ភ្នំពេញៈ ការបិទ​ព្រំដែន​គោក​ទាំងអស់​រវាង​កម្ពុជា និង​ថៃ​នឹង​មិន​ជះ​ឥទ្ធិពល​អ្វី​ខ្លាំង​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ប្រទេស​ថៃ​ទេ តែ​វា​អាច​ប៉ះពាល់​ខ្លាំង​សម្រាប់​ទំនិញ​នាំចូល​មួយចំនួន​ពី​ប្រទេស​ ថៃ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​។

ក្រោម​ហេតុផល​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ អាជ្ញាធរ​ថៃ​បានប្រកាស​បិទ​ច្រក​ឆ្លងកាត់​ព្រំដែន​ទាំងអស់​ជាមួយ​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​ ១៨ ខែ​មីនា​ មក​ដោយ​ច្រក​ចុងក្រោយ​ត្រូវ​បាន​ប្រកាស​បិទ​កាលពី​ថ្ងៃ​ម្សិលមិញ ដូចជា​ច្រក​អន្តរជាតិ​ភ្នំ​ដី ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ​ជាដើម​។

ដោយឡែក​ចំពោះ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ភាគី​ថៃ​បាន​ស្នើសុំ​បិទ​រយៈពេល ១៤ ​ថ្ងៃ​ដូចគ្នា ប៉ុន្តែ​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ចេញ-ចូល​ធម្មតា​ដោយ​តម្រូវ​ឲ្យ​មាន​អ្នកបើកបរ​តែ​ម្នាក់​គត់​។ ចំពោះ​មធ្យោបាយ​ផ្សេងៗ​ដូចជា​រថយន្ត​លក្ខណៈ​គ្រួសារ ម៉ូតូ រទេះរុញ កម្មករ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ រ៉ុងក្លឿ មិន​អនុញ្ញាត​ឲ្យ​ចេញ-ចូល​ឡើយ​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបិទច្រក​ព្រំដែន​នា​អំឡុង​ពេលនេះ​នឹង​មិនសូវ​មាន​ផលប៉ះពាល់​ខ្លាំង​សម្រាប់​ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង​ទេ ព្រោះ​ការប្រមូល​ផល​កសិផល​ទាំងអស់​ជិត​ផុត​អស់​ទៅហើយ​។ លោក​បន្តថា ជាមួយ​គ្នា​នេះ​ព័ត៌មាន​ពី​ការបិទ​នៅ​ច្រកព្រំដែន​មួយចំនួន​ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​ ១៨ ខែមីនា​បាន​ធ្វើឲ្យ​ប្រជាកសិករ​ពន្យារពេល​ការប្រមូលផល​របស់​ពួកគាត់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​មិនមាន​បញ្ហា​សម្រាប់​កសិផល​កម្ពុជា​ដែល​ត្រូវ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​ទេ តែ​អ្វី​ដែលជា​បញ្ហា​គឺ​ការ​នាំចូល​ផលិតផល​ (​អាហារ​) ​ពី​ថៃ​មក​កម្ពុជា​ដែល​អាច​កើនឡើង​តម្លៃ​ខ្ពស់ជាង​មុន ព្រោះ​ការដឹកជញ្ជូន​អាច​ត្រូវ​ចំណាយ​ខ្ពស់ជាង​មុន​»​។ ទោះយ៉ាងណា​លោក​ជឿ​ថា ការបិទ​នេះ​អាច​នឹង​មិនមាន​រយៈពេល​យូរ​ទេ​។

លោកស្រី ឈុន សេរីរ័ត្ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់​បាន​និយាយថា ដោយសារ​ខេត្តពោធិ៍សាត់​មាន​ច្រកព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​តែ ១ ​ច្រក​ (​ច្រក​ថ្មដារ​) ដែល​មិនមែន​ជា​ច្រក​អន្តរជាតិ​នោះ ដូច្នេះ​សកម្មភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​គឺ​មិន​មាន​ទ្រង់ទ្រាយ​ធំ​ឡើយ ដោយ​ភាគច្រើន​ជាការ​ដោះដូរ​ដោយផ្ទាល់​រវាង​ប្រជាជន និង​ប្រជាជន​តែប៉ុណ្ណោះ​។

