ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសកម្ពុជា និងចិន រំពឹងថានឹងសម្រេចបាននៅខែវិច្ឆិកាឆ្នាំនេះ ជាវិធានការមួយដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២។
ប្រទេសកម្ពុជា និងចិនបានចាប់ផ្ដើមសិក្សាលទ្ធភាពលើការបង្កើត FTA ចាប់តាំងពីខែមករាឆ្នាំ ២០១៩ ក្នុងគោលបំណង ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣។
ការចរចាជុំដំបូងត្រូវបានរៀបចំឡើងនៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី ២១-២២ ខែ មករា ឆ្នាំ ២០២០ នៅពេលប្រទេស កម្ពុជា និងចិន បើកដំណើរការការចរចាជុំទី ១។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងកាលពីថ្ងៃចន្ទថា FTA ជាមួយប្រទេសចិនកំពុងត្រូវបានព្រាង ខណៈភាគីទាំង ២ បានបញ្ចប់ការចរចាជុំទី ១ រួចហើយ។ លោកជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសមត្ថភាពផលិត និងបង្កើនផលិតផលកាន់តែច្រើន ដើម្បីបង្កើនការនាំចេញទៅប្រទេសចិន មុនពេល FTA សម្រេចបាន។
លោកថ្លែងថា៖ «យើងរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងចិននឹងត្រូវសម្រេចបាននៅខែវិច្ឆិកា ឆ្នាំនេះ។ វានឹងត្រូវចុះហត្ថលេខាក្នុងអំឡុងវត្តមានលោកនាយករដ្ឋមន្ដ្រីចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប នៅខែវិច្ឆិកា។ បន្ទាប់មកវានឹងត្រូវបានអនុវត្ត»។
លោកបន្ថែមថា៖ «មុនពេលកិច្ចព្រមព្រៀងត្រូវសម្រេចបាន យើងត្រូវតែលើកកម្ពស់ និងបង្កើនផលិតផលរបស់យើងសម្រាប់ការនាំចេញទៅទីផ្សារនេះ។ យើងសង្ឃឹមថា ចិននឹងជួយដល់កំណើនរបស់យើងតាមរយៈការដាក់ការវិនិយោគកាន់តែច្រើន»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា វាជាពេលវេលាត្រឹមត្រូវក្នុងទិសដៅត្រឹមត្រូវដែលកម្ពុជាចាប់ផ្ដើមសម្លឹងមើលការចរចា FTA ជាមួយបណ្ដាប្រទេស និងប្លុកផ្សេងៗ ខណៈប្រទេសនេះត្រូវបានរំពឹងថានឹងចាកចេញពីប្រទេសមានឋានៈ LDC ក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំទៀត។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីយើងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មដែលបានផ្ដល់ដោយបណ្ដាប្រទេសអភិវឌ្ឍន៍ជាច្រើន ពាណិជ្ជកម្មនៅពេលអនាគតរបស់កម្ពុជាគួរតែត្រូវបានគាំទ្រ និងលើកកម្ពស់ដោយ FTA»។
លោក កាំង ម៉ូនីកា ថ្លែងថា៖ «យើងត្រូវកំណត់ទិសដៅ FTA ទ្វេភាគីឲ្យកាន់តែច្រើន ហើយប្រទេសចិនត្រូវការដៃគូមានសក្ដានុពលខ្លាំងរបស់យើង។ នេះជាទីផ្សារមួយមានប្រជាជនជាង ១ ពាន់លាននាក់ និងជាសេដ្ឋកិច្ចលំដាប់លេខ ១ របស់ពិភពលោកទាក់ទងនឹងអំណាចការទិញ»។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួនប្រហែល ៧,៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើងពី ៦,០៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៧។ នេះបើយោងតាមទិន្នន័យបានពីក្រសួងពាណិជ្ជកម្ម៕LA