
ទិដ្ឋភាពស្ពានព្រែកក្តាមកាលពីបញ្ចប់ការសាងសង់ ដែលជាជំនួយរបស់ចិន។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ លំហូរវិនិយោគផ្ទាល់ពីចិនមកកម្ពុជា នឹងបន្តកើនឡើងខ្លាំងទៀតនាពេលខាងមុខ ខណៈបច្ចុប្បន្នបានឈរនៅលេខរៀងទីមួយរយៈពេល ៥ ឆ្នាំជាប់ៗក្នុងនាមជាវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្នុងវេធិការធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ២០១៨ នៅព្រឹកនេះ។
វេទិកានេះត្រូវបានចូលរួមដោយគណៈប្រតិភូចិនជាង ៥០ រូប ដែលតំណាងក្រុមហ៊ុនចំនួន ២០ មកពីវិស័យផ្សេងៗដែលរួមមានឧស្សាហកម្មរថយន្ត អំពូលភ្លើង ជីវៈគីមី វាយណភណ្ឌ ផលិតផលចេញពីកៅស៊ូ និងឧស្សាហកម្មធន់ធ្ងន់។
លោក នុត អ៊ុនរ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC បានប្រាប់គណៈប្រតិភូចិននៅក្នុងវេទិកានេះថា៖ «នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយជាប់គ្នា ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧ ប្រទេសចិនគឺជាវិនិយោគិនផ្ទាល់បរទេសឈានមុខគេរបស់កម្ពុជា ដោយមានការវិនិយោគ ៥,៣ ពាន់លានដុល្លារ ឬប្រហែល ១ ពាន់លានជាមធ្យមប្រចាំឆ្នាំ»។
លោកបន្តថា៖ «ការវិនិយោគរបស់ប្រទេសចិន កំពុងកើនឡើង ហើយនឹងបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងវិស័យជាច្រើនដូចជាធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ»។
យោងតាមតួលេខកាលពីឆ្នាំ ២០១៧ CDC បានអនុម័តលើគម្រោងវិនិយោគ មានតម្លៃសរុប ៦,៣ពាន់លានដុល្លារ ដែលកើនឡើងស្ទើរពីរដងពី ៣,៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦។
នៅក្នុងវេទិកានេះ មិនមានកិច្ចព្រមព្រៀង និងការវិនិយោគណាមួយ បានប្រកាសពីគណៈប្រតិភូនោះទេ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់រំពឹងថា ការរៀបចំព្រឹត្តិការណ៍នេះនឹងសម្រួលដល់ការបង្កើនការវិនិយោគពីប្រទេសចិនមកកម្ពុជា៕LA