ភ្នំពេញៈ កំណើន​នៃ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​បាន​ធ្វើឱ្យ​ការប្រើប្រាស់​គោ ក្របី ជា​កម្លាំង​អូសទាញ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ធ្លាក់​មក​នៅក្រោម​ ១ ​ភាគរយ​តែប៉ុណ្ណោះ ក្នុង​ឆ្នាំ​ ២០២០ ដែល​និន្នាការ​នេះ​នឹង​បន្ត​កើតមាន​បន្ថែមទៀត​នាពេល​អនាគត​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា ការប្រើប្រាស់​គោ ក្របី ក្នុង​ផលិតកម្ម​កសិកម្ម​បាន​ថយចុះ​ជា​រៀងរាល់​ឆ្នាំ​ជាក់ស្តែង​ភាគរយ​នៃ​ការប្រើប្រាស់​គោ ក្របី សម្រាប់​ភ្ជួរ​រាស់​ដី​កសិកម្ម​បាន​ធ្លាក់ចុះ​ពី​ចំនួន ២,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ មក​នៅ ១,១៦ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩ និង​បន្ត​ធ្លាក់​មក​នៅក្រោម ១ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ឱ្យដឹងទៀតថា គិត​ត្រឹម​ឆ្នាំ​ ២០២០ កម្ពុជា​មាន​កម្លាំង​អូសទាញ​ (​គោ ក្របី​) ​សរុប ០,៦៥ ​លាន​ក្បាល បើ​ធៀប​ឆ្នាំ​ ២០១៩ ថយចុះ ៩,៦ ​ភាគរយ​។ ចំណែក​ចំនួន​គោ ក្របី​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣,២៧ ​លាន​ក្បាល​ (​គោ​ ២,៨៥ ​លាន​ក្បាល និង​ក្របី ០,៤២ ​លាន​ក្បាល​) ភាគច្រើន​ត្រូវបាន​គេ​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​សាច់​លើ​ទីផ្សារ​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នា​ថ្ងៃទី​ ២២ ខែមីនា​ថា កំណើន​សេដ្ឋកិច្ច និង​ភាពសម្បូរ​នៃ​គ្រឿងយន្ត​កសិកម្ម​បាន​ធ្វើឱ្យ​ការប្រើប្រាស់​គោ ក្របី​ជា​កម្លាំង​អូសទាញ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ការប្រើប្រាស់​កម្លាំង​គោ ក្របី​ក្នុង​វិស័យ​កសិកម្ម​នៅពេល​នេះ​មាន​តិចជាង​ ១ ​ភាគរយ​។

លោក​បន្តថា យន្តូបនីយកម្ម គឺជា​មូលហេតុ​ចម្បង​ធ្វើឱ្យ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​មាន​កាន់តែច្រើន ដែល​ការណ៍​នេះ​គឺ​កើត​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ការប្រើប្រាស់​គោ ក្របី ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​នៅសល់​មិន​ដល់ ១ ​ភាគរយ​ទេ ដោយសារ​មាន​គ្រួសារ​កសិករ​តិចតួច​បំផុត​ដែល​នៅ​ប្រើប្រាស់​វា​លើដី​កសិកម្ម​ខ្លួន​ (​ស្រែ ចម្ការ​តូចៗ និង​នៅ​ឆ្ងាយៗ​)»​។

ទោះយ៉ាងណា​លោក​បាន​ប្រាប់ថា ចំនួន​នៃ​ការចិញ្ចឹម​គោ ក្របី​នៅ​ទូទាំង​ប្រទេស​គឺ​មាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ គ្រាន់តែ​មិន​កើន​ខ្ពស់​ដូច​ការចិញ្ចឹម​ជ្រូក និង​មាន់ ទា​នោះ​ទេ ព្រោះ​ការចិញ្ចឹម​គោ ក្របី ត្រូវការ​ពេល​យូរ ហើយ​ការចិញ្ចឹម​ទាំងអស់​គឺ​ដើម្បី​យក​សាច់​លក់​តែ​ប៉ុណ្ណោះ​។

លោក​ប្រាប់ទៀតថា និន្នាការ​នៃ​ការធ្លាក់ចុះ​នឹង​កើនឡើង​បន្ថែមទៀត​នៅពេល​អនាគត​។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ដែល​នាំចូល​រថយន្ត និង​គ្រឿងចក្រ​កសិកម្ម​ធុន​ធ្ងន់​ (​ត្រាក់ទ័រ Jonh Deere) បាន​ប្រាប់ថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​ការនាំ​ចូល​ត្រាក់ទ័រ Jonh Deere ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៩ ប៉ុន្តែ​សម្រាប់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ការនាំ​ចូល​បាន​កើនឡើង​វិញ​ជា​បន្តបន្ទាប់​។

លោក​បន្ថែមទៀតថា ចំនួន​នៃ​ការប្រើប្រាស់​ត្រាក់ទ័រ​នៅក្នុង​វិស័យ​កសិកម្ម​នឹង​បន្ត​កើន​ថែមទៀត ដោយពេល​នេះ​កសិកម្ម​ស្ទើរ​ទាំងអស់​បាន​នាំគ្នា​ឈប់​ប្រើគោ ក្របី​ហើយ​។ សូម្បី​គ្រឿងយន្ត​ធុន​តូច​ (​គោយន្ត​) ក៏​មិន​ត្រូវបាន​កសិករ​យក​ទៅប្រើ​សម្រាប់​ភ្ជួរស្រែ​ទៀត​ដែរ ព្រោះ​វា​ត្រូវ​ចំណាយពេល​យូរ​។

លោក​អះអាង​ថា​៖ «​ទោះ​មិនទាន់​ចប់​ត្រីមាស​ទី​ ១ ប៉ុន្តែ​យើង​ដឹងថា ការ​នាំចូល​ត្រាក់ទ័រ Jonh Deere របស់​ក្រុមហ៊ុន RMA Cambodia នឹងមាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៣០ ​ភាគរយ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០»​។

ក្រសួងកសិកម្ម​បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា​ បាន​នាំចេញ​ផលិតផល​ដំណាំ​កសិឧស្សាហកម្ម​ចំនួន ៦ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ជាង​ ៨,៥៥ លាន​តោន​ ស្មើនឹង​ជាង ២,៣២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។ ផលិតផល​ទាំងនោះ​រួមមាន ដំឡូងមី ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែ​ចេក​ស្រស់ មៀន​ប៉ៃលិន និង​ម្រេច​៕ LA