ក្រុងសេអ៊ូលៈ ប្រព័ន្ធព័ត៌មានរបស់ប្រទេស កូរ៉េខាងត្បូង បានរិះគន់ប្រទេស ជប៉ុន ពីបទរឹតបន្តឹងពាណិជ្ជកម្មថ្មីៗរបស់ខ្លួនប្រឆាំងនឹងទីក្រុងសេអ៊ូល ដោយសារជម្លោះទាសករក្នុងសម័យសង្គ្រាម ដោយចោទទីក្រុងតូក្យូពីបទ «បំផ្លាញនិន្នាការសន្ដិភាព» លើឧបទ្វីបកូរ៉េ។
បន្ទាប់ពីតុលាការជាន់ខ្ពស់កូរ៉េខាងត្បូងបានចេញបញ្ជាឲ្យក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឲ្យសងជំងឺចិត្តដល់ជនរងគ្រោះជនជាតិកូរ៉េនោះ ទីក្រុងតូក្យូនៅដើមខែនេះបានរឹតបន្តឹងការនាំចេញសារធាតុគីមីមួយចំនួនទៅកូរ៉េខាងត្បូង ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប និងទូរស័ព្ទស្មាតហ្វូនធំៗក្នុងពិភពលោករបស់កូរ៉េខាងត្បូង។
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ដែលមានទំនោរទៅរកការធ្វើការងារជាមួយទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា វិធានការរបស់ទីក្រុងតូក្យូគឺជា «ហេតុផលនយោបាយ» និងបានបណ្ដាលឲ្យមាន «គ្រោះអាសន្នដែលមិនធ្លាប់មាន» សម្រាប់សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។
កូរ៉េខាងជើងបានព្រមានម្ដងហើយម្ដងទៀតឲ្យកូរ៉េខាងត្បូងឈប់ «ចូលរួម» ក្នុងការចរចាកម្មវិធីនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានគាំទ្រទីក្រុងសេអ៊ូលក្នុងជម្លោះពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងជាមួយក្រុងតូក្យូ។
ទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េ (KCNA) ផ្លូវការរបស់កូរ៉េខាងជើង ដែលបានពិពណ៌នាប្រទេស ជប៉ុន ថា ជាសត្រូវដ៏ជូរចត់របស់ខ្លួននោះ បានរាយការណ៍នៅចុងសប្តាហ៍មុនថា ជប៉ុន «កំពុងបំផ្លាញនិន្នាការសន្ដិភាពនៅលើឧបទ្វីបកូរ៉េ ដោយដាក់សម្ពាធលើកូរ៉េខាងត្បូង តាមរយៈការរឹតបន្តឹងនេះ»។
KCNA បន្ថែមថា៖ «ការខូចខាតផ្នែកមនុស្ស រាងកាយ និងអារម្មណ៍ដែលជប៉ុនបានបង្កឡើងដល់ប្រជាជនកូរ៉េ មិនអាចសងជំងឺចិត្តបានទេ ទោះជាលះបង់ប្រទេស ជប៉ុន ទាំងមូលក៏ដោយ»៕ AFP/LA