ក្រុង​ប៉ារីសៈ ស្នង​ការ​​ទទួល​បន្ទុក​កិច្ច​​ការ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប (EU) ​​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​វា​នឹង «​ពិបាក​» ​សម្រាប់​ប្លុក​សហភាព​អឺរ៉ុប​ក្នុង​ការ​​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​​ស្តីពី​ពន្ធ​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ នៅ​ទូទាំង​សហភាព​អឺរ៉ុប​ នៅ​ត្រឹម​កាល​បរិច្ឆេទ​​​កំណត់​​ត្រឹម​ខែ​មីនា ​ដែល​បាន​កំណត់​​​ដោយ​ខ្លួន​ឯង​នេះ។

ថ្លែង​ទៅ​កាន់​​​អ្នក​យក​ព័ត៌មាន​​ក្នុង​ទីក្រុង​​​​បារីស​ លោក Pierre Moscovici ​ក៏​បាន​ឲ្យ​ដឹង​​​ដែរ​ថា ​លោក​នឹង​ដាក់​សំណើ​មួយ​ទៅ​សហការី​​​នៅ​គណៈ​កម្មការ​របស់​លោក ដើម្បី​ស្នើ​សុំ​ឲ្យ​​​បញ្ចប់​ការ​ធ្វើ​វេតូ ​ដែល​​រដ្ឋា​ភិបាល​ថ្នាក់​ជាតិ​​នានា​​មាន​សិទ្ធិ​នេះ​ ដើម្បី​ធ្វើ​វេតូ​លើ​​​​បញ្ហា​ពន្ធ​ ​ដែល​សិទ្ធិ​នេះ​​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ណា​មួយ​​នូវ​​អំណាច​រារាំង​ ដែល​​សូម្បី​តែ​សំណើ​​ស្តីពី​បញ្ហា​ពន្ធ ​ដែល​មាន​មហិច្ឆតា​តិច​តួច​ក៏​ទទួល​​រង​ការ​ធ្វើ​វេតូ​ផង​ដែរ។ ​ ​

លោក​បន្ត​ថា ​​បទប្បញ្ញត្តិ​​ស្តីពី​វេតូ​​ បាន​ក្លាយ​ជា​​ «ឧបសគ្គ​»​​ ចំពោះ​​​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​​​ពិភព​លោក​។

ប្រទេស​ អៀរឡង់ ដាណឺម៉ាក ​និង​ស៊ុយ​អែត ​ប្រឆាំង​​សំណើ​របស់​លោក Moscovici ​​ដែល​ស្នើ​ឲ្យ​មាន​សារាចរ​​​​មួយ​ដែល​ចេញ​ដោយ​​សហភាព​​អឺរ៉ុប ​ដើម្បី​ដក​ហូត​​ពន្ធ​ទៅ​លើ​​ផល​របរ (ប្រាក់​ចំណូល) ​​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​​ ដើម្បី​ធានា​ថា គេហទំព័រ​​បច្ចេក​វិទ្យា​​សកល​លោក​​នានា ដូច​ជា​ Facebook និង​ Google ​បង់ពន្ធ​​ចំណែក​របស់​ពួក​គេ​ដោយ​យុត្តិធម៌។

ប្រទេស​ បារាំង​​ បាន​និង​កំពុង​​គាំទ្រ​​គំនិត​នេះ​ ខណៈ​​ដែល​អាល្លឺម៉ង់​ក៏​បាន​គាំទ្រ​ផង​​ដែរ ​​ជា​មួយ​នឹង​គុណវុឌ្ឍ​នានា​ ​តែ​នោះ​មិន​គ្រប់គ្រាន់​ឡើយ​​ក្រោម​​ប្រព័ន្ធ​បច្ចុប្បន្ន​។

លោក Moscovici ​បាន​ថ្លែង​ថា​៖ «​​វា​​ច្បាស់​ណាស់​ថា ​​​កិច្ច​ព្រមព្រៀង​រវាង​​​ បារាំង​‑អាល្លឺម៉ង់ ​​​ដែល​បាន​បង្ហាញ​កាល​​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ​​មិន​ទទួល​បាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ទេ​ ​មិន​ថា​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បន្ត​បន្ទាប់។​ ​ដូច្នេះ​ យើង​ត្រូវ​តែ​សន្មត​ថា ខណៈ​​ដែល​ដំណោះ​ស្រាយ​​រួម​ ១ ​មិន​​អាច​ធ្វើ​​​ទៅ​រួច​​ វា​នឹង​ជួប​ការ​ពិបាក​ក្នុង​ការ​សម្រេច​ឲ្យ​បាន​​​នៅ​ត្រឹម​ខែ​​​​មីនា​»។ ​

រដ្ឋាភិបាល​ក្រុង​បារីស​បាន​លើក​ឡើង​​​ថា ​វិធានការ​នេះ​នឹង​ជា​សមិទ្ធផល​​ ១ ដែល​ទទួល​បាន​​តាម​រយៈ​ការ​​ឈ្នះ​ការ​បោះ​​ឆ្នោត​​​សម្រាប់​អ្នក​នយោបាយ​សំខាន់​ៗ​​​​សហភាព​អឺរ៉ុប​​មុន​​ការ​បោះ​ឆ្នោត​សភា​អឺរ៉ុប​​នៅ​ខែ​ឧសភា ​ដែល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​​អ្នក​នយោបាយ​​ប្រជា​និយម​ដែល​​​ប្រឆាំង​ទីក្រុង​ប្រ៊ុចសែល ​អាច​ទទួល​បាន​លទ្ធផល​​ល្អ។

ប៉ុន្តែ​​ អៀរឡង់​​ ​​ដែល​ជា​ទីតាំង​​របស់​​​ទីស្នាក់​ការ​កណ្តាល​​​របស់​​ក្រុមហ៊ុន​ធំ​ៗ​​របស់​អាមេរិក​ជា​ច្រើន​ប្រចាំ​តំបន់​អឺរ៉ុប​ ​បាន​ដឹក​នាំ​ក្រុម​​ប្រទេស​​​​ ១ ចំនួន​​តូច​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​​​តំបន់​អឺរ៉ុប​​​​​ប្រឆាំង​​សំណើ​ពន្ធ​នេះ ដោយ​​​​លើក​ឡើង​​ថា ការ​កំណត់​ពន្ធ​នេះ​​ក៏​នឹង​ប៉ះ​ពាល់​ដល់​​ក្រុមហ៊ុន​​អឺរ៉ុប​​ផង​ដែរ​ ​ហើយ​​បង្ក​ឲ្យ​​ទីក្រុង​​វ៉ាស៊ីន​តោន​ខឹង​សម្បា៕ AFP/PS ​