លោក វ៉ាន់ ឆវ័ន្ត វិចិត្រករ អតីតជាពលករនៅថៃ បានបើកតាំងពិព័រណ៍ស្នាដៃគំនូរទោល កាលពីល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា បន្តដល់ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១។ ហ្វេសប៊ុក
ភ្នំពេញៈ វិនិយោគិនហុងកុងកាលពីឆ្នាំ ២០១៧ បានវិនិយោគលើគម្រោងសរុប ១៣ គម្រោងនៅកម្ពុជាដោយមានតម្លៃជាទឹកប្រាក់សរុប ៨៥ លាន។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
ទិន្នន័យ CDC បង្ហាញថាគិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៧ ការវិនិយោគហុងកុងនៅកម្ពុជាមានគម្រោងសរុប ២៥៧ គម្រោង ស្មើនឹងទុនវិនិយោគសរុប ១,៣៣ ពាន់លានដុល្លារ។ ទឹកប្រាក់នេះស្មើនឹង ២,១៤ ភាគរយនៃទុនវិនិយោគសរុបដែល CDC បានផ្តល់សិទិ្ធវិនិយោគចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៧ នេះ។
កាលពីម្សិលមិញលោក Edward Yau លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុងបានដឹកនាំប្រតិភូពាណិជ្ជកម្មដែលរួមមានពាណិជ្ជករហុងកុង ៦៩ នាក់ដើម្បីជួបជាមួយលោក សុក ចិន្តាសោភា ដើម្បីស្វែងយល់ពីនីតិវិធីសំខាន់ៗ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគ។
យ៉ាងណាក៏ដោយជំនួបនោះមិនមានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយនៅឡើយនោះទេ។
គណៈប្រតិភូវិនិយោគិនទាំងនេះមកទស្សនកិច្ចប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមីនា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា និងការពង្រីកទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលហុងកុង។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈប្រតិភូនេះក៏នឹងបន្តដំណើរទៅប្រទេសវៀតណាមផងដែរ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។
បេសកកម្មពាណិជ្ជកម្មរបស់ទីក្រុងហុងកុងនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងការពង្រីកបណ្តាញពាណិជ្ជកម្មជាមួយប្រទេសទាំង ២ កម្ពុជា វៀតណាម ក៏ដូចជា ការស្វែងរកឱកាសវិនិយោគដែលត្រូវបាននាំមកដោយគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។
ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងភ្នំពេញគណៈប្រតិភូពាណិជ្ជកម្មហុងកុងនឹងជួបជាមួយមេដឹកនាំពាណិជ្ជកម្មក្នុងស្រុក តំណាងមកពីរដ្ឋាភិបាល និងការចុះពិនិត្យដល់ទីតាំងរោងចក្រផលិតក្នុងស្រុកមួយចំនួនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