FOMC) បាន​លើក​ឡើង​ថា ការ​កាត់បន្ថយ​ពន្ធ និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ល្អប្រសើរ​គឺជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ឆ្នាំ​នេះ ហើយ​សេដ្ឋវិទូ​ជាច្រើន​បាន​ដំឡើង​ការ​ព្យាករ​របស់​ខ្លួន ទន្ទឹម​នឹង​នោះ​ដែរ​ក៏​បាន​បង្ហាញ​ពី​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ថា ផលប៉ះពាល់​នៃ​ការ​កាត់បន្ថយ​ពន្ធ​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ​។

សមាជិក​មួយ​ចំនួន​បញ្ជាក់​ថា​៖ «​ផលប៉ះពាល់​នៃ​ការ​កាត់បន្ថយ​ពន្ធ​ដែល​អនុម័ត​នាពេល​ថ្មីៗ​នេះ បើ​ទោះ​ជា​នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ក៏ដោយ ក៏​អាច​នឹង​មាន​ភាព​ជំរុញ​ដល់​សេដ្ឋកិច្ច​ខ្លាំង​ជាង​ការ​រំពឹង​ទុក​ផង​ដែរ​ក្នុង​រយៈពេល​ខ្លី​»​។

ជា​លទ្ធផល «​ចក្ខុវិស័យ​កាន់​តែ​ខ្ពស់​ចំពោះ​កំណើន​សេដ្ឋកិច្ច​បាន​បង្កើន​លទ្ធភាព​ថា​ការ​លើក​កម្ពស់​គោលនយោបាយ​នាពេល​ខាង​មុខ​ជា​បណ្តើរៗ​បន្ត​ទៀត​នឹង​ក្លាយ​ជា​កត្តា​សមស្រប​»៕ BP