ភ្នំពេញៈ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​អះអាងថា SECC នឹង​អនុម័ត​លើ​ពាក្យសុំ​របស់​ធនាគារពាណិជ្ជ​សំខាន់​ ២ ​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០២០ ​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​ជួញដូរ​ភាគហ៊ុន និង​បណ្ណ​បំណុល​នៅលើ​ផ្សារមូលបត្រ​កម្ពុជា (CSX)​។

អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​បានទទួល​ការយល់ព្រម​ជាគោលការណ៍​លើ​ការពិនិត្យ​លទ្ធភាព​ស្នើសុំ​ចុះបញ្ជី​មូលបត្រ​ពី​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ខណៈដែល​ធនាគារ PPCBank ទទួលបាន​ដូចគ្នា​លើ​ការចុះបញ្ជី​មូលបត្រ​បំណុល​។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ​បាន​ប្រាប់​ភ្នំពេញ- ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា SECC នឹង​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​ដើម្បី​ត្រួតពិនិត្យ​ការដាក់ពាក្យ​សុំ​របស់​ធនាគារ​ទាំង​ ២ ​មុនពេល​កិច្ចប្រជុំ សម្រាប់​ការយល់ព្រម​ពី​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅពេល​ណាមួយ​នៅ​ត្រីមាស​ទី​ ១​នេះ​។ ​

លោក​ថ្លែងថា​៖ «​យើង​នឹងធ្វើ​វា​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ​។ យើង​នឹង​ដំណើរការ​លើ​ការដាក់​ពាក្យសុំ​របស់​អេស៊ីលីដា និង​ធនាគារ PPCB នៅពេល​តែមួយ​»​។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ធនាគារ​នៅ​មិនទាន់​បាន​កំណត់​ទំហំ​នៃ​មូលបត្រ​បំណុល​នៅឡើយ​ទេ ខណៈ​លោក​ចាំបាច់​ត្រូវមាន​កិច្ចប្រជុំ​ ២-៣ ​ដង​បន្ថែមទៀត​ជាមួយ SECC CSX និង​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​។

លោក​ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​អេស៊ីលីដា​ថ្លែង​ថា​៖ «​ភាគទុនិក​របស់​យើង​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ថា ធនាគារ​នេះ​គួរតែ​ឡើង​ផ្សារហ៊ុន ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​នៃ​ការផ្ដល់​មូលនិធិ​និង​ប្រើប្រាស់​ទីផ្សារ​មូលធន​កម្ពុជា​សម្រាប់​កំណើន​នៅពេល​អនាគត​»៕LA