ភ្នំពេញៈ ការ​រៀបចំ​​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល ​និង​ការ​ឆ្លើយ​តប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ បាន​ក្លាយ​ជា​ទិសដៅ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​អាណត្តិ​នេះ ​ខណៈ​ប្រទេស​នេះ​កំពុង​បង្កើន​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​​សម្រាប់​កំណើន​រយៈ​ពេល​វែង​។ ​នេះ​​បើ​យោង​តាម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ថ្លែង​ក្នុង​វេទិកា​ឌីជីថល​កម្ពុជា​ឆ្នាំ ​២០១៩ ​រយៈពេល​ ៣ ថ្ងៃ​ដែល​បាន​បញ្ចប់​កាល​ពី​ម្សិលមិញ ​​ក្រោម​ប្រធាន​​បទ «​ឆ្ពោះ​ទៅ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​»​ ​លោក ​អូន​ ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ ​បាន​ឲ្យ​ដឹង​ថា ​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ចេញ​ពី​មូលដ្ឋាន​កសិកម្ម​ ទៅ​សេដ្ឋកិច្ច​ផ្អែក​លើ​សេវា ​និង​ឧស្សាហកម្ម​កាន់​តែ​ខ្លាំង​ឡើងៗ​។​ ដូច្នេះ​​ការ​ទទួល​យក​បច្ចេកវិទ្យា ​ដោយ​វិស័យ​​ឯកជន​ និង​រដ្ឋាភិបាល​នឹង​ជា​កន្លែង​មួយ​ក្នុង​ការ​បង្កើន​ផលិតភាព​ និង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​។​

​លោក​ថ្លែង​ថា​៖ «​សេវាកម្ម​ឧស្សាហកម្ម​ នឹង​បន្ត​វិវឌ្ឍ​ទៅ​​មុខ ​ដោយ​មាន​ការ​កំណត់​ជំនាញ​កាន់​​តែ​ខ្លាំង​ ក្នុង​ការ​ធ្វើ​​សមាហរណកម្ម​ប្រទេស​ ​កម្ពុជា ទៅ​ក្នុង​ចង្វាក់​តម្លៃ​ក្នុង​តំបន់​ និង​ពិភព​លោក​។​ សេដ្ឋកិច្ច​នេះ​នឹង​​​ឆ្ពោះ​ទៅ​មុខ​​លើស​ពី​វិស័យ​កាត់​ដេរ​ដែល​សេដ្ឋកិច្ច​បាន​ពឹង​ផ្អែក​អស់​រយៈ​ពេល​យូរ​​មក​ហើយ​នោះ​ទៅ​ជា​វិស័យ​ផលិត​»​។​

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​​កម្ពុជា​កំពុង​បង្កើត ​និង​ពិនិត្យ​គោល​នយោបាយ​​ឡើង​វិញ​ ស្រប​ជា​មួយ​នឹង​និន្នាការ​​កើន​ឡើង​ខ្លាំង​នេះ ​ដើម្បី​ចាប់​យក​ឱកាស​ជំរុញ​ការ​​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​​នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម ការ​រៀបចំ​បរិយាកាស​អាជីវកម្ម​ ព្រម​ទាំង​កាត់​បន្ថយ​​ហានិភ័យ​ដែល​អាច​កើត​ឡើង​ ដែល​​កើត​ឡើង​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទាំង​នេះ​។​

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ផ្ដោត​លើ​ការ​ពង្រឹង​ និង​ការ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ​ទាំង​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​ និង​ទន់ ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​និង​ជំនាញ​ស្រប​ជាមួយ​នឹង​បរិបទ​ថ្មី​នេះ ​ព្រម​ទាំង​ការ​អភិវឌ្ឍ​ក្រប​ខ័ណ្ឌ​ច្បាប់ និង​និយតករ​​ត្រឹមត្រូវ​»។​

វេទិកា​ឌីជីថល​​លើក​ដំបូង​កម្ពុជា​ឆ្នាំ ​២០១៩ ​គឺ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ឈាន​​មុខ​គេ​នៅ​ក្នុង​​ប្រទេស ​កម្ពុជា។​ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​សហគ្រិនភាព​ នវានុវត្តន៍ ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​​ព័ត៌មាន​វិទ្យា​​ទូរគមនាគមន៍ និង​ដើម្បី​បង្កើត​ឱកាស​​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី សហគ្រាស​ធុន​តូច ​និង​មធ្យម និង​ក្រុម​វិនិយោគិន​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​​បង្កើត​បណ្ដាញ​អាជីវកម្ម​ និង​ការ​​វិនិយោគ​។​

លោក​ ត្រាំ ​អ៊ីវតឹក ​រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា ​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ត​ភ្ជាប់​​ប្រទេស​នេះ​ និង​ដើម្បី​ធានា​ឲ្យ​ប្រាក​ដថា អត្ថប្រយោជន៍​របស់ ​ICT ​ទៅ​ដល់​ប្រជាជន​នៅ​តំបន់​ដាច់​ស្រយាល​។

លោក​បន្ថែម​ថា ​រហូត​មក​ដល់​ខែ​មករា ​ឆ្នាំ ​២០១៩ ​ចំនួន​ការ​ជាវ​ស៊ីម​កាត​​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​មាន​ប្រហែល​ ១៩​,​៥​ ​លាន​ស៊ីម​កាត​ ដែល​បាន​គ្រប​ដណ្ដប់​ប្រហែល ​១០០ ​ភាគរយ​នៃ​តំបន់​ទីក្រុង​។ ​

លោក​បញ្ជាក់​ថា​៖ «​ការងារ​របស់​យើង​នឹង​បង្កើត​បណ្ដាញ​ និង​សេវា​ដែល​​នឹង​គាំទ្រ​ដល់​ដំណោះ​​ស្រាយ​នវានុវត្តន៍​ដើម្បី​ផ្ដល់​អំណាច​ដល់​សេដ្ឋកិច្ច​ឌីជីថល​ និង​នាំ​យក​អត្ថប្រយោជន៍​​សង្គម ​និង​សេដ្ឋកិច្ច​ដ៏​ធំ​ដល់​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​របស់​យើង​»។​

លោក​ អូន​ ព័ន្ធមុនីរ័ត្ន ធ្លាប់​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់ ​១០ ឆ្នាំ​​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជំរុញ​ដោយ​បច្ចេកវិទ្យា​៕ LA