ភ្នំពេញៈ រដ្ឋាភិបាល​មាន​គម្រោង​សង់​សារមន្ទីរ​ថាមពល​កកើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្តេច ហ៊ុន សែន​ កំពត ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​ទស្សនា​នៅ​តំបន់ឆ្នេរ​សមុទ្រ​មួយ​នេះ​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ចន្ទ​ថា គម្រោង​កសាង​សារមន្ទីរ​ថាមពល​កកើត​ឡើងវិញ និង​ឧទ្យាន​ជាតិ​សម្តេច ហ៊ុន សែន កំពត គឺជា​ការអនុវត្ត​គម្រោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​អគ្គិសនី​កម្ពុជា​ (EDC) ​ជា​អ្នកអនុវត្ត​។ លោក​បន្តថា គម្រោង​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៨,៦០ ​ហិកតា​ ស្ថិត​ក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។ គម្រោង​នេះ​នឹង​អាច​ចាប់ផ្តើម​នៅក្នុង​ឆ្នាំនេះ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​យើង​សម្តែង​ការគាំទ្រ​ដល់​ការអនុវត្ត​នូវ​គម្រោង​របស់​ជាតិ​ដ៏មាន​សារៈសំខាន់​មួយ​នេះ​ឡើង​ក្នុង​ស្មារតី​សហការ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គម្រោង​នេះ​សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ ខេត្តកំពត​»​។

ទោះយ៉ាងណា​លោក​ប្រាប់ថា រដ្ឋាភិបាល​មិនទាន់​អាច​វាយតម្លៃ​ពី​ខ្ទង់ចំណាយ​គម្រោង​នេះ​នៅឡើយ​ទេ​។

លោក​បន្ថែមថា​៖ «​នេះ​ជា​សក្តានុពល​មួយ​ធំ​ដែល​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កាន់តែច្រើន​នៅ​ខេត្តកំពត​នៅពេល​អនាគត​»​។

ក្នុង​កិច្ចប្រជុំ​ស្តីពី​កិច្ចសហការ និង​ការសិក្សា​ពី​ផលប៉ះពាល់​ការអនុវត្ត​គម្រោង​នេះ​កាលពី​សប្តាហ៍​មុន​នៅ​រដ្ឋបាល​ខេត្តកំពត លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ថ្លែងថា សារមន្ទីរ​នេះ​នឹង​បង្កើត​ឲ្យ​មាន​ការប្រមូលផ្តុំ​ប្រភព​ផលិត​ថាមពល​អគ្គិសនី​របស់​កម្ពុជា ដូចជា វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និង​ថាមពល​អគ្គិសនី ធ្យូងថ្ម​ជាដើម​។ លោក​បន្តថា ការសាងសង់​ឧទ្យាន​ជាតិ​នេះ​ក៏​ក្នុង​គោល​បំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕ LA