ភ្នំពេញៈ គម្រោង​សាងសង់​ផ្សារ​នៅតាម​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ចំនួន ២ ​កន្លែង​ក្នុង​ខេត្តកំពត និង​ស្វាយរៀង​ដែល​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន កាលពី​ចុងឆ្នាំ​ ២០១៩ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​បាន​ចាប់ផ្តើម​ធ្វើការ​សាងសង់​ជា​ផ្លូវការ​នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​ពិធី​បើកសម្ពោធ​ផ្សារ​ព្រំដែន​ដារ​ដែល​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ បាន​បញ្ជា​ឱ្យ​ក្រសួងពាណិជ្ជកម្ម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តកំពត និង​ស្វាយរៀង ដើម្បី​សាងសង់​ផ្សារ​ជាប់​ព្រំដែន​ចំនួន ២ ​បន្ថែមទៀត​។

លោក​បន្ថែមថា លោក​ចង់ឃើញ​មាន​ការកសាង​ផ្សារ​សហគមន៍​គំរូ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ជំនួញ និង​ពាណិជ្ជកម្ម​តូចធំ និង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង ២ មាន​ទីផ្សារ​សមរម្យ​លក់ដូរ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​។ ម្យ៉ាងទៀត​វា​ក៏​នឹង​ជួយ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ និង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​កំណើន​ផងដែរ​។

ក្នុងឱកាស​នោះ​លោក​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្តកំពត និង​ស្វាយរៀង ត្រៀម​រក​ទីតាំង និង​ជួយ​សម្របសម្រួល​កិច្ចការ​មួយចំនួន​ខណៈ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ធ្វើការ​សិក្សា និង​រៀបចំ​ផ្សារ​នៅតាម​ព្រំដែន​ដោយ​យកតាម​រចនាប័ទ្ម​ខ្មែរ និង​ប្រើ​ថវិកាជាតិ​សម្រាប់​សាងសង់​។

លោក​ថ្លែងថា​៖ «​គោលបំណង​របស់​ផ្សារ​នេះ​នឹង​បម្រើ​ជា​ផ្សារ​នាំ​ចេញទៅ​វៀតណាម​។ យើង​ចង់​ប្រើប្រាស់​ថវិកាជាតិ​របស់​យើង ដើម្បី​សាងសង់​ផ្សារ​គំរូ​ ២ ​បន្ថែមទៀត​។ នេះ​ជាការ​ជំរុញ​របស់ខ្ញុំ ជាមួយ​នឹង​ទិសដៅ​ប្រែក្លាយ​ព្រំដែន​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ដែល​ធ្វើឱ្យ​វា​ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ច្រើន​»​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ខេត្តកំពត​កំពុង​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​ពី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​សិក្សា និង​ធ្វើការ​វាយតម្លៃ​លម្អិត​លើ​ទីតាំង​មុន​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​។ ការសាងសង់​អាច​ចាប់ផ្តើម​ពេលណា​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ក្រសួង ខណៈ​អាជ្ញាធរខេត្ត​មាន​ទីតាំង​ត្រៀម​បម្រុង​រួចហើយ​។

លោក​បន្តថា ផ្សារ​ព្រំដែន​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការផ្លាស់ប្តូរ​ផលិតផល​របស់​ប្រជាជន​ក្នុង​តំបន់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ឱ្យ​កាន់តែ​មាន​ភាពសកម្ម​ឡើង​។

លោក​និយាយថា​៖ «​មកដល់​ពេលនេះ​មិនទាន់​បាន​សាងសង់​ទេ ព្រោះ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​ក្រសួង​ក៏​នៅ​មិនទាន់​បាន​កំណត់ពេល​សាងសង់​ដែរ​»​។

យោងតាម​លោក ជាវ តាយ ទីតាំង​ដែល​អាជ្ញាធរខេត្ត និង​ក្រសួង​បានកំណត់​អាច​នឹង​នៅក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែកចាក​ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត ទល់​ជាមួយ​ខេត្ត​គៀងយ៉ាង​។

ចំណែក​អ្នកនាំពាក្យ​សាលា​ខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បាន​និយាយថា គម្រោង​សាងសង់​ផ្សារ​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​ទីតាំង​ដោយ​មាន​ទីតាំង ២ ​កន្លែង​ដែល​អាជ្ញាធរ​គិតថា នឹងមាន​សក្តានុពល​យូរអង្វែង​សម្រាប់​ការអភិវឌ្ឍ គឺ​មួយ​នៅ​ភាគ​ខាងកើត​ជាប់​ខេត្ត​តាយនិញ និង​មួយទៀត​នៅជាប់​គ្នា​ជាមួយ​ព្រំប្រទល់​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម​។

លោក​បន្តថា ការសាងសង់​ផ្សារ​នៅតាម​ព្រំដែន មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​តំបន់​ព្រំដែន​មាន​ការអភិវឌ្ឍ​លឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរ​ស្រប​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​បន្ទាត់​ព្រំដែន ឱ្យទៅ​ជា​កន្លែង​មាន​សន្តិភាព កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង​ផងដែរ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​នៅ​មិនទាន់​ហ៊ាន​អះអាង​ថា​បែបណា​នោះទេ​ចំពោះ​ទីតាំង​ទាំង ២ ​កន្លែង​នេះ ព្រោះ​ក្រុម​ការងារ​នៅ​មិនទាន់​បាន​សម្រេច​ជា​ផ្លូវការ​ទេ ប៉ុន្តែ​ការចុះពិនិត្យ​ទីតាំង​រួមគ្នា​រវាង​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​រួចរាល់​ហើយ​»​។

លោក​លើកឡើង​ថា​៖ «​នៅពេល​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សារ​នៅតាម​ព្រំដែន​កាន់តែ​ច្រើន កំណើន​នៃ​ការអភិវឌ្ឍ​ក៏មាន​សម្ទុះ​ដែរ ពិសេស​វា​បង្ក​នូវ​ភាពងាយស្រួល​ដល់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​ដោះដូរ​ផលិតផល​កសិផល​»​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ែន សុវិជាតិ បាន​ប្រាប់​យ៉ាងខ្លី​ថា ការសាងសង់​ផ្សារ​ព្រំដែន​ទាំង ២​ខាងលើ​នៅ​មិនទាន់​ចាប់ផ្តើម​ទេ ដោយ​អាច​នៅ​ឆ្នាំក្រោយ ព្រោះ​ការគ្រោង​កញ្ចប់​ថវិកា​នេះ​ក៏​នៅ​ឆ្នាំក្រោយ​ដែរ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម​បាន​ឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា វៀតណាម ក្នុង​រយៈពេល ៥ ​ខែ ដើមឆ្នាំ​ ២០២០ នេះ មានតម្លៃ​សរុប ២,១៧ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,១ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​តម្លៃ ៤៧៦ លាន​ដុល្លារ ធ្លាក់ចុះ ១៥ ភាគរយ ខណៈ​កម្ពុជា​នាំចូល​វិញ​មានតម្លៃ​សរុប ១,៧ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ ៦ ភាគរយ​៕ LA