ភ្នំពេញ: រដ្ឋាភិបាលកម្ពុជារំពឹងថានឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង The Blue Circle ដើម្បីអភិវឌ្ឍកសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់នៅពាក់កណ្តាលឆ្នាំនេះ។ នេះបើយោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពល។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃចន្ទថា អគ្គិសនីកម្ពុជាកំពុងធ្វើការចរចាតម្លៃជាមួយក្រុមហ៊ុន ដែលភាគីទាំង ២ គ្រោងនឹងចុះកិច្ចព្រមព្រៀងពេលឆាប់ៗនេះ។ លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថាពួកគេនឹងឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពាក់កណ្តាលឆ្នាំនេះ»។
លោកបន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុននេះគឺដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនី និងឆ្លើយតបទៅនឹងគោលដៅរបស់រដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃអគ្គិសនីទាំងពាណិជ្ជកម្ម និងការប្រើប្រាស់គ្រួសារ។ លោកថ្លែងថា៖ «បច្ចុប្បន្នការចរចាតម្លៃរវាងក្រុមហ៊ុនជាមួយអគ្គិសនីកម្ពុជាកំពុងត្រូវបានធ្វើឡើង ដើម្បីទទួលបានប្រភពថាមពលមានតម្លៃទាប»។
លោកបន្តថា តាមផែនការរបស់ក្រុមហ៊ុន The Blue Circle នឹងសាងសង់ wind turbines យ៉ាងតិច ១០ ដើមជាមួយនឹងសមត្ថភាពផលិតថាមពល ៨០ មេហ្គាវ៉ាត់នៅលើភ្នំបូកគោ។
ក្រុមហ៊ុននេះបានធ្វើការសិក្សាពីលទ្ធភាពចាប់តាំងពីឆ្នាំ ២០១៨ នៅខេត្តមណ្ឌលគិរី និងខេត្តកំពត។ ជាលទ្ធផលកាលពីខែមីនាឆ្នាំមុន ក្រុមហ៊ុនបានបង្ហាញលទ្ធផលពីការសិក្សានេះថា ប្រទេសកម្ពុជាមានសក្តានុពលផ្នែកការវិនិយោគថាមពលខ្យល់។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា កម្ពុជាមានសក្តានុពលក្នុងការផលិតថាមពល ៥០០ មេហ្គាវ៉ាត់ពីថាមពលខ្យល់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគលើថាមពលខ្យល់នៅថៃ និងវៀតណាមរួចហើយ។
បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល កម្ពុជាផលិតថាមពលសរុប ១១ ២៦១ GWh កាលពីឆ្នាំ ២០១៩ កើនឡើង ២១ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។ របាយការណ៍នេះបង្ហាញថា កម្ពុជាបានលក់ថាមពលអគ្គិសនីចំនួន ១០ ៨៨៥ GWh ទៅឲ្យអតិថិជនជាង ១,១ លាននាក់កាលពីឆ្នាំមុន។
គណៈរដ្ឋមន្ត្រីកម្ពុជាកាលពីខែមុនបានអនុម័តគម្រោងអភិវឌ្ឍសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២ កន្លែង និងគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនចំនួន ១ ដែលមានតម្លៃសរុប ១,៧ ពាន់លានដុល្លារ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីការងារ ២០១៩ និងទិសដៅការងារ ២០២០ និង ២០២១ ថា ការអភិវឌ្ឍប្រភពអគ្គិសនី ដើម្បីបង្កើនសមត្ថភាពផលិត បញ្ជូន ចែកចាយ និងការតភ្ជាប់បណ្តាញឲ្យអ្នកប្រើប្រាស់ជាការងារចម្បងរបស់ក្រសួងដែលកំពុងនឹងបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកម្ពុជាមានប្រភពអគ្គិសនីស្ថិរភាពសម្រាប់បំពេញតម្រូវការកំណើនប្រើប្រាស់។
លោកបានថ្លែងថា៖ «ជាមួយគ្នានេះការកែលម្អការផ្តល់សេវាអគ្គិសនីដល់អ្នកប្រើប្រាស់ និងការបញ្ចុះតម្លៃអគ្គិសនីក៏បាន និងកំពុងផ្តល់គុណប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។
របាយការណ៍នេះបានបង្ហាញទៀតថា ការវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ១៣ ឆ្នាំ ចាប់ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០១៩ មានតម្លៃសរុប ៦,១ ពាន់លានដុល្លារ៕LA