ភ្នំពេញៈ ការស្នើសុំ​ឥណទាន​ពី​កម្មវិធី​ពិសេស​របស់​រដ្ឋាភិបាល​ដែលមាន​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) បាន​កើន​ដល់​ទឹកប្រាក់​ជាង ៣៧ ​លាន​ដុល្លារ​ ហើយ​គិត​ត្រឹម​ថ្ងៃទី​ ៩ ខែកក្កដា នេះ​។

លោក កៅ ថាច អគ្គនាយក ARDB ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន ARDB ទទួលបាន​ពាក្យ​ស្នើ​កម្ចី​ពី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​កើន​ដល់​ជាង ៣៥០ ​ពាក្យ​ដែល​មាន​ទឹកប្រាក់​ជាង ៣៧ ​លាន​ដុល្លារ​ចាប់តាំងពី​រដ្ឋាភិបាល​បញ្ចេញ​មូលនិធិ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​កាលពី​ខែមីនា ខណៈ​ទឹក​ប្រាក់កម្ចី​ជាង ១០ ​លាន​ដុល្លារ​ត្រូវបាន​អនុម័ត​រួចរាល់​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​អ្នក​ចិញ្ចឹម​ត្រី និង​សត្វ​បានដាក់​ពាក្យស្នើសុំ​កម្ចី​ច្រើនជាងគេ បន្ទាប់មក​អ្នក​ដាំ​បន្លែ​ផ្លែឈើ​»​។

លោក​បាន​បន្ថែមថា​៖ «​ការអនុម័ត​ប្រាក់​បាន​ប៉ុណ្ណឹង គឺ​ដោយសារ​ការបំពេញ​នីតិវិធី​លើ​ឯកសារ​មួយ​ចំនួន​នៅ​មូលដ្ឋាន​មាន​ការយឺតយ៉ាវ ដែល​នាំឲ្យ​ការអនុម័ត​របស់​យើង​ក៏​យឺត​ទៅ​តាម​ហ្នឹង​ដែរ​»​។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​មូលនិធិ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​កាលពី​ខែមីនា​ទៅ​ឲ្យ ARDB សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ក្នុង​អត្រា​ការប្រាក់​ទាប​។

លោក កៅ ថាច បាន​ឲ្យ​ដឹង​ទៀតថា ឥណទាន​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ពង្រីក​អាជីវកម្ម និង​ខ្សែចង្វាក់​ផលិតកម្ម​របស់​ពួកគេ​បន្ថែម​ទៀត​ក្នុង​គោលដៅ​ពង្រឹង​ភាពប្រកួតប្រជែង និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ជិតខាង​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​បន្ត​អំពាវនាវ និង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​រួសរាន់​រៀបចំ​ឯកសារ​ស្នើសុំ​កម្ចី​ពី​ឥណទាន​ពិសេស​របស់​យើង​ក្នុង​ករណី​បងប្អូន​ត្រូវការ​ដើមទុន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​»​។

កសិករ​ចិញ្ចឹម​បង្កង​នៅ​ខេត្ត​បន្ទាយមានជ័យ​ ១ ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា លោក​កំពុង​ពិចារណា​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ប្រាក់​ពី​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​តាមរយៈ​ធនាគារ ARDB ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ លោក​បាន​បន្តថា បង្កង​មាន​ទីផ្សារ​ក្នុង​ស្រុក​ល្អ​ដោយ​មាន​តម្លៃ ៣០ ​ដុល្លារ​ក្នុង ​១ ​គីឡូក្រាម​។

លោក​និយាយថា​៖ «​ខ្ញុំ​ចាប់អារម្មណ៍​ខ្ចីប្រាក់​ពី​ធនាគារ​នេះ ព្រោះ​អត្រា​ការប្រាក់ទាប សព្វថ្ងៃ​ខ្ញុំ​ទើប​នឹង​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​ចំនួន​ជាង ៤ ០០០ ​ក្បាល ហើយ​ខ្ញុំ​ចង់​បាន​ទុន​បន្ថែម​ដើម្បី​ពង្រីក​ការចិញ្ចឹម​ឲ្យ​បាន​ច្រើនជាង​នេះ​»​។

បច្ចុប្បន្ន ARDB បាន​ផ្តល់​កម្ចី​ចាប់ពី ១០ ០០០-៣០០ ០០០ ​ដុល្លារ​ ជាមួយ​នឹង​អត្រា​ការប្រាក់ ៥​ ភាគរយ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល និង ៥,៥ ​ភាគរយ​សម្រាប់​ទុនវិនិយោគ​ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។

យោងតាម​លោក កៅ ថាច ARDB អាច​នឹង​ទទួល​បាន​ចំណែក​ខ្លះទៀត​ពី​ហិរញ្ញប្បទាន​ ៣០០ ​លាន​ដុល្លារ ​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​ត្រៀម​ថវិកា​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម ដើម្បី​គាំទ្រ​ក្នុង​ការជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​ក្នុង​អំឡុងពេល និង​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩៕ LA