ក្រុងប៉េកាំងៈ ការលក់រាយតាមអនឡាញរបស់ប្រទេស ចិន បានកើនឡើងលើសពីចំនួន ៩ ពាន់ពាន់លានយន់ (១,៣៣ ពាន់ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨ ដែលខ្ពស់ជាងគេនៅលើពិភពលោករយៈពេល ៦ ឆ្នាំជាប់គ្នា។ នេះបើយោងតាមការឲ្យដឹងពីលោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនកាលពីសប្តាហ៍មុនក្នុងសន្និសីទរបស់ក្រសួង។
លោក Gao ដែលក៏ជាអគ្គនាយករងនៃការិយាល័យទូទៅនៃក្រសួងពាណិជ្ជកម្មចិនផងដែរនោះ បានថ្លែងថា ការលក់រាយតាមអនឡាញរបស់ចិនបានរក្សាកំណើនខ្ពស់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
លោក Gao បានចង្អុលបង្ហាញថា កំណើននៃការលក់រាយតាមអនឡាញ នៅតែមានកំណើនរហ័ស ហើយវិស័យនេះនៅតែជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់។
ក្នុងពេល ២ ខែដំបូងក្នុងឆ្នាំ ២០១៩ នេះ ការលក់រាយនៃទំនិញប្រើប្រាស់តាមអនឡាញ បានកើនឡើង ១៩,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដល់ ១,១ ពាន់ពាន់លានយន់។ សមាមាត្រនៃការលក់រាយតាមអនឡាញទៅនឹងការលក់ទំនិញប្រើប្រាស់សរុប គឺមាន ១៦,៥ ភាគរយ។
យោងតាមលោក Gao អត្រាកំណើននៃការលក់ទំនិញប្រើប្រាស់អនឡាញមានខ្ពស់ជាង ១១,៣ ភាគរយធៀបនឹងអត្រាកំណើននៃការលក់រាយសរុបនៃទំនិញប្រើប្រាស់។
អ្នកនាំពាក្យរូបនេះថ្លែងថា ទម្រង់និងរចនាសម្ព័ន្ធនៃការលក់រាយអនឡាញ ត្រូវបានធ្វើឲ្យមានភាពប្រសើរថែមទៀត។
យោងតាមស្ថិតិរបស់ក្រសួងទម្រង់ពាណិជ្ជកម្មទៅអតិថិជន (B2C) បានមើលឃើញចំណែកទីផ្សារកើនឡើងដល់ ៧៣,៥ ភាគរយធៀបនឹង ៧០,២ ភាគរយក្នុងពេលដូចគ្នានៅឆ្នាំមុន៕ People''s Daily/KC