លោកស្រី​ថ្លែងថា​៖ «​បើ​និយាយ​ទៅ​វា​អាចមាន​ផលប៉ះពាល់​តិចតួច​ដែរ​ចំពោះ​ប្រជាជន​រស់នៅ​តាម​ព្រំដែន​ដែល​តែង​យក​ផលិតផល​គាត់​ដាំដុះ​បាន​ទៅ​លក់​នៅ​ថៃ និង​ទិញ​ផលិតផល​ពី​ថៃ​មកប្រើប្រាស់​ក្នុង​គ្រួសារ​»​។

លោក ប៊ុក ឡាយជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា លោក​មិនទាន់​អាច​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ថៃ​បានទេ ខណៈ​ពេល​នេះ​លោក និង​ក្រុមការងារ​កំពុង​ទៅពិនិត្យ​តាម​ច្រកព្រំដែន​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការបិទ​ព្រំដែន​ភ្លាមៗ​នេះ​។

លោក​បន្តថា សម្រាប់​ពេលនេះ​វា​មិនទាន់​មាន​បញ្ហា​អ្វី​នោះទេ​។ លោក​បន្តថា​៖ «​ខ្ញុំ​មិនទាន់​អាច​វាយតម្លៃ​បានទេ​នៅពេល​នេះ​ដោយ​ត្រូវ​រង់ចាំ​រយៈពេល​ ១ ​សប្តាហ៍​សិន​»​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កោះកុង​លោក អ៊ុក សារិទ្ធ បាន​លើកឡើង​ថា បើទោះបី​ជា​ការបិទច្រក​ព្រំដែន​ទើបតែ​ចាប់ផ្តើម​តែ​លោក​គិតថា​នឹងមិន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ច្រើន​ទេ​សម្រាប់​កម្ពុជា​។ លោក​បន្តថា​៖ «​ផលប៉ះពាល់​នៅ​មិនទាន់​មាន​ទេ តែ​យើង​ត្រូវ​រង់​ចាំមើល​បន្តិចទៀត​សិន​»​។

លោក​បន្តថា បើ​ការបិទ​នេះ​រយៈពេល​វែង វា​នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន​តាមរយៈ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ទ្រទ្រង់​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សម្ភារ​សំណង់​ជាដើម​។

កម្ពុជា ថៃ បាន​សន្យាថា​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ១៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ បាន​ឲ្យ​ដឹងថា ជារួម​ការបិទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ពេល​នេះ​មិនមាន​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ទេ ព្រោះ​ការបិទ​ព្រំដែន​ពេលនេះ​គឺ​អនុវត្ត​សម្រាប់តែ​ការធ្វើ​ដំណើរ​របស់​មនុស្ស​តែប៉ុណ្ណោះ ចំណែក​ការផ្លាស់ប្តូរ​ទំនិញ​គឺ​មាន​ការសម្របសម្រួល​ឲ្យ​មាន​ដំណើរការ​ជាធម្មតា​។ លោក​និយាយថា​៖ «​យើង​នឹង​មើល​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ប្រសិនបើ​មាន​បញ្ហា តែ​ពេល​នេះ​គឺ​មិនមាន​បញ្ហា​អ្វី​នោះទេ​»​។

លោក​បន្តថា ទោះយ៉ាងណា​ខណៈ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​សុទ្ធតែ​កំពុង​រង​នូវ​ផល​អវិជ្ជមាន​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។

របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ សម្រេច​បាន​ទឹកប្រាក់​ជាង ៩,៤១ ​ពាន់​លាន​ដុល្លារ កើនឡើង ១២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៨,៣៨ ​ពាន់​លាន​ដុល្លារ​។

ការនាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​មាន​តម្លៃ ៧,១៤ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៦ ​ភាគរយ ពី ៧,៦១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ និង​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ថៃ​មាន​ជាង ២,២ ​ពាន់​លាន​ដុល្លារ​ កើនឡើង ១៩៥ ​ភាគរយ ​ពី​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន​ ៧៦៨ ​លាន​ដុល្លារ​។

កម្ពុជា​នាំចេញ​ទៅ​ថៃ​ភាគច្រើន​ជា​កសិផល​កសិកម្ម​ដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈ​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ​មាន​ដូចជា គ្រឿងចក្រ ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារ​សំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង និង​សម្ភារ​​ប្រើប្រាស់​ក្នុងផ្ទះ​៕LA