ភ្នំពេញៈ ការសាងសង់​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្មកម្លាំង ២៦៥ ​មេហ្គាវ៉ាត់​ របស់​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ មក​ទល់​ពេល​នេះ​សម្រេច​បាន​ជាង ៥០ ​ភាគរយ​ហើយ ខណៈ​ការសាងសង់​អាច​នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០២១​។ នេះ​បើតាម​អភិបាលខេត្ត​ឧត្តរមានជ័យ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ត​ឧត្តរមានជ័យ​» ​កាលពី​ថ្ងៃ​អង្គារ អភិបាលខេត្ត​ឧត្តរមានជ័យ​លោក ប៉ែន កុសល្យ បាន​និយាយថា ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពេលនេះ​សម្រេចបាន​ជាង ៥០ ​ភាគរយ​ហើយ ដោយ​ការសាងសង់​អាច​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ​ ២០២១​។

លោក​បន្តថា គម្រោង​នេះ​នឹង​ផ្តល់​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន និង​តំបន់​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​។ លោក​ថ្លែងថា​៖ «​ការសាងសង់​នៅពេល​នេះ​សម្រេចបាន​ចន្លោះ​ពី ៥០-៦០ ​ភាគរយ​»​។

តាម​ផែនការ បន្ទាប់ពី​សាងសង់​រួច​រោងចក្រ​នេះ​នឹង​ប្រើប្រាស់​ធ្យូងថ្ម​ក្នុង​តំបន់​សម្រាប់​ប្រើប្រាស់​តែម្តង​។

តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក លោក ផៃ ស៊ីផាន ធ្លាប់បាន​និយាយថា គម្រោង​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​នេះ​ត្រូវការ​ទុនវិនិយោគ ២៩៤,៣ ​លាន​ដុល្លារ ហើយ​នឹង​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​ ២០២១ ឬ​ដើមឆ្នាំ​ ២០២២​។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កន្លងមក​ថា បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ប្រហែល​ពី ៧០-៨០ ​ភាគរយ​ នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​សរុប​៕LA