ភ្នំពេញៈ ចាប់តាំងពីផ្ដើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ដល់ចុងខែកក្កដានៅឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential Cambodia បានលក់ធានារ៉ាប់រងអាយុជីវិតដល់អតិថិជនចំនួន ១៥០ ០០០ នាក់ក្នុងនោះ ៥០ ០០០ ប័ណ្ណត្រូវបានចេញក្នុងរយៈពេល ១២ ខែចុងក្រោយនេះចាប់ពីខែកក្កដាឆ្នាំ ២០១៧ ដល់ខែកក្កដាឆ្នាំ ២០១៨។
ក្នុងរយៈពេល ៥ ឆ្នាំមកនេះក្រុមហ៊ុនបានបង់ប្រាក់សំណងជាង ២,៤ លានដុល្លារ និងបានអនុម័តសេវាការពារសរុបជាង ៣ ពាន់លានដុល្លារនៅក្នុងផលិតផលរបស់ខ្លួនដែលផ្ដល់តម្រូវការការពារដល់គ្រួសារកម្ពុជា។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក David Nutman អគ្គនាយកក្រុមហ៊ុន Prudential Cambodia អំពីការរីកចម្រើននៃអាជីវកម្មរបស់ក្រុមហ៊ុននេះរហូតមកដល់ពេលនេះ។
តើអ្វីជាមូលហេតុសំខាន់នៅពីក្រោយកំណើននៃការលក់ធានារ៉ាប់រងអាយុជីវិតក្នុងរយៈពេល ១២ ខែចុងក្រោយនេះ?
ការយល់ដឹងរបស់ប្រជាជនខ្មែរក្នុងវិស័យនេះមានការកើនឡើងទាក់ទងនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត។ ប្រជាជនមានទំនុកចិត្តលើសេវានេះ។
យើងបានមើលឃើញការផ្លាស់ប្តូរនៃតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងចំណោមអតិថិជន។ ប្រជាជនខ្មែរវ័យក្មេងកំពុងទទួលបានការអប់រំកាន់តែប្រសើរ។ ខ្ញុំគិតថា អ្នកទាំងនោះភាគច្រើនគិតថាអ្នកត្រូវការការពារដើម្បីគាំទ្រត្រឡប់មកវិញ។
កាលពីខែមករាឆ្នាំនេះយើងបានដំណើរការផលិតផលថ្មីមួយដែលហៅថា eduCARE ដែលជាការរួមបញ្ចូលគ្នានៃការអប់រំ និងការការពារ។
វាមានសារៈសំខាន់ក្នុងការរំឭកថា នៅពេលយើងបានចូលមកដំបូង ប្រជាជនខ្មែរកំពុងចាប់អារម្មណ៍លើគំនិតសន្សំប្រាក់។ រយៈពេល ៤ ឆ្នាំក្រោយមកយើងបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៧ យើងរកឃើញថាការសន្សំប្រាក់ត្រូវអមជាមួយនឹងការការពារ។ ពួកគេត្រូវការការពារគ្រួសាររបស់ពួកគេ ក្នុងការធានាថាក្មេងៗនៅតែអាចទទួលបានការអប់រំ។
តើអ្នកមានផែនការណាមួយក្នុងការសម្របទៅតាមនិន្នាការទីផ្សារនៅពេលអនាគតដែរឬទេ?
យើងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីយល់ដឹងពីតម្រូវការពីអតិថិជន។ យើងនិយាយទៅកាន់ប្រជាជនដើម្បីស្វែងរកដំណោះស្រាយថ្មីក្នុងការឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូររបស់ពួកគេ។ ខ្ញុំគិតថាការធានារ៉ាប់រងសុខភាពគឺជាឧទាហរណ៍ក្នុងការបន្តកំណើន ហើយវាជាទីផ្សារដែលយើងនឹងចង់ចូល។ យើងបានមើលឃើញប្រតិបត្តិករមួយចំនួនតូចបានចូលក្នុងទីផ្សារនេះ។
ប៉ុន្តែវាមានមធ្យោបាយផ្សេងៗជាច្រើនទៀតក្នុងការចូលក្នុងទីផ្សារនេះ ហើយយើងត្រូវការពេលវេលារបស់យើង ដើម្បីគិតពិចារណាមធ្យោបាយត្រឹមត្រូវដើម្បីចូលក្នុងទីផ្សារនេះ។
ប្រាក់ចំណូលធានារ៉ាប់រងអាយុជីវិតបានកើនឡើងយ៉ាងខ្លាំងធៀបនឹងការធានារ៉ាប់រងទូទៅ។ តើអ្វីជាមូលហេតុនៅពីក្រោយការរីកចម្រើននោះ?
ប្រហែលជាមានមូលហេតុ ២ ៖ ទី ១ ខ្ញុំគិតថាកំណើនការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅពេលវាបាននាំយកមកនូវអ្នកជំនាញ ការវិនិយោគដំណោះស្រាយដែលស្របជាមួយនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជន។ ទី ២ វាអាចជាបញ្ហាប្រឈមមួយនៃការទាមទារសំណងនៅក្នុងការធានារ៉ាប់រងទូទៅ។
តើអ្នកបានមើលឃើញការផ្លាស់ប្តូរនៅក្នុងវិស័យនេះក្នុងអំឡុងពេល ៦ ឆ្នាំមកនេះដូចម្ដេចដែរ?
ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់គឺកំណើនការប្រកួតប្រជែង។ យើងជាក្រុមហ៊ុនទី ២ នៅក្នុងទីផ្សារនេះនៅពេលយើងប្រតិបត្តិការដំបូងកាលពីឆ្នាំ ២០១៣។ នៅពេលនេះមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ៧ ។
ប៉ុន្តែការប្រកួតប្រជែងគឺល្អ។ ការប្រកួតប្រជែងអាចបង្កើនការយល់ដឹងរបស់សាធារណជន ដោយសាររាល់ប្រតិបត្តិករចង់បង្កើនការយល់ដឹងនោះ។ ក៏មានការផ្លាស់ប្តូរផលិតផលមួយចំនួនផងដែរដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
តើអ្នកមើលឃើញការអភិវឌ្ឍរបស់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដូចម្ដេចដែរទៅថ្ងៃខាងមុខ?
វានឹងបន្តរីកចម្រើន។ មានប្រជាជន ១៦ លាននាក់រស់នៅទីនេះ។ មានប្រជាជន ៧ លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតចុងក្រោយនេះ។ ប្រហែលជាអាចនិយាយបានថា នោះជាទីផ្សារទិសដៅ។
យើងនៅតែមានឱកាសច្រើនក្នុងការរីកចម្រើនហើយក្រុមប្រជាជនទាំងនេះនឹងត្រូវការធានាដល់គ្រួសាររបស់ពួកគេ។ ដូច្នេះសម្រាប់ខ្ញុំ វិស័យនេះនឹងនៅតែបន្តរីកចម្រើន និងទំនើបកម្ម។ វានឹងក្លាយជាឌីជីថលស្វ័យប្រវត្ដិកម្ម និងលុបចោលការងារក្រដាសស្នាម ប៉ុន្តែទោះជាយ៉ាងណាវាត្រូវការពេលវេលាផងដែរ៕LA