ក្រុងសេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានរាយការណ៍ករណីដំបូងរបស់ខ្លួនអំពីជំងឺប៉េស្ដជ្រូកអាហ្វ្រិក (ASF) ដែលក្លាយជាប្រទេសចុងក្រោយបំផុតដែលរងផលប៉ះពាល់ដោយជំងឺនេះដែលបានសម្លាប់សត្វជ្រូកចាប់ពីប្រទេសចិនដល់ប្រទេសកូរ៉េខាងជើង និងជំរុញឲ្យតម្លៃសាច់ជ្រូកកើនឡើងទូទាំងពិភពលោក។
មន្ដ្រីក្រសួងកសិកម្មរបស់ទីក្រុងសេអ៊ូលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សត្វជ្រូក ៥ ក្បាលបានរកឃើញស្លាប់នៅក្នុងកសិដ្ឋានមួយនៅក្រុងប៉ាជុ (Paju) នៅជិតព្រំដែនអន្តរកូរ៉េដែលត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគ ASF។
មន្ដ្រីរូបនេះបានបន្ថែមថា៖ «ក្នុងចំណុចនេះ វាឆាប់ពេកក្នុងការបញ្ជាក់ថា តើជំងឺនេះបានឆ្លងពីកូរ៉េខាងជើងឬយ៉ាងណា?»។
លោកស្រី Kim Hyun-soo រដ្ឋមន្ដ្រីក្រសួងកសិកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា សត្វជ្រូក ៣ ៩៥០ ក្បាលមកពីកសិដ្ឋាន ៣ នៅទីក្រុងប៉ាជុត្រូវបានសម្លាប់ចោល។
មេរោគនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែបណ្ដាលឲ្យមានជំងឺគ្រុនក្ដៅហូរឈាមលើសត្វជ្រូកដែលជានិច្ចកាលស្ទើរតែបណ្ដាលឲ្យស្លាប់។
មិនមានថ្នាំបន្សាប ឬវ៉ាក់សាំងឡើយ ហើយមធ្យោបាយដែលគេដឹងតែមួយគត់ក្នុងការការពារជំងឺនេះមិនឲ្យរាលដាល គឺសម្លាប់បសុសត្វដែលឆ្លងរោគនេះចោលទាំងអស់។
ករណីឆ្លងដែលត្រូវបានអះអាងក្នុងប្រទេសកូរ៉េខាងត្បូងនេះបានធ្វើឡើងប្រហែល ៣ ខែបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រាប់អង្គការសុខភាពសត្វពិភពលោកថា សត្វជ្រូកជាច្រើនបានស្លាប់ដោយសារតែជំងឺនេះក្នុងកសិដ្ឋានមួយនៅជិតព្រំដែនប្រទេសចិន។ នេះបើតាមក្រសួងកសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង។
កាលពីខែមិថុនា ទីក្រុងសេអ៊ូលបានឲ្យដឹងថា ជំងឺនេះ «ទំនងយ៉ាងខ្លាំង» ថានឹងចូលក្នុងប្រទេសកូរ៉េខាងត្បូងមកពីកូរ៉េខាងជើង និងបានចេញបញ្ជាឲ្យធ្វើរបងនៅតាមកសិដ្ឋាននានា តាមបណ្ដោយព្រំដែនដើម្បីការពារទំនាក់ទំនងដែលអាចធ្វើឡើងរវាងសត្វជ្រូកស្រុក និងសត្វជ្រូកព្រៃ។
នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានកសិដ្ឋានចិញ្ចឹមជ្រូកប្រហែល ៦ ៧០០ កន្លែងហើយការចិញ្ចឹមជ្រូកស្មើនឹង ៤០ ភាគរយនៃការចិញ្ចឹមសត្វសរុប។
កាលពីខែឧសភាអង្គការស្បៀងអាហារ និងកសិកម្មបានឲ្យដឹងថា តម្លៃសាច់ជ្រូកបានកើនឡើងរហូតដល់ ៥០ ភាគរយទាំងក្នុងប្រទេសចិន និងនៅផ្សារហ៊ុនស៊ីកាហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺនេះ៕ LA