
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងទិវាប្រាក់រៀល ខួបលើកទី៣៩។ ហុង មិនា
ភ្នំពេញៈ ការជំរុញឲ្យប្រើប្រាស់ប្រាក់រៀលបានកាន់តែទូលំទូលាយនឹងរួមចំណែកយ៉ាងច្រើនក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានដំណើរទៅមុខកាន់តែលឿនបន្ថែមទៀត ខណៈពេលនេះប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ចជាតិមានប្រមាណ ១៧ ភាគរយ។
តាមការធ្វើអង្កេតរួមគ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយ JICA ចាប់តាំងពីឆ្នាំ ២០១៤ មកបានឲ្យដឹងថា ប្រាក់រៀលជារូបិយវត្ថុដែលប្រជាជននៅគ្រប់ទីកន្លែងនិយមប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ហើយនិន្នាការប្រើប្រាក់រៀលក៏បានកើនជាលំដាប់។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងទិវាប្រាក់រៀល ខួបលើកទី៣៩ នៃការដាក់ឲ្យដំណើរការប្រាក់រៀលឡើងវិញ កាលពីម្សិលមិញបានរំឭកថា បន្ទាប់ពីត្រូវបានលុបបំបាត់មួយរយៈ ប្រាក់រៀលបានបង្កើតឡើងវិញក្នុងស្ថានភាពដែលប្រទេសខ្វះខាតទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកទេស។
លោកស្រីថ្លែងថា៖ «ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រជាជនបានប្រើវត្ថុមានតម្លៃដូចជា មាស សម្ភារនានា និងអង្ករជាមធ្យោបាយដោះដូរ។ ចំណែកនៅក្នុងទសវត្សរ៍ ១៩៩០ វត្តមានរបស់ប្រាក់ដុល្លារដែលហូរចូលមកកម្ពុជាតាមរយៈអ៊ុនតាក់ បានធ្វើឲ្យដុល្លារូបនីយកម្មកើតមានឡើងក្នុងសេដ្ឋកិច្ចកម្ពុជា ដោយបានកើនឡើងជាលំដាប់រហូតដល់ចុងទសវត្សរ៍ឆ្នាំ ២០០០ ដែលកម្រិតដុល្លារូបនីយកម្មមានស្ថិរភាពក្នុងរង្វង់ប្រមាណ ៨៣ ភាគរយ រហូតមកដល់ពេលបច្ចុប្បន្ន»។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា ប្រជាជនខ្មែរគឺជាតួអង្គសំខាន់ក្នុងការជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀល ដើម្បីអាចឈានទៅសម្រេចបានតាមផែនការរបស់ធនាគារជាតិនៃកម្ពុជា។
លោក បូរាណ បញ្ជាក់ថា៖ «ដើម្បីឲ្យការប្រើប្រាស់ប្រាក់រៀលមានកាន់តែច្រើន គឺទាមទារឲ្យប្រជាជនខ្មែរ និងម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចូលរួម ព្រោះបើពួកគាត់មិនចូលរួម ទោះជាវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុខិតខំជំរុញយ៉ាងណា ក៏មិនអាចសម្រេចបានអ្វីទៅតាមការកំណត់របស់ធនាគារជាតិនៃកម្ពុជាដែរ»៕