ភ្នំពេញៈ កម្ពុជាអាចនឹងផ្គត់ផ្គង់អំបិលគ្រប់គ្រាន់សម្រាប់ទីផ្សារនៅក្នុងស្រុកនាឆ្នាំ ២០២០ នេះ ខណៈទិន្នផលដែលប្រមូលបានមកដល់ពេលនេះសម្រេចបានប្រមាណ ៧០ ភាគរយនៃតម្រូវការក្នុងស្រុកសរុប។ នេះបើតាមសហប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប (SPCKK)។
លោក ប៊ុន បារាំង បានឲ្យដឹងថា អាកាសធាតុអំណោយផលបានជំរុញឲ្យចង្វាក់ផលិតកម្មអំបិលឆ្នាំនេះទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ។ លោកបន្តថា បើតាមការប៉ាន់ស្មានគិតត្រឹមពាក់កណ្តាលខែមេសានេះ ការប្រមូលផលអំបិលទទួលបានប្រមាណ ៧ ម៉ឺនតោន។
លោកថ្លែងថា៖ «ឆ្នាំនេះយើងផលិតអំបិលបានច្រើនជាងរាល់ឆ្នាំ យើងអាចផលិតបានតាំងពីខែមករាមកដោយសាររាំងភ្លៀង ហើយតួលេខជាក់លាក់យើងនឹងធ្វើការបូកសរុបនៅខែមិថុនា ដោយសារការប្រមូលអំបិលពេលនេះមិនទាន់បញ្ចប់»។
លោកបន្ថែមថា អំបិលដាក់លក់នៅកន្លែងប្រមូលផលតាមស្រែអំបិលមានតម្លៃ ១៥ ០០០ រៀល ក្នុង ១ ការុង ទម្ងន់ ៥០ គីឡូក្រាម តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
លោកបញ្ជាក់ថា៖ «បើយើងបូកសរុបរបាយការណ៍ទៅឃើញថា កង្វះអំបិល យើងនឹងស្នើសុំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីនាំចូល តែយើងសង្ឃឹមថាឆ្នាំនេះយើងមិនខ្វះទេ»។
ការផលិតអំបិលនៅកម្ពុជាមាននៅក្នុងខេត្តកំពត និងកែប។ ជាមធ្យមកម្ពុជាមានតម្រូវការអំបិលចន្លោះពី ៨-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។ ឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗបានផលជាង ១០ ម៉ឺនតោន។ នេះបើតាម SPCKK។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថាកាលពីឆ្នាំ ២០១៩ ដោយសារខ្វះអំបិលរដ្ឋាភិបាលបានអនុញ្ញាតឲ្យសហគមន៍នាំចូលអំបិល ៣០ ០០០ តោន។ របាយការណ៍នេះបង្ហាញថា ការផលិតអំបិលក្នុងខេត្តទាំង ២ ស្ថិតលើផ្ទៃដីប្រមាណ ៤ ៧៤៨ ហិកតា ដោយត្រូវការប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៥ ០០០ នាក់ កាលពីឆ្នាំមុន៕ LA