ភ្នំពេញៈ ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដោយ​​ផ្តោត​ទៅ​លើ​កិច្ច​គាំពារ​ផ្នែក​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ​អាច​នឹង​ត្រូវ​បាន​ពង្រឹង​​បន្ទាប់​ពី​មាន​ការ​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ២ ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​កាល​​ពី​ល្ងាច​ថ្ងៃ​ពុធ។

អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​ «កិច្ច​សហ​ប្រតិបត្តិការ​លើ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព» ​ចំនួន​ ២ ​​​ត្រូវ​បាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​ចុះ​​ហត្ថលេខា​ជា​មួយ​ស្ថាប័ន​ធំៗ​ចំនួន ៣ ដោយ​អនុស្សរណៈ​មួយ​ក្នុង​ចំណោម​​នោះ ត្រូវ​​បាន​ចុះហត្ថលេខា​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា ជាមួយ​ក្រសួង​បរិស្ថាន និង​ធនាគារ​ជាតិ​​នៃ​កម្ពុជា ហើយ​អនុស្សរណៈ​មួយ​ទៀត​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ USAID។

គោល​បំណង​រួម​របស់ MoU ទាំង ២ ​នេះ​គឺ​ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ចីរភាព​ក្នុង​វិស័យ​ធនាគារ​ ​សំដៅ​ជួយ​គាំទ្រ​ដល់​កិច្ច​គាំពារ​ផ្នែក​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា។

លោក​ អ៊ិន ​ចាន់នី ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ដែល​មាន​ធនាគារ​ជា​​​សមាជិក​ជាង ​៦០ បាន​និយាយ​ថា ការ​ចុះ​ MoU ជាមួយ​ស្ថាប័ន​ធំៗ​នេះ ​គឺ​​បញ្ជាក់​ពី​ការ​ចូលរួម​របស់​វិស័យ​​ធនាគារ​កម្ពុជា ​ចំពោះ​ការ​ថែរក្សា​បរិស្ថាន​លើ​​ភព​ផែនដី​ប្រកប​ដោយ​ចីរភាព។ លោក​បន្ត​ថា វិស័យ​ធនាគារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ចរន្ត​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ទៅ​វិនិយោគិន ឬ​សាធារណ​ជន។

លោក​ថ្លែង​ថា៖​ «​បើ​ធនាគារ​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​ការ​​ផ្តល់​កម្ចី​ទៅ​អតិថិជន​ដែល​ចូលរួម​ថែរក្សា​បរិស្ថាន​នោះ​ វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​»​។

លោក​បន្ត​ថា ដើម្បី​ឲ្យ​ការ​វិនិយោគ​មួយ​អាច​ដំណើរការ​ល្អ​ទៅ​បាន​ ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ គួរ​គិត​ទៅ​លើ​ចំណុច​សំខាន់ៗ​រួម​មាន​ មនុស្ស ប្រាក់​ចំណេញ និង​ភព​ផែនដី។ លោក​បន្ថែម​ថា បើ​ធនាគារ​នានា​អនុវត្ត​បាន​នូវ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ចីរភាព ធនាគារ​​ទាំង​នោះ​ ក៏​អាច​មាន​ឱកាស​ទទួល​បាន​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ​​ពេល​​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ​ធំៗ​នៅ​បរទេស​។​

មុន​ពេល​ចុះ​អនុស្សរណៈ​នេះ​ មិន​ទាន់​​មាន​គោលការណ៍​​រួម​ជាក់​លាក់​​ណា​មួយ​ត្រូវ​បាន​ដាក់​ចេញ​នោះ​ទេ ទាក់ទង​នឹង​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​ក្នុង​ស្រុក​ដល់​គម្រោង​វិនិយោគ​ណា​​ដែល​​អាច​បង្ក​ផល​ប៉ះពាល់​ ឬ​ជួយ​​ដល់​​បរិស្ថាន ឬ​ធនធាន​​ធម្មជាតិ​។

លោកស្រី ឡាយ រចនា អគ្គនាយិកា​រង​​របស់​ធនាគារ FTB បាន​​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​នេះ​ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​គោលការណ៍​រៀង​ខ្លួន​របស់​ធនាគារ​ ប៉ុន្តែ​លោកស្រី​រំពឹង​ថា ​នៅ​ពេល​មាន MoU នេះ​សង្ឃឹម​ថា អ្វីៗ​នឹង​អាច​ធ្វើ​ក្រោម​គោលការណ៍​រួម​តែ​មួយ​។

លោកស្រី​បន្ត​ថា តាមរយៈ​ការ​ចុះ​អនុស្សរណៈ​នេះ​សមាគម​ធនាគារ​នៅ​កម្ពុជា​ នឹង​ទទួល​បាន​នូវ​កិច្ចសហការ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​យក​មក​ធ្វើ​​ការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​។​

លោកស្រី​លើក​ឡើង​ថា ជាក់​ស្តែង​ក្រសួង​បរិស្ថាន​ នឹង​ជួយ​ ABC ទៅ​លើ​ផ្នែក​ព័ត៌មាន​ទាក់ទង​នឹង​ច្បាប់​បរិស្ថាន ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ដើម​។ នៅ​ពេល​មាន​ព័ត៌មាន​នេះ មុន​ការ​ផ្តល់​ឥណទាន​​ដល់​អតិថិជន ធនាគារ​ដែល​ជា​សមាជិក​របស់​​សមាគម​នឹង​យក​មក​ពិនិត្យ និង​អនុវត្ត​តាម។

លោកស្រី​ថ្លែង​ថា៖​ «​បើ​មិន​មាន​ MoU ស្ថាប័ន​ទាំង​អស់​អាច​មាន​ការ​ពិបាក​ក្នុង​ការ​ជួយ​ដល់​សមាគម​ជា​លក្ខណៈ​ផ្លូវ​ការ​»​។​

លោក សៅ​ សុភាព ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា គឺ​ជា​ឧទាហរណ៍​គំរូ​មួយ​បង្ហាញ​ពី​កិច្ច​សហប្រតិបតិ្តការ​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន ​ដើម្បី​​រួម​​ចំណែក​​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​ការ​​ការពារ​ភព​ផែនដី។

អង្គការ USAID បាន​គាំទ្រ​ដល់​សមាគម​ធនាគារ​លើ​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​នេះ​ចាប់​តាំង​ពី​​ឆ្នាំ ២០១៥ មក៕ LA