ភ្នំពេញៈ ការបន្ថែមចម្ងាយផ្លូវរត់នៅអាកាសយានដ្ឋានខេត្តព្រះសីហនុនឹងជួយជំរុញឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសនានាលើពិភពលោកកាន់តែមានសក្តានុពលខ្លាំង។ នេះបើតាមអ្នកជំនាញនៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីសប្តាហ៍មុនលោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ការសង់ផ្លូវរត់បន្ថែមពី ២ ៥០០ ម៉ែត្រដល់ ៣៣០០ ម៉ែត្រក្នុងព្រលានយន្តហោះខេត្តព្រះសីហនុនឹងត្រូវបញ្ចប់ក្នុងខែមិថុនា។ លោកបន្តថា ពេលផ្លូវនេះរួចរាល់ វានឹងអនុញ្ញាតឲ្យយន្តហោះហោះចម្ងាយឆ្ងាយហោះផ្ទាល់មកកម្ពុជាបាន។
លោកថ្លែងថា៖ «នៅពេលនេះយើងបានបញ្ចប់ការពន្លូតប្រវែងផ្លូវរត់នេះបាន ២ ៥០០ ម៉ែត្ររួចហើយ ដោយបច្ចុប្បន្នយើងកំពុងបន្តធ្វើការជាមួយក្រុមហ៊ុន SCA លើចម្ងាយ ៨០០ ម៉ែត្រទៀត ដើម្បីឲ្យគ្រប់ប្រវែង ៣ ៣០០ ម៉ែត្រ។ នៅចុងខែមិថុនានេះយើងនឹងចប់ផ្លូវរត់ (Runways) នេះនឹងអនុញ្ញាតឲ្យយន្តហោះប្រភេទធំៗចុះ និងឡើងបាន»។
បើតាមលោក ជា អូន អាកាសយានដ្ឋាននៅខេត្តព្រះសីហនុបច្ចុប្បន្នអាចទទួលបានយន្តហោះដែលហោះក្នុងរង្វង់ ៦ ម៉ោងប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមានការពង្រីកចម្ងាយផ្លូវគឺអាចទទួលយន្តហោះ ហោះ ១២ ម៉ោងបាន (ទៅដល់ប៉ារីស)។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការពង្រីកផ្លូវហោះហើរមិនត្រឹមតែជួយបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែវានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសជាច្រើន។
លោកថ្លែងថា៖ «នៅពេលការហោះហើរត្រង់ធ្វើបានកាន់តែឆ្ងាយ ឱកាសនាំចេញផលិតផលកសិកម្ម ពិសេសបន្លែស្រស់ និងផ្លែឈើស្រស់ដែលដាំដុះនៅកម្ពុជាទៅលក់នៅប្រទេសនៅឆ្ងាយៗមានកាន់តែច្រើន»។
បច្ចុប្បន្នការដឹកជញ្ជូនទំនិញកម្ពុជាតាមផ្លូវអាកាសមានជាង ១០ ភាគរយក្រៅពីនោះជាការដឹកតាមផ្លូវទឹក។ នេះបើតាមលោក ចន្ធី។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បាននិយាយថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ និងដឹកជញ្ជូនគឺមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញអ្នកវិនិយោគមកឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ព្រោះការវិនិយោគទាំងអស់សុទ្ធតែត្រូវការដឹកជញ្ជូនទំនិញទៅលក់នៅលើទីផ្សារ។ លោកបន្តថា៖ «ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសមួយការរៀបចំគ្រឹះហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច គឺជាការចាំបាច់»។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លើកឡើងថា ការតភ្ជាប់ការហោះហើរទៅកាន់គោលដៅកាន់តែច្រើន និងឆ្ងាយនឹងជួយធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានឧត្តមភាព ហើយការវិនិយោគលើវិស័យទេសចរណ៍ក៏នឹងមានកំណើនផងដែរ។ លោកលើកឡើងថា នៅពេលវិស័យដឹកជញ្ជូនខ្លាំង វិស័យសេដ្ឋកិច្ចកម្ពុជាក៏កើនឡើងដែរ។
លោកថ្លែងថា៖ «ការបន្ថែមចម្ងាយហោះហើរ វានឹងជួយដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ»៕ LA