ក្រុងប៉ារីសៈ ពិភពលោក​កំពុង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​រហូត​ដល់​ជាង ១០០ ពាន់​លាន​តោន​​ ក្នុង​ ១ ​ឆ្នាំ​ ជា​លើកដំបូង​មិន​ធ្លាប់មាន ខណៈ​ដែល​ការកែច្នៃ​វត្ថុធាតុដើម​ឡើងវិញ​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

របាយការណ៍ Circularity Gap Report 2020 បាន​រកឃើញថា ចំណែក​នៃ​សារធាតុ​រ៉ែ ឥន្ធនៈផូស៊ីល លោហធាតុ និង​ជីវម៉ាស់​ដែល​ផ្គត់ផ្គង់​សេដ្ឋកិច្ចពិភពលោក​ដែល​ត្រូវបាន​ប្រើប្រាស់​ជាថ្មី​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ២ ​ឆ្នាំ ពី ៩,១ ​ភាគរយ ​មក​នៅត្រឹម ៨,៦ នៅពេល​បច្ចុប្បន្ន​។

លោក Marc​ de Wit នាយក​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ Circle Economy និង​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​នៃ​របាយការណ៍​នេះ​បាន​ថ្លែងថា​៖ «​មិនមាន​ប្រទេស​ណាមួយ​កំពុង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​របស់​ខ្លួន​នោះទេ ខណៈ​កំពុង​ប្រតិបត្តិការ​ក្នុង​ផែនដី​របស់​យើង​»​។

ធនធាន​ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​បាន​កើនឡើង​ជាង ៨ ​ភាគរយ​គ្រាន់តែ​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​ពី​ចំនួន ៩៣ ពាន់​លាន​តោន​កាលពី​ឆ្នាំ​ ២០១៥ ដល់​ ១០០,៦ ​ពាន់​លាន​កាលពី​ឆ្នាំ​ ២០១៧ ដែលជា​ឆ្នាំ​ចុងក្រោយ​ដែល​ទិន្នន័យ​អាច​រកបាន​។

ចាប់តាំងពី​ឆ្នាំ​ ១៩៧០ ចំនួន​ប្រជាជន​បាន​កើនឡើង​ ២ ​ដង សេដ្ឋកិច្ច​ពិភពលោក​បាន​កើនឡើង ៤ ​ដង និង​ពាណិជ្ជកម្ម​បាន​កើនឡើង ១០​ ដង​ជា​ផ្លូវ​មួយ​ដែល​ជំរុញ​កំណើន​តម្រូវ​ការមិន​ឈប់ឈរ​នូវ​ថាមពល និង​ធនធាន​ក្នុង​គ្រា​ដែល​អវត្តមាន​ការរីក​ចម្រើន​នៃ​ការកែច្នៃ​ឡើងវិញ ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ធនធាន​ទាំងនេះ​នៅលើ​ពិភពលោក​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ខ្លាំង​ពី​ចំនួន ១៧០ ដល់ ១៨៤ ​ពាន់​លាន​តោន​ត្រឹម​ពាក់កណ្ដាល​សតវត្សរ៍​នេះ​។

ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ដើម្បី​លើក​កម្ពស់​កម្រិតជីវភាព​រស់នៅ ជាពិសេស​នៅក្នុង​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ខណៈ​ដែល​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ផ្ដល់​ទឹកស្អាត ខ្យល់ និង​ដី ពិភពលោក​ត្រូវតែ​បង្កើន​យ៉ាង​ខ្លាំង​នូវ​ចំណែក​ធនធាន​ធម្មជាតិ​ដែល​កែច្នៃ​ឡើងវិញ​។

ក្រុម​អ្នកនិពន្ធ​កត់សម្គាល់​ថា ប្រទេស​អ្នកមាន​ប្រើប្រាស់​ធនធាន ១០ ​ដង ​ច្រើនជាង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​មនុស្ស​ម្នាក់ៗ និង​ផលិត​កាកសំណល់​កាន់តែ​ច្រើន​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា បណ្ដា​ប្រទេស​អ្នកមាន​ត្រូវតែ​ «​ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​ដោយសារ​តែ​ការនាំចូល និង​ការនាំចេញ​របស់​ពួកគេ​។ របាយការណ៍​នេះ​កត់សម្គាល់​ថា ភាគច្រើន​នៃ​អ្វីដែល​ពួកគេ​ប្រើប្រាស់​បាន​មកពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ខណៈ​ដែល​កាកសំណល់​ភាគច្រើន​របស់​ពួកគេ​ត្រូវបាន​នាំចេញ​។

របាយការណ៍​នេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា អត្រា​ការកែច្នៃ​ឡើងវិញ​មាន​កម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​កាន់តែ​ក្រីក្រ ខណៈ​ដែល​កាកសំណល់​អាច «​ផ្ដល់​ជា​ប្រភព​មានតម្លៃ​នៃ​ប្រាក់ចំណូល​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ​»​។

របាយការណ៍​នេះ​បន្តថា​៖ «​ឧទាហរណ៍​ចិន​មាន​សួន​អេកូឧស្សាហកម្ម​ឈានមុខ​គេ ដែល​កាកសំណល់​អាជីវកម្ម​ក្លាយជា​វត្ថុធាតុដើម​សម្រាប់​ប្រទេស​ផ្សេងទៀត​»៕ LA