ក្រុងបាងកកៈ ការ​ផ្តល់​ទិដ្ឋាការ​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​បាន​ចំណាយ​ពេល​កាន់តែ​យូរ តែ​ដោយសារ​ហេតុផល​ផ្សេងៗ​ហើយ​ក្រសួង​ការបរទេស​ថៃ​ក៏​បាន​ទទួល​ស្គាល់​ពី​បញ្ហា​នេះ​ដែរ​។

ក្រសួង​ការបរទេស​ថៃ​បាន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​រាយការណ៍​មួយ​ចំនួន​ថា ភ្ញៀវទេសចរ​ឥណ្ឌា និង​ចិន​ជាច្រើន​ដែល​ទៅ​ប្រទេស​ថៃ​ចង់​បាន​ទិដ្ឋាការ​នៅ​ពេល​មក​ដល់​ដោយសារ​នីតិវិធី​នេះ​មាន​ភាព​យឺតយ៉ាវ​នៅ​តាម​ស្ថានទូត និង​កុងស៊ុល​ថៃ​នៅ​តាម​ប្រទេស​របស់​ខ្លួន​។

លោកស្រី Busadee Santipitaks អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​ថា​ចំពោះ​ភ្ញៀវទេសចរ​ឥណ្ឌា ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​ប្រុងប្រយ័ត្ន​នូវ​ឯកសារ​របស់​ភ្ញៀវទេសចរ ដោយសារ​មាន​ករណី​បន្លំ​ឯកសារ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ចំនួន​ភ្ញៀវទេសចរ​ឥណ្ឌា​ដែល​ព្យាយាម​ស្នើសុំ​ទិដ្ឋាការ​នៅ​ស្ថានទូត និង​កុងស៊ុល​ថៃ​នៅ​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ទ្វេដង​គិត​ចាប់​តាំង​ពី​ឆ្នាំ​មុន តែ​មន្ត្រី​ថៃ​នៅ​តែ​មាន​លទ្ធភាព​ដំណើរការ​ពាក្យ​ស្នើសុំ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ដូច​មុន​។

លោកស្រី Busadee មាន​ប្រសាសន៍​ថា​ភ្ញៀវទេសចរ​ឥណ្ឌា​អាច​នឹង​យល់​ថា​ដំណើរការ​ផ្ទៀងផ្ទាត់​នេះ​ចំណាយពេល​ច្រើន​ដោយសារ​ភ្នាក់ងារ​ទេសចរណ៍​របស់​ពួកគេ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ​មុន​ពេល​បញ្ជូន​ឯកសារ​ទាំងនោះ​មក​ឲ្យ​អាជ្ញាធរ​ថៃ​។

ចំពោះ​ភ្ញៀវទេសចរ​ចិន​លោកស្រី​មាន​ប្រសាសន៍​ថា​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​ស្នើ​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត និង​កុងស៊ុល​ថៃ​កំពុង​កើនឡើង​នៅ​ពេល​មាន​កំណើន​វិស័យ​ទេសចរណ៍ ហើយ​ក្រុម​មន្ត្រី​កំពុង​ព្យាយាម​បន្ត​បញ្ចប់​ការ​ផ្តល់​ទិដ្ឋាការ​តាម​ការ​គ្រោង​ទុក​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។

ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ស្នើសុំ​ទិដ្ឋាការ​ថៃ​នៅ​ប្រទេស​របស់​ខ្លួន​មាន​ចំនួន​សរុប ៥៤៧ ៩៩៨ ​នាក់​កាលពី​ខែ​វិច្ឆិកា និង​បាន​កើនឡើង​ដល់ ៤៩៥ ០១៨ ​នាក់​ក្នុង​ខែ​ធ្នូ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៦ ខែ​ធ្នូ​។

តួលេខ​ភ្ញៀវទេសចរ​ឥណ្ឌា​វិញ​ក៏​កំពុង​កើនឡើង​ផង​ដែរ​ដោយ​កើន​ដល់​ ២២ ៣៥៨ ​នាក់​នៅ​ខែ​វិច្ឆិកា​៕ BP