ភ្នំពេញៈ អ្នកក្នុងឧស្សាហកម្មកាត់ដេរមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា នឹងកា្លយជាទិសដៅគួរឱ្យទាក់ទាញ និងការវិនិយោគប្រកបដោយភាពប្រកួតប្រជែង បើកម្ពុជាអនុវត្តថាមពលស្អាតប្រកបដោយចីរភាព។
លោកស្រី Karolien Caser-Diez តំណាងប្រចាំប្រទេសរបស់វិទ្យាស្ថានកំណើនបៃតងពិភពលោក GGGI Cambodia បានឱ្យដឹងនៅក្នុងអំឡុងកិច្ចពិភាក្សានៅសភាពាណិជ្ជកម្មអឺរ៉ុបកាលពីថ្ងៃទី ១៤ ខែមករា ស្ដីពី «តើយីហោអឺរ៉ុបអាចសម្រេចបានទិសដៅអាកាសធាតុពិភពលោកផ្សេងទៀតនៅប្រទេសកម្ពុជា បានដូចម្ដេច»។ ព្រឹត្តិការណ៍នេះប្រមូលផ្ដុំគ្នានូវដៃគូអភិវឌ្ឍន៍ ដែលធ្វើការក្នុងវិស័យថាមពលប្រកបដោយចីរភាព រួមជាមួយនឹងតំណាងជាច្រើនមកពីក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M Group ដែលជាសមាជិក RE100។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា Switch Garment គឺជាគម្រោងកម្មវិធី SWITCH អាស៊ីអឺរ៉ុបបានអនុវត្តដោយវិទ្យាស្ថានកំណើនបៃតងពិភពលោក (GGGI)។ Switch Garment លើកកម្ពស់ការអនុវត្តថាមពលប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា ដែលផ្ដល់ការងារដល់ប្រជាជនជាង ៨០០ ០០០ នាក់ និងជំរុញកំណើនសេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងដៃគូបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោង Switch Garment ថាមពលស្អាតបច្ចេកវិទ្យាបៃតងកាលពីខែកញ្ញា ឆ្នាំមុន។
លោកស្រី Karolien ពន្យល់ថា៖ «រោងចក្រជាច្រើនដែលយើងបានចូលរួមជាមួយកំពុងចាប់ផ្ដើមមើលឃើញសមត្ថភាពប្រកួតប្រជែងបៃតងស្មើគ្នា។ ដោយសារគំនិតផ្តួចផ្ដើមដូច RE100 រោងចក្រជាច្រើនយល់ថា ភាពបៃតង គឺជាអត្ថប្រយោជន៍ជាយុទ្ធសាស្ដ្រមួយ និងអាចជួយពួកគេទទួលបានកិច្ចសន្យាជាមួយយីហោអន្តរជាតិជាច្រើន»។
RE100 គឺជាគំនិតផ្តួចផ្ដើមពិភពលោកដែលចូលរួមដោយក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក និងបានប្ដេជ្ញាសម្រេចឱ្យបានថាមពលកកើតឡើងវិញ ១០០ ភាគរយ។
លោក Peter Ford ទទួលបន្ទុកនិរន្តរភាពបរិស្ថាននៅក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ាបានបញ្ជាក់ពីភាពពិសេសនៃការសម្រេចបានទិសដៅថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «វានឹងមានការពិបាកក្នុងការសម្រេចបានតាមទិសដៅរបស់ RE100 ក្នុងតំបន់មួយដែលមានថាមពលដំណើរការដោយធ្យូងថ្មស្ទើរតែទាំងស្រុង»។ លោកបន្តទៀតថា៖ «ទិសដៅពិភពលោករបស់យើងច្បាស់ណាស់គឺអាកាសធាតុអព្យាក្រឹតត្រឹមឆ្នាំ ២០៣០ និងអាកាសធាតុវិជ្ជមានត្រឹមឆ្នាំ ២០៤០។ បណ្ដាប្រទេសនានាអាចធ្វើការងារជាមួយពួកយើង ដើម្បីសម្រេចបានទិសដៅទាំងនោះភ្លាមៗនិងកាន់តែទាក់ទាញ»។
អ្នកចូលរួមក្នុងកិច្ចពិភាក្សានោះលោក Matthew Armstrong បានជំរុញឱ្យអ្នកចូលរួមត្រូវមើលឱ្យឃើញថា ការងារនេះគឺជាឱកាស។ លោកបន្តថា៖ «តើយីហោទាំងនេះនឹងរីកចម្រើន និងការវិនិយោគបន្ថែមដែរឬទេ បើកម្ពុជាពង្រឹងថាមពលអគ្គិសនីខ្លួនឆ្ពោះទៅរកថាមពលបៃតង? ចម្លើយគឺផលិតផលកម្ពុជា គឺជាយីហោមួយ ចូរយកការងារនេះធ្វើជាឱកាសក្នុងការធ្វើឱ្យទិសដៅនេះក្លាយជាយីហោកាន់តែល្អប្រសើរ»៕ LA