ភ្នំពេញៈ ការប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា (Fintech) នៅមាន​អត្រា​ទាប​នៅឡើយ បើទោះបី​វា​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ​។ នេះ​បើតាម Mekong Strategic Partners (MSP)​។ ​

ក្រុមហ៊ុន MSP បាន​ឲ្យ​ដឹងថា ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​ត្រូវបាន​ព្យាករ​ថា​នឹងមាន​តម្លៃ​សរុប​ប្រមាណ​ ២ ២១៥ ​លាន​ដុល្លារ​កើនឡើង​ ៣៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ MSP បាន​ព្យាករ​ថា អត្រា​នេះ​នឹង​កើនឡើង​ដល់ ៣ ៤៦៩ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។

ទោះបី​ជា​និន្នាការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ​ក៏​អត្រា​នៃ​អ្នកប្រើប្រាស់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​ការទូទាត់​តាមរយៈ​ភ្នាក់ងារ​ដែល​មាន​រហូត​ដល់​ជាង​ ៩០ ​ភាគរយ​។

ថ្លែង​ក្នុង​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ (Cambodia Fintech Day) ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​លោក គាម បូរ៉ា តំណាង​មកពី​ក្រុមហ៊ុន Mekong Strategic Partners បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការរីកចម្រើន​យ៉ាង​រហ័ស ប៉ុន្តែ​អត្រា​អ្នក​ប្រើប្រាស់​នៅ​ទាប​នៅ​ឡើយ​។

លោក​បញ្ជាក់ថា៖ «​បច្ចុប្បន្ន​ការទូទាត់​តាមរយៈ​ភ្នាក់ងារ (Wing TrueMoney) មាន​សកម្មភាព​ខ្លាំង​នៅ​កម្ពុជា ប៉ុន្តែ​ការប្រើប្រាស់​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ Mobile App មាន​អត្រា​មិន​ដល់​ ១០ ​ភាគរយ​នោះទេ​»​។

តាម​លោក គាម បូរ៉ា ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​ការផ្សព្វផ្សាយ​ក្នុង​ចំណោម​សាធារណជន​នៅ​មាន​កម្រិត​នៅឡើយ ដែល​ធ្វើឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ភាគច្រើន​តែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា៖ «​ទោះបី​យ៉ាងណា​ខ្ញុំ​គិតថា ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​នៅពេល​អនាគត​»​។

ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​អ្នកស្រី នាវ ច័ន្ទថាណា ដែល​បាន​ចូលរួម​ក្នុង​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​យ៉ាងច្រើន ខណៈ​វា​ជួយ​ធ្វើឲ្យ​ការទូទាត់​មាន​ភាពឆាប់រហ័ស និង​ចំណាយ​តិច​។

អ្នកស្រី​ថ្លែង​ថា៖ «​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាងសំខាន់ ព្រោះ​វា​ជានវានុវត្តន៍​ក្នុង​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​»​។

បើ​តាម​អ្នកស្រី ច័ន្ទថាណា ធនាគារ ADB បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ធនាគារជាតិ​នៅក្នុង​ការជំរុញ​ការប្រើប្រាស់ Fintech នៅ​កម្ពុជា​។

អ្នកស្រី អំ គីមតុល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​តាម​បណ្តាញទូរស័ព្ទ​ BIMA បាន​និយាយ​ថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការដំណើរការ​របស់​ក្រុមហ៊ុន​របស់​អ្នកស្រី ព្រោះ​គ្រប់​ប្រតិបត្តិការ​ផ្ទេរប្រាក់​រវាង​អតិថិជន​ជាមួយ​ក្រុមហ៊ុន​គឺ​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា ១០០ ​ភាគរយ​។

អ្នកស្រី​ថ្លែងថា​៖ «BIMA ជាមួយ​នឹង​វត្តមាន​រយៈពេល​ ៥ ​ឆ្នាំ​នៅ​កម្ពុជា បច្ចុប្បន្ន​ក្រុមហ៊ុន BIMA មាន​អតិថិជន​ចំនួន​ប្រហែល​ ៥០ ​ម៉ឺន​នាក់​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​។

បើ​តាម​អ្នកស្រី គីមតុល BIMA បាន​បង្កើត​បណ្តាញ​ទូទាត់​ជាមួយ​​ភ្នាក់ងារ​ជាច្រើន​នៅ​កម្ពុជា​ដូចជា Pipay ទ្រូម៉ាន់នី តារាផេ និង វីង ជាដើម​៕ LA