ភ្នំពេញៈ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ចំនួន​ ៣៤ កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​ចិន និង​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ចិន លី កេឈាង មក​កម្ពុជា​។

​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ​ដោយ​ក្រុមហ៊ុន​ចិន​ទាំង​ ១៤ មកពី​ឧស្សាហកម្ម​ផ្សេងៗ​ដូចជា វាយនភ័ណ្ឌ ឱសថ ផលិតផល​កសិកម្ម ឧស្សាហកម្ម​គីមី​ឥន្ធនៈ ការ​ជួញដូរ​ផ្នែក​ពាណិជ្ជកម្ម និង ​ក្រុមហ៊ុន​កម្ពុជា​ចំនួន​ ១៨ ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រួមគ្នា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២​ នៅ​ទីក្រុង​ភ្នំពេញ​។

កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ជិត ៥២៥,៩ លាន​ដុល្លារ​នេះ នឹង​គ្រប​ដណ្ដប់​លើ​ការ​ទិញ​ផលិតផល​កសិកម្ម និង​ផលិតផល​ផ្សេងទៀត​ដូចជា ម្រេច ឈើ ក្រូច ចេក កៅស៊ូ ស្វាយចន្ទី ស្ពាន​កាតូត កៅស៊ូ​សន្លឹក​ប្រភេទ RSS ចំណិត​ដំឡូង​មី​ក្រៀម ម្សៅ​ដំឡូង​មី និង​កៅស៊ូ​សិប្បនិម្មិត SBR និង​ផលិតផល​ផ្សេងៗ​ទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

លោក តេជ ដារ៉េត នាយក​ក្រុមហ៊ុន Kamda Rubber ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​កម្ពុជា​ទាំង​១៨ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សម​ភាគី​ចិន បាន​ថ្លែងថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទាំង​នេះ​នឹង​ពង្រឹង និង​បង្កើន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​ទីផ្សារ​។

ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា​តើ​ក្រុមហ៊ុន​របស់​លោក​នឹង​នាំចេញ​កៅស៊ូ​ប៉ុន្មាន​តោន​ទៅកាន់​ទីផ្សារ​របស់​ប្រទេស​ចិន​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​។

លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ម្សិលមិញ​ បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​ទាំង​នេះ នឹង​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​សម្រាប់​ផលិតផល​កសិកម្ម ហើយ​បាន​សរសើរ​ដល់​កិច្ច​ព្រមព្រៀង​ទាំង​នេះ​ថា ជា​រឿង​ល្អ​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ និង​កសិករ​ក្នុង​ស្រុក​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​បញ្ហា​ដ៏​សំខាន់​របស់​យើង​គឺ​កង្វះ​ទីផ្សារ នៅ​ពេល​យើង​មាន​កិច្ច​ព្រម​ព្រៀង​នេះ វា​នឹង​ផ្ដល់​ដល់​ពួក​យើង​នូវ​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាព និង​ជួយ​ដល់​កសិករ​របស់​យើង​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ប្រសើរ​»​។

កិច្ច​ព្រម​ព្រៀង​ពីមុនៗ​ជាមួយ​ប្រទេស​ចិន​ខាង​វិស័យ​កសិកម្ម​ជា​ញឹកញាប់​មិន​ដែល​បាន​កើត​ឡើង​ទៅ​តាម​ផែនការ ឬ​មិន​អាច​សម្រេច​បាន​នោះ​ទេ​។

លោក ងួន ម៉េង​តិច ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា លោក​មាន​សុទិដ្ឋិ​និយម​ថា ការ​ប្រកាស​ជា​សាធារណៈ​អំពី​កិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃ​ចន្ទ​នេះ នឹង​ធានា​ថា កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​តម្លៃ​ឲ្យ​នៅ​លើក​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តែងតែ​ជា​រឿង​ល្អ បើ​យើង​អាច​អនុវត្ត​វា​ដោយ​រលូន ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាគ​ច្រើន​តែង​តែ​ប្រឈម​ឧបសគ្គ​ជាច្រើន​»​។

លោក​បន្ត​ថា​៖«​បទពិសោធ​របស់​យើង​រហូត​មក​ដល់​ពេល​នេះ គឺថា ការ​នាំ​ចេញ​នៅ​តែ​ប្រឈម​ឧបសគ្គ​ច្រើន​ក្នុង​ការ​ទៅ​ដល់​ទីផ្សារ​ចិន ដែល​មាន​ភាព​រឹត​បន្តឹង​ទាក់ទង​នឹង​ស្ដង់ដារ គុណភាព និង​ជាពិសេស​អនាម័យ និង​ភូតគាម​អនាម័យ​»៕ LA