ភ្នំ​ពេញ​: ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ ​កូរ៉េ​ខាង​ត្បូង ​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ ​តាមរយៈ​ធនាគារ​អេស៊ីលីដា​ មាន​ជាង ​២១ ​លាន​ដុល្លារ ​​នៅ​ក្នុង​​ឆមាស​ទី​១​ ឆ្នាំ ​២០១៩ ​នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ធនាគារ​អេស៊ីលីដា។​

លោក​ អ៊ិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​បាន​​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា ក្នុង​​ឆមាស​ទី​១​ ឆ្នាំ​ ​២០១៩​ នេះ​ពលករ​ខ្មែរ​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​ ២១ ​១២៥​ ៩០៧ ​លាន​ដុល្លារ​ ដែល​ស្មើនឹង ​១០ ​៨៨០​ ប្រតិបត្តិការ​។​

លោក​​ថ្លែង​ថា​៖ ​«ខ្ញុំ​គិត​ថា ​នៅ​ពាក់​កណ្តាល​ឆមាស​ទី​២​ នឹង​មាន​ការ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ច្រើន ​ដោយសារ​ពេល​នោះ​មាន​ពិធី​បុណ្យ​ជាតិ​ច្រើន​​ដូច​ជា​បុណ្យ​ភ្ជំបិណ្ឌ និង​បុណ្យ​អុំទូក​​ជា​ដើម​»​។​

លោក​បន្ថែម​ថា ​ការ​ផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្ទះ​របស់​ពលករ​កម្ពុជា​ពី​ប្រទេស​ ​កូរ៉េ​ ជា​មធ្យម​ ​២ ០០០ ​​ដុល្លារ​​ក្នុង ​១ ​ប្រតិបត្តិការ​ដែល​ជា​ចំនួន​មួយ​អាច​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​ជាតិ​។​

លោក​ ចាន់នី​ បន្ថែម​ថា​៖ ​«ជា​ប្រាក់​ចំណូល​ទី​១ ​ជួយ​គ្រួសារ​គាត់​សម្រាប់​​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ ​និង​ជួយ​បង្កើត​អាជីវកម្ម​ថ្មី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​ ហើយ​នៅ​ពេល​បើក​អាជីវកម្ម​ពួក​គាត់​ត្រូវ​បង់​ពន្ធ​ចូល​រដ្ឋ​​»។

បើ​តាម​លោក​ ចាន់​នី​ កាល​ពី​ឆ្នាំ​ ​២០១៨​ ពលករ​ខ្មែរ​នៅ​ប្រទេស ​កូរ៉េ​ បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​តាមរយៈ​ធនាគារ​​អេស៊ីលីដា ជាង ​៥៣ ​​លាន​ដុល្លារ​ ស្មើ​នឹង ២៦​ ២៤៧​ ប្រតិបត្តិការ​។​

អ្នកស្រី​ ឆាយ​ ផល្លា ​អាយុ ​៣៨ ​ឆ្នាំ​ ដែល​ស្វាមី​​អ្នកស្រី​ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ ​កូរ៉េ បាន​ឲ្យ​ដឹង​ថា ​ស្វាមី​​អ្នក​​ស្រី​ធ្វើ​ការ​នៅ​រោងចក្រ​ឧស្សាហកម្ម​មួយ​ផ្នែក​ប្រអប់​ជណ្តើរ​យន្ត​ ដោយ​ទទួល​​​ប្រាក់​ខែ​ប្រមាណ ២ ០០០ ​ដុល្លារ​ ក្នុង ​១ ​ខែ​។​ អ្នកស្រី​ថ្លែង​ថា​៖​ «​ជា​មធ្យម​ប្តី​ខ្ញុំ​ផ្ញើ​ឲ្យ ​៥០០​​ ដុល្លារ​ក្នុង ​១ ខែ​​ សម្រាប់​ចាយ​វាយ​លើ​ការ​សិក្សា​កូន ​ម្ហូប​អាហារ​ និង​ទិញ​ថ្នាំ​សង្កូវ​ជា​ដើម​»។​

អ្នកស្រី​បន្ថែម​ថា​ ចាប់​តាំង​ពី​ស្វាមី​អ្នកស្រី​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស ​កូរ៉េ​ ចំនួន​ ៣ ​អាណត្តិ​មក​នេះ ​បាន​​ធ្វើ​ឲ្យ​ជីវភាព​​គ្រួសារ​អ្នកស្រី ​ធូរធារ​ជាង​មុន​។ ​«​តាំង​ពី​ប្តី​ខ្ញុំ​ទៅ​កូរ៉េ​ជីវភាព​គ្រួសារ​ខ្ញុំ​គ្រាន់​បើ​ជាង​មុន​ សង់​បាន​ផ្ទះ​​ក្បឿង ​១ ខ្នង​ ទិញ​បាន​ដី ​២ ទៅ ​៣ ​កន្លែង​»​។

លោក​ ហេង ​សួរ​ អ្នក​នាំពាក្យ​ក្រសួង​​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​មាន​ទិន្នន័យ​ស្តីពី​ការ​ផ្ញើ​ប្រាក់​មក​ផ្ទះ​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ​២០១៩ ​នេះ​ទេ។

បើ​យោង​តាម​ទិន្នន័យ​​ធនាគារ​​ជាតិ​នៃ​កម្ពុជា ​(NBC) ​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​ផ្ញើ​ប្រាក់​​ត្រឡប់​មក​ផ្ទះ​វិញ​ជា​ទឹក​ប្រាក់​សរុប​មាន​រហូត​ដល់​ ១ ៤០០ ​​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ​២០១៨​។​

ចំនួន​​ទឹក​ប្រាក់​កាល​ពី​ឆ្នាំ​ ​២០១៨​ បាន​​​កើន​ឡើង​ ១១​ ភាគរយ​ បើ​ធៀប​នឹង​ទឹក​ប្រាក់​កាល​ពី​ឆ្នាំ ​២០១៧​។

យោង​តាម​របាយការណ៍​ស្ថិតិ​ជញ្ជីង​​ទូទាត់​របស់​ NBC​ ដែល​បាន​កត់ត្រា​ការ​ផ្ទេរ​ប្រាក់​របស់​ប្រជាជន​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មក​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ទឹក​ប្រាក់​ផ្ញើ​មក​សរុប ​ពលរដ្ឋ​កម្ពុជា​ផ្ញើ​មក​​ពី​ថៃ​មាន​ចំណែក​រហូត​ដល់ ​៦៨ ​ភាគរយ​ ស្រប​ពេល​ពី​កូរ៉េ​ មាន​ចំនួន​ ២១​,៥ ​ភាគរយ​។​ ទឹក​ប្រាក់​ដែល​ពលករ​កម្ពុជា​ផ្ញើ​មក​ផ្ទះ​វិញ​ពី​ប្រទេស ​ជប៉ុន ​មាន​ចំណែក ​៣,៣ ភាគរយ ​នៃ​បរិមាណ​សរុប​ ខណៈ​ពី​ម៉ាឡេស៊ី​មាន​​ចំណែក​ ២,​៥ ​ភាគរយ​។​

តាម​របាយការណ៍​លទ្ធផល​សន្និបាត​​បូក​សរុប​ការងារ​ឆ្នាំ​ ​២០១៨​ របស់​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ពលករ​កម្ពុជា​​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ ១ ២៣៥ ៩៩៣ ​នាក់​ ក្នុង​នោះ​ថៃ​ ១ ​១៤៦ ​៦៨៥ ​នាក់ កូរ៉េ ​៤៩ ០៩៩ ​នាក់ ​ម៉ាឡេស៊ី ​៣០ ១១៣ ​នាក់​ សិង្ហបុរី​ ៨៣១ នាក់​ ហុងកុង​ ៥៤ ​នាក់​ និង​អារ៉ាប៊ី​សាអ៊ូឌីត ​១៦ ​នាក់​៕ LA